ក្នុង​ឆ្នាំ​២​០​២​៣​ ​កម្ពុជា​រកចំណូល​បាន​ ​៣​ពាន់​លាន​ដុល្លារ​ពី​វិ​ស័យ​ទេសចរណ៍

របាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងកាលពីម្សិលមិញថា កម្ពុជារកចំណូលបានចំនួន ៣,០៣ ពាន់លានដុល្លារពីភ្ញៀវទេសចរក្នុងឆ្នាំ ២០២៣ កើនឡើង ១១៥ ភាគរយពីចំនួន ១,៤១ ពាន់លានដុល្លារដែលបានកត់ត្រាក្នុងឆ្នាំ ២០២២។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័គ បានវាយតម្លៃថា កំណើនទេសចរណ៍គួរឲ្យកត់សម្គាល់គឺបណ្តាលមកពីការថមថយនៃជំងឺរាតត្បាតកូវីដ-១៩ ដែលនេះបានជួយជំរុញកំណើនភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេសនៅកម្ពុជា។

លោកបានប្រាប់កាសែតខ្មែរថាមស៍ថា “ការកើនឡើងនៃចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាបានបង្ហាញពីការងើបឡើងវិញយ៉ាងខ្លាំងនៃឧស្សាហកម្មទេសចរណ៍របស់ប្រទេស បើទោះបីជាកំណើននេះមិនទាន់ឈានដល់កម្រិតមុនពេលមានជំងឺរាតត្បាតក៏ដោយ”។

លោកបានបន្តថា ការរីកលូតលាស់នៃហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់បានជួយសម្រួលដល់ការមកទស្សនារបស់ភ្ញៀវទេសចរកាន់តែច្រើននៅកម្ពុជាដោយលោកបានបន្ថែមថា ក្រសួង និងវិស័យឯកជនកំពុងធ្វើការរួមគ្នាដើម្បីកែលម្អសេវាកម្មទេសចរណ៍ និងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ។

លោកបានលើកឡើងទៀតថា៖ «វិស័យទេសចរណ៍ក៏បានជួយដល់អាជីវកម្មទាក់ទងនឹងទេសចរណ៍ផងដែរ»។

ទន្ទឹមនឹងនេះ របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញកាលពីពេលថ្មីៗនេះថា កម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៥,៤៣ លាននាក់ក្នុងឆ្នាំ២០២៣ ដែលជាការកើនឡើងយ៉ាងខ្លាំងចំនួន ១៣៩,៥ ភាគរយពីចំនួន ២,២៧ លាននាក់ក្នុងឆ្នាំ២០២២។

ប្រទេសថៃឈរនៅលើកំពូលតារាងក្នុងចំណោមភ្ញៀវទេសចរបរទេសដែលមកកម្សាន្តនៅកម្ពុជាមានចំនួន ១,៨២ លាននាក់ បន្ទាប់មកគឺវៀតណាម (១,០១ លាននាក់) ចិន (៥៤៧.៧៨៩) ឡាវ (៣៧២.២៨៥) និងសហរដ្ឋអាមេរិក (១៨៤.៧៨០) ។

វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា បន្ថែមលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កសិកម្ម និងសំណង់ និងអចលនទ្រព្យ។

កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួនបីគឺ ឧទ្យានបុរាណអង្គរនៅខេត្តសៀមរាប ប្រាសាទព្រះវិហារក្នុងខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំ។ ក្រៅពីនេះ កម្ពុជាក៏មានឆ្នេរសមុទ្រដ៏ស្រស់ត្រកាលប្រវែង ៤៥០ គីឡូម៉ែត្រ កាត់តាមខេត្តចំនួន ៤ គឺខេត្តព្រះសីហនុ កំពត កែប និងកោះកុង។

ជាមួយគ្នានេះដែរ មានភ្ញៀវទេសចរណ៍ក្នុងស្រុកជាង១៨ លាននាក់ត្រូវបានកត់ត្រាកាលពីឆ្នាំមុនដែលកើនឡើងពី ១៣,៩ លាននាក់ដែលបានកត់ត្រាក្នុងឆ្នាំ២០២២។

ក្រសួងទេសចរណ៍បានព្យាករណ៍ថា ចំនួនភ្ញៀវអន្តរជាតិមកកម្ពុជានឹងកើនឡើងដល់ ៧ លាននាក់នៅឆ្នាំ ២០២៥ លើសពីចំនួនមុនពេលមានជំងឺកូវីដ-១៩ ដែលមាន ៦,៦ លាននាក់ក្នុងឆ្នាំ ២០១៩។

ដកស្រង់ពី៖ ខ្មែរថាមស៍