ក្រសួង​បរិស្ថាន​ ​គ្រោង​បង្កើត​សហគមន៍​ការពារ​ធនធានធម្មជាតិ​បន្ថែម​ឱ្យ​បាន​១​០​ ​ក្នុង​មួយ​ឆ្នាំៗ

ក្រសួងបរិស្ថាន គ្រោងបង្កើតសហគមន៍ការពារធនធានធម្មជាតិ បន្ថែមឱ្យបានយ៉ាងតិចចំនួន១០ ក្នុងឆ្នាំ២០២៤ និងក្នុងឆ្នាំបន្តបន្ទាប់ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រជាសហគមន៍ និងចូលរួមទប់ស្កាត់បទល្មើសព្រៃឈើនៅតាមមូលដ្ឋាន។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ខ្មែរថាមស៍ថា ក្នុងឆ្នាំ២០២៤ ក្រសួងមានគោលដៅបង្កើតសហគមន៍ការពារធនធានធម្មជាតិ បន្ថែមឱ្យលើសពី១៩៣ សហគមន៍ក្នុងឆ្នាំ២០២៤ និងក្នុងឆ្នាំបន្តបន្ទាប់។

លោកបន្ថែមថា ក្នុងឆ្នាំនេះក្រសួងមានគោលដៅបង្កើតឱ្យបានប្រមាណ ១០សហគមន៍ និងប្រមាណ១០ផ្សេងទៀតនៅឆ្នាំបន្ទាប់។

អ្នកនាំពាក្យបញ្ជាក់ថា៖ «ក្នុងទិសដៅបន្តក្រសួងពង្រឹង និងពង្រីកសហគមន៍ទេសចរណ៍ ដើម្បីប្រែក្លាយសហគមន៍ធម្មតាទៅជាសហគមន៍ទេសចរណ៍ ដែលជាតំបន់ស្អាត និងជាសហគមន៍ដែលមានសក្ដានុពលទេសចរណ៍នៅកម្ពុជា»។

លោក ខ្វៃ អាទិត្យា បន្តថា ដើម្បីសម្រេចបានសហគមន៍បៃតង មានសោភ័ណភាពស្អាត គឺរៀបចំកន្លែងដែលមានអនាម័យឆ្ពោះទៅថែរក្សាអភិរក្សធនធានធម្មជាតិ និងរៀបចំម្ហូបអាហារក្នុងសហគមន៍ឱ្យមានតម្លៃសមរម្យ ដែលមានទំនុកចិត្តពីភ្ញៀវជាតិ អន្តរជាតិ ក្នុងការមកលេងកម្សាន្តក្នុងសហគមន៍បៃតង។

លោកបន្ថែមថា ក្រសួងក៏បានជំរុញសហគមន៍ឱ្យដាំដើមឈើផងដែរ។ ក្នុងនោះសម្រាប់យុទ្ធនាការស្តីពី ការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំជូនប្រជាពលរដ្ឋ ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០ គឺរហូតពេលនេះ ក្រសួងមានកូនឈើជាង៧០ម៉ឺនដើមក្នុងដៃ។

លោកបញ្ជាក់ថា គិតចាប់ពីថ្ងៃ ១០ តុលា ២០២៣ ដល់ថ្ងៃទី១០ កុម្ភៈ ២០២៤ ក្រសួងបរិស្ថានបានចែកកូនឈើគ្រប់ប្រភេទចំនួន ២០០,៥៦២ដើម រួចជាស្រេចដល់ប្រជាពលរដ្ឋ ដើម្បីដាំស្តារព្រៃរិចរឹល ដាំនៅតាមមូលដ្ឋាន តាមសហគមន៍ ដាំនៅតាមសាលារៀន និងដាំនៅតាមវត្តអារាម។

លោក ប៊ូ វរសក្យ នាយកកម្មវិធីអង្គការជីវិតធម្មជាតិនៅកម្ពុជា ប្រាប់ខ្មែរថាមស៍ កាលពីម្សិលមិញថា ចំពោះការបង្កើតសហគមន៍ការពារធនធានធម្មជាតិនេះ គឺជារឿងល្អ និងសំខាន់សម្រាប់ថែរក្សាធនធានធម្មជាតិ ព្រោះតំបន់ធនធានធម្មជាតិនីមួយៗត្រូវការចូលរួមការពារពីសហគមន៍នៅតាមមូលដ្ឋាន។

