ពាជី​មុខ ជា​អវតារ​មួយ​របស់​ព្រះ​នារាយណ៍

រាជធានីភ្នំពេញ ៖ ពាជីមុខ ឬវាជីមុខ មានន័យថា «មុខសេះ» សំដៅលើសភាវៈមួយមានដងខ្លួនជាមនុស្ស និងមានក្បាលជាសេះ ។ នៅក្នុងបរិបទព្រហ្មញ្ញសាសនា ពាជីមុខ ឬអាចហៅម្យ៉ាងទៀតថា «ព្រះកល្កិន» ជាអវតារមួយចុងក្រោយក្នុងចំណោមអវតារទាំង១០របស់ព្រះនារាយណ៍ (ការបង្ហាញអវតារ នីមួយៗរបស់ព្រះនារាយណ៍តែងភ្ជាប់ជាមួយព្រឹត្តិការណ៍ និងសាច់រឿង នីមួយៗច្បាស់លាស់ទៅតាមគម្ពីរទេវកថា) ។ អវតារអង្គនេះពុំទាន់បង្ហាញខ្លួននៅលើលោកយើងនេះនៅឡើយទេ ទាល់តែដល់ចុងកប្ប ។

បើតាមឯកសារសារមន្ទីរជាតិ លក្ខណៈសម្គាល់របស់បដិមាអង្គនេះ មានដងខ្លួនជាមនុស្ស និងក្បាលជាសេះឈរកាច់ចង្កេះ ។ ភ្នែកបើក និងស្លៀកសំពត់វែង ដល់ជង្គង់ ឆ្នូតចង្កេះទម្លាក់ជា ជាយមកខាងស្តាំ សំពត់នេះមានឆ្លាក់បង្ហាញក្បាច់លម្អចងជាក្បាច់ផ្កាទម្លាក់ដល់កជើង។

ដៃទាំងពីរបាក់បាត់នៅត្រឹមដើមដៃ និងពុំដឹងថាមានកាន់កេតនភណ្ឌអ្វីឡើយ ។ បដិមានេះធ្វើពីថ្មភក់ មានប្រភពមកពីគុកត្រប់ ខេត្តកណ្តាល ។ ទម្រង់មុខ ដងខ្លួនទន់ភ្លន់ ឈរកាច់បន្តិចត្រង់ត្រគាក មើលទៅសមភ្នែកក្រៃលែង ជាលក្ខណៈសម្គាល់រចនាបថភ្នំដា អំឡុងស.វទី៦-៧ នៃសិល្បៈខ្មែរសម័យមុនអង្គរ ។

បដិមានេះបានមកដល់សារមន្ទីរជាតិក្នុងឆ្នាំ១៩២៤ ហើយទើបនឹងបានជួសជុលតភ្ជាប់ប្រអប់ជើង ដែលទើបរកឃើញក្នុងឆ្នាំ២០១៤ ដោយក្រុមការងាររោងជាងថ្ម ។ បច្ចុប្បន្នពាជីមុខ ឬវាជីមុខកំពុងដាក់តាំងបង្ហាញនៅថែវសម័យមុនអង្គរ (ស្ថិតនៅភាគខាងត្បូងនៃអគារសារមន្ទីរជាតិកម្ពុជា) ៕

ដកស្រង់ចេញពី៖កោះសន្តិភាព