អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ថា សន្ទុះភ្ញៀវទេសចរចិនមកកម្ពុជាបានកើនគួរឱ្យកត់សម្គាល់ នៅរដូវចូលឆ្នាំចិន

(ភ្នំពេញ)៖ អ្នកប្រកបរក្នុងវិស័យទេសចរណ៍បានឱ្យដឹងថា កំណើនភ្ញៀវទេសចរចិនមកកម្ពុជា ដែលកក់សេវាដំណើរកម្សាន្ត និងសេវាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន បានកើនឡើងគួរឱ្យកត់សម្គាល់នៅឆ្នាំនេះ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គឺជាពេលវិស្សមកាលរបស់ជនជាតិចិន និងជាពេលវេលា ដែលជនជាតិចិនចេញដើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស។ ប្រទេសមួយចំនួន រួមទាំងកម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរចិន មកកម្សាន្តនៅកម្ពុជាច្រើន ស្របពេលដែលឆ្នាំនេះ កម្ពុជា និងចិនបានរៀបចំព្រឹត្តិការណ៍ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន និងត្រៀមស្វាគមន៍ភ្ញៀវទេសចរចិន មកកម្សាន្តនៅកម្ពុជា។

លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា កំណើនភ្ញៀវទេសចរចិន ដែលកក់ដំណើរកម្សាន្តមកកម្ពុជា នារដូវចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ បានកើនឡើងច្រើន បើធៀបនឹងរដូវកាលឆ្នាំមុន ប៉ុន្តែមិនមានសន្ទុះគំហុកខ្លាំងនោះទេ ដែលលោកកត់សម្គាល់ថា មានកំណើនប្រហែលពី២០% ទៅ៣០%។

លោកបានឱ្យដឹងថា ភាគច្រើនភ្ញៀវទាំងនោះកក់លក្ខណៈដំណើរកម្សាន្តជាកញ្ចប់ ដោយមានការសហការជាមួយនឹងការីទេសចរណ៍ នៅក្នុងស្រុក និងមួយចំនួនទៀតរៀបចំផ្ទាល់ខ្លួន។

ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា លោក អន ហេងសុភ័ក្រ បានប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា ដោយសារកំណើនភ្ញៀវចិនកើនឡើង ធ្វើឱ្យក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន នៅរដូវចូលឆ្នាំប្រពៃណីចិន សុទ្ធតែទទួលបានកក់សេវាកម្ម ពេញៗស្ទើរគ្រប់គ្នា ជាពិសេសចាប់ពីចុងឆ្នាំ២០២៣ ដល់ដើមឆ្នាំ២០២៤នេះ។ លោកបន្តថា «ជារួមរាល់ឆ្នាំ ពេលចូលឆ្នាំចិន គឺជាពេលវេលាមួយ គេហៅថា Hight season ភ្ញៀវក៏កើនឡើងខុសធម្មតាដែរ ព្រោះដោយសារនៅប្រទេសចិន គាត់មានវិស្សមកាលរយៈពេលវែង អីចឹងហើយពួកគាត់ចេញក្រៅច្រើន។

ជារួមទៅយើងឃើញថា ចាប់ផ្តើមពីចុងឆ្នាំទៅ រហូតដល់ដើមឆ្នាំនេះ ភ្ញៀវទេសចរចិនមានការកើនឡើង គ្រាន់តែថាវាមិនច្រើនដូចមុនកូវីដ១៩នោះទេ ដោយសារមុនពេលកូវីដ មានជើងហោះហើរមកច្រើន។ មកទល់បច្ចុប្បន្ននេះ យើងក៏មិនទាន់ដឹងថា ពេលចូលឆ្នាំចិននេះ ភ្ញៀវចិនមកកម្រិតណាដែរ គ្រាន់តែថាសម្រាប់មគ្គុទ្ទេសក៍ទេសចរណ៍នៅសៀមរាប ដែលនៅប្រកបអាជីពដដែល គឺម្នាក់ៗ សឹងតែកក់ពេញអស់ហើយ សឹងតែមិនមានមគ្គុទ្ទេសក៍ទេសចរណ៍ណាទំនេរទេ នៅរយៈពេលចូលឆ្នាំចិននេះទេ»។

លោកបន្ថែមថា សម្រាប់ភ្ញៀវទេសចរចិន ដែលមកកម្សាន្តនៅខេត្តសៀមរាប ពួកគេអាចនឹងស្នាក់នៅខេត្តសៀមរាប ៣ទៅ៤ថ្ងៃ ដោយធ្វើដំណើរកម្សាន្តទៅតាមតំបន់ផ្សេងៗដូចជា តំបន់ប្រាសាទ តំបន់បឹងទន្លេសាប និងឡើងភ្នំគូលែនជាដើម។ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតសាធារណរដ្ឋចិនប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន និងត្រៀមស្វាគមន៍ភ្ញៀវទេសចរចិនមកកម្សាន្តនៅកម្ពុជា។ លោក វណ្ឌី លើកឡើងថា តាមរយៈគោលនយោបាយ ក៏ដូចជាការទាក់ទាញរបស់រាជរដ្ឋាភិបាលកម្ពុជា លោករំពឹងថា នៅឆ្នាំនេះកម្ពុជា នឹងអាចទទួលបានច្រើនភ្ញៀវទេសចរចិនច្រើនជាងឆ្នាំមុន បើទោះបីជាច្រើនដូចប្រទេសជិតខាងក្តី។

យ៉ាងនេះក្តី លោកលើកឡើងថា ដើម្បីទទួលបានភ្ញៀវទេសចរចិនបានច្រើន កម្ពុជាត្រូវធ្វើកិច្ចការជាច្រើនទៀត ទាក់ទងនឹងកិច្ចការកាទូត ការសម្របសម្រួលការផ្សព្វផ្សាយពីគោលដៅ និងទីផ្សាររបស់ចិន ព្រោះព័ត៌មានមួយចំនួនបានបង្អាក់ការធ្វើដំណើររបស់ភ្ញៀវចិនទាំងនោះមកកម្ពុជា ដោយសារការភ័យខ្លាច។ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥.៤លាននាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះដែរ ភ្ញៀវទេសចរចិន ឈរនៅលំដាប់ទី៣ ដែលមានប្រមាណ ៥៤៧,៧៩៨នាក់៕

ដកស្រង់ពី៖Fresh News