ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទ​បន្ទាយក្តី​ ​ត្រូវ​បាន​បញ្ចប់​ការ​ជួសជុល

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរអប្សរាជាតិកាលពីថ្ងៃអង្គារ ខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្តី ត្រូវបានបញ្ចប់ការជួសជុល។

លោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បានឱ្យដឹងថា ការងារជួសជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះត្រូវបានចាប់ផ្តើមតាំងពីឆ្នាំ២០២០ និងបញ្ចប់នៅចុងឆ្នាំ២០២៣។

លោកស្រីបានបន្តថា មានការរុះរើថ្មទាំងអស់ ចាប់ពីគ្រឹះរហូតដល់កំពូលខាងលើ ទើបរៀបចំពង្រឹងគ្រឹះផ្គុំទៅតាមលំនាំដើមវិញ។

ក្រោយបញ្ចប់ការងារជួសជុលជាស្ថាពរ អ្នកជំនាញរំពឹងថា ខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី និងរឹងមាំឡើងវិញ ធានាសុវត្ថិភាពសម្រាប់ទេសចរឆ្លងកាត់ និងចូលមកផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅទីនេះ។ ជាពិសេសបានលើកតម្លៃសំណង់បុរាណ រក្សាស្នាដៃទុកជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ។

យោងតាមប្រភពដដែល ដោយសារកត្តាអាយុកាលនៃសំណង់ ធម្មជាតិ និងមនុស្ស បានធ្វើឱ្យខ្លោងទ្វារខាងលិចរបស់ប្រាសាទបន្ទាយក្តី មុនការងាររុះរើជួសជុលឡើងវិញ មានស្ថានភាពទ្រុឌទ្រោមខ្លំាង។

ប្រាសាទបន្ទាយក្តី ត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី ១២ ដល់ដើមសតវត្សទី ១៣ ក្រោមរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ប្រាសាទបន្ទាយក្តីគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទនៅក្នុងឧទ្យានបុរាណវត្ថុអង្គរ ក្នុងខេត្តសៀមរាប។

ឧទ្យានបុរាណអង្គរ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ១៩៩២ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅកម្ពុជា។

ដកស្រង់ពី៖ ខ្មែរថាមស៍