«​កោះ​ហាន​»ជា​កន្លែង​ទេសចរណ៍​មួយដែល​កំពុង​​លាក់ខ្លួនក្នុង​ខេត្ត​ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតលើដីកោះ ក្នុងឃុំកោះស្នែង ចម្ងាយប្រមាណជា២៤គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។ យើងអាចធ្វើដំណើរឆ្លងតាមស្ពានសេកុងផ្លូវជាតិលេខ៧ នឹងទៅដល់កំពង់ដរចម្លងសហគមន៍ដែលមានអ្នករង់ចាំទទួលនិងនាំផ្លូវទៅដល់ទីកន្លែងកំសាន្តនោះតែម្តង។

ខណៈដែលយើងទៅដល់កំពង់ចម្លងពេលនោះ ក៏ត្រូវជិះទូកឆ្លងកាត់ទន្លេដើម្បីបានទៅដល់កោះ ដែលមានខ្សាច់ពណ៌មាស ដើមឈើប៉ប្រាសទឹក ទឹកទន្លេថ្លាដូចកញ្ចក់យ៉ាងត្រជាក់ផងដែរ ។ ភ្ញៀវទេសចរដែលមានបំណងចង់ទៅកំសាន្តជាលក្ខណៈគ្រួសារ លក្ខណៈជាក្រុម អាចទាក់ទងរកវេលាបម្រើគ្រប់តម្រូវការជាកញ្ចប់ងាយស្រួលបំផុត ។

នៅទីនោះ អ្នកទស្សនាអាចទៅលេងបានដូចជា ជិះទូកមើលព្រៃលិចទឹក សត្វស្លាបទឹកទន្លេមេគង្គ និងឡើងភ្នំ ទស្សនារូបសំណាក់ថ្មពាក់ព័ន្ធរឿងព្រេង (ថ្មកំបោរ) បោះតង់ មើលថ្ងៃលិច ដុតត្រីដោតចង្កាក់ ស្ទូចត្រី បង្ហោះគូម ជិះទូកកៃយ៉ាក់តាមព្រៃលិចទឹកពិសារ អាហារប្រចាំតំបន់ ដែលរៀបចំដោយសហគមន៍ផ្ទាល់ស្នាក់នៅផ្ទះស្នាក់សហគមន៍ និងរៀនសូត្រពីជីវភាពរស់ នៅអ្នកលើកោះ។

សហគមន៍ក៏មានបម្រើសេវាម្ហូបអាហារ សេវាផ្ទះស្នាក់សហគមន៍ សេវាអ្នកនាំភ្ញៀវ សេវាទូកដឹកភ្ញៀវ សេវាបោះតង់លើកោះជិះទូកកៃយ៉ាក់ សេវាសន្តិសុខសណ្ដាប់ធ្នាប់ផងដែរ ។ ប្រសិនបើយើងបោះតង់លើកោះនារាត្រីពេលយប់ដុតភ្នួកភ្លើងដុតត្រីដោតចង្កាក់ ស្តាប់សម្លេងសត្វស្លាប និងភ្លេងរឹមៗកាន់តែមានភាពរីករាយផងដែរ ។

 

ដកស្រង់ចេញពី៖កោះសន្តិភាព