គម្រោង​តុក្កតា​យក្ស​ឆ្នាំ​ ២​០​២​៤​ ធ្វើ​នៅ​ថ្ងៃ​ទី ​២​៤​ ​ខែកុម្ភៈ​

គម្រោងតុក្កតាយក្សនៅឆ្នាំ២០២៤នេះ កំពុងរៀបចំបណ្ដើរៗហើយ និងគ្រោងរៀបចំពីធីដង្ហែជាផ្លូវការក្នុងក្រុងសៀមរាបថ្ងៃទី២៤ ខែកុម្ភៈ។

លោក អ៊ុន សាវ៉ាន់ សហប្រធានគម្រោងតុក្តតាយក្សប្រាប់ថា នេះជាឆ្នាំទី១៣ហើយ ដែលក្រុមការងាររបស់លោកសម្រេចរៀបចំកម្មវិធីនេះឡើង ដែលជាព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំ ក្នុងន័យលើកស្ទួយវិស័យវប្បធម៌ សិល្បៈចម្រុះបែប និងជំរុញវិស័យទេសចរណ៍ខេត្តសៀមរាប។

តុក្កតាដែលក្រុមសិល្បករ រួមនិងសិស្សានុសិស្សមកពីអង្គការ សាលារៀនរដ្ឋ និងសាលារៀនឯកជន កំពុងដំឡើងនៅបរិវេណមជ្ឈមណ្ឌលខេមរសិក្សាឆ្នាំនេះមានចំនួន៩រូប។ លោក អ៊ុន សាវ៉ាន់ បញ្ជាក់ថា ប្រធានបទគម្រោងតុក្កតាយក្ស ឆ្នាំនេះផ្តើមលើពពួកសត្វដាយណូស័រ ដែលជាសត្វធ្លាប់មាននៅលើភពផែនដី មុននិងកកើតមនុស្សលោក។ លោកបន្ថែមថា សត្វទាំងនោះមានច្រើនប្រភេទ ខ្លះមានស្លាប ខ្លះមានជើងពីរ ខ្លះជើងបួន និងខ្លះរស់នៅក្នុងទឹក មានទាំងតូចមានទាំងធំ។ ចំណែកទំហំវិញ មានទទឹងពី៣ទៅ៤ម៉ែត្រ និងបណ្ដោយពី៦ទៅជិត២០ម៉ែត្រ។

វត្ថុធាតុដើមដែលក្រុមការងារដំឡើងតុក្កតាយក្សប្រើប្រាស់ រួមមានរពាក់ ដែលទិញពីពលរដ្ឋ រស់នៅ ឃុំអំពិល ស្រុកប្រាសាទបាគង។ ក្រៅពីនោះមានឫស្សី និងក្រដាស មានលាបពណ៌ទៅតាមរូបសត្វ ទាំងអស់។

គម្រោងតុក្កតាយក្សឆ្នាំនេះធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ដែលចាប់ផ្តើមចេញដំណើរពេលល្ងាចនៅមុខ វត្តដំណាក់ ហែតាមផ្លូវស្របមាត់ស្ទឹង បត់ឡើងតាមស្ពានថ្មព្រះរាជដំណាក់ និងឈប់នៅសួនច្បារព្រះរាជដំណាក់ ដើម្បីរៀបចំតាំងបង្ហាញតុក្កតាជូនសាធារណជនបានទស្សនា។ លោក អ៊ុន សាវ៉ាន់ រំពឹងថា សាធារណជន ក៏ដូចជាភ្ញៀវទេសចរនឹងចូលរួមទស្សនា អបអរនៅតាមសងខាងផ្លូវនៃពិធីដង្ហែតុក្កតាយក្សនេះច្រើនកុះករ ដែលជាផ្នែកមួយសំខាន់នៃព្រឹត្តិការណ៍ ដ៏ធំប្រចាំខែកុម្ភៈនេះ៕

ដកស្រង់ពី៖ ខ្មែរថាមស៍