លោកបន្តថា ការបង្កើតឱ្យមានសហគមន៍ គឺជាការផ្ដល់ឱកាសមួយដល់ប្រជាសហគមន៍នៅតាមមូលដ្ឋាន ដើម្បីមានភាពម្ចាស់ការចូលរួមការពារ អភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិក្នុងតំបន់។

លោកបន្ថែមថា ក្រសួងបង្កើតសហគមន៍បន្ថែម គឺជារឿងចាំបាច់ ព្រោះនៅពេលមន្ត្រីឧទ្យានុរក្សមិនទាន់មានកម្លាំងគ្រប់គ្រាន់ គឺមានតែប្រជាសហគមន៍ដែលទាញប្រយោជន៍ពីធនធានធម្មជាតិត្រូវចូលរួមថែរក្សាឱ្យមាននិរន្តរភាព ដូច្នេះយន្តការនេះជួយឱ្យសហគមន៍បានចូលរួមការពារ អភិរក្ស និងគ្រប់គ្រងតំបន់ដែលពួកគេប្រើប្រាស់។

លោក ប៊ូ វរសក្យ បញ្ជាក់ថា៖ «បច្ចុប្បន្នរដ្ឋាភិបាល ក៏ដូចក្រសួង បានយកចិត្តទុកដាក់ និងប្រឹងប្រែងលើការងារអភិរក្សតំបន់ធនធានធម្មជាតិ ប៉ុន្តែយើងក៏ស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវចូលរួមការពារទាំងអស់គ្នា គឺចូលរួមទាំងសហគមន៍ ទាំងក្រសួង ទាំងអ្នកពាក់ព័ន្ធក្នុងតំបន់ធនធានធម្មជាតិហ្នឹង»។

នាយកកម្មវិធីអង្គការជីវិតធម្មជាតិកម្ពុជា បន្ថែមថា បើតួអង្គសំខាន់ៗដែលប្រើប្រាស់ធនធានធម្មជាតិ មិនបានចូលរួមការពារ ឬចូលរួមគ្រប់គ្រង ឬក៏មិនសហការជាមួយភាគីពាក់ព័ន្ធទេ នោះការអភិរក្ស និងការពារតំបន់ធនធានធម្មជាតិនៅតែគ្មានប្រសិទ្ធភាព និងគ្មាននិរន្តរភាព។

លោក ស៊ុន ពៅ បណ្តាញសហគមន៍ព្រៃព្រះរកាក្នុងខេត្តព្រះវិហារ ធ្លាប់ឱ្យដឹងថា ដើម្បីការពារធនធានធម្មជាតិឱ្យបានគង់វង្ស ក្រៅពីបង្កើតសហគមន៍ការពារធនធានធម្មជាតិ និងតំបន់ការពារធនធានធម្មជាតិផ្សេងៗ ក្រសួងនិងភាគីពាក់ព័ន្ធគួរតែបើកចំហឱ្យបានទូលំទូលាយដល់សាធារណជន ជាពិសេសសម្រាប់អ្នកស្រឡាញ់ធនធានធម្មជាតិ ដើម្បីចូលរួមគ្រប់សកម្មភាពថែរក្សាការពារព្រៃឈើ និងអភិរក្សសត្វព្រៃផងដែរ។

ក្នុងពិធីប្រកាសដាក់ឱ្យប្រើ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សហគមន៍មូលដ្ឋានឆ្នាំ២០២៤-២០២៨ កាលពីខែមករា លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាក់ថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មានតួនាទីស្នូលយ៉ាងសំខាន់ ដើម្បីរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ រៀបចំបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការសម្របសម្រួលគម្រោងអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ។

លោកបន្ថែមថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក៏មានតួនាទីស្នូលក្នុងការកៀរគរដៃគូទាំងស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីសហការគាំទ្រ ធ្វើកិច្ចអន្តរាគមន៍ ដោះស្រាយ និងឆ្លើយតបរាល់កង្វល់ផ្សេងៗរបស់សហគមន៍មូលដ្ឋាន។

លោកថា អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក៏មានភារកិច្ចលើកកម្ពស់សហគ្រិនភាព និងការវិនិយោគនានា ជាមួយសហគមន៍តំបន់ការពារធម្មជាតិលើវិស័យកសិកម្ម ការកែច្នៃអនុផលព្រៃឈើ និងការផ្តល់សេវាទេសចរណ៍ធម្មជាតិ ដើម្បីឱ្យមានគុណភាព និងប្រសិទ្ធភាព៕

ដកស្រង់ពី៖ ខ្មែរថាមស៍