ខេត្ត​សៀមរាប​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើនជាង​៥​ពាន់​នាក់​ជា​រៀងរាល់ថ្ងៃ​

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបនាពេលថ្មីៗនេះបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបមានការកើនឡើងគួរឱ្យកត់សម្គាល់សម្រាប់ដើមឆ្នាំ២០២៤ ដោយខេត្តនេះទទួលភ្ញៀវទេសចរពី ៤០០០ ទៅ ៥០០០ នាក់ជារៀងរាល់ថ្ងៃពេញមួយខែមករា។

ក្នុងខែមករា ខេត្តនេះទទួលបានភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណ ១២៤.០០០-១៥៥.០០០នាក់។

ដើមខែនៃឆ្នាំនេះក៏មានភ្ញៀវទេសចរប្រមាណ ១១៥.៥៣២ នាក់បានទិញសំបុត្រចូលទស្សនាឧទ្យានអង្គរវត្តដូចដែលបានរាយការណ៍ដោយគ្រឹះស្ថានអង្គរដែលមានភារកិច្ចគ្រប់គ្រងការលក់សំបុត្រនៅឧទ្យានអង្គរ និងភូមិបណ្តែតទឹកនៅខេត្តសៀមរាប និងប្រាសាទកោះកេរក្នុងខេត្តព្រះវិហារ។

ប្រាក់ចំណូលពីការលក់សំបុត្រទទួលបានរហូតដល់ ៥,៥ លានដុល្លារ ពោលគឺកើនឡើង ៤៩.២ ភាគរយពីការលក់សំបុត្រនៅក្នុងខែមករា ឆ្នាំ២០២៣ ។

ក្រៅពីប្រាក់ចំណូលដែលទទួលបានពីការលក់សំបុត្រចូលទស្សនាឧទ្យានអង្គរ ខេត្តនេះក៏រកចំណូលបាន ៤៣.៤១០ដុល្លារពីការលក់សំបុត្រនៅតំបន់ប្រាសាទកោះកេរ និង១០១.៨៥៤ដុល្លារពីការល់សំបុត្រចូលទៅទស្សនាភួមិនេសារចុងឃ្នៀស។

សន្ទុះនៃការមកកម្សាន្តនៅខេត្តសៀមរាបក្នុងខែមករាក៏បានបន្តរហូតមកដល់បច្ចុប្បន្ន ដែលក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ខេត្តនេះទទួលបានភ្ញៀវទេសចរជាង ១១០,០០០ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ១៨,០៧៧ នាក់។

កាលពីខែមករាឆ្នាំ២០១៩ មុនពេលមានការរឹតបន្តឹងការធ្វើដំណើរក្នុងអំឡុងពេលជំងឺរាតត្បាតCovid-19 គ្រឹះស្ថានអង្គររកចំណូលបាន ១២.៣៨ លានដុល្លារពីការលក់សំបុត្រចំនួន២៧១,០៥០ពីការចូលកម្សាន្តតាមប្រាសាទ។

ទោះជាយ៉ាងណាក៏ដោយ ការកើនឡើងនៃភ្ញៀវទេសចរជាតិ និងអន្តរជាតិមកខេត្តសៀមរាបឆ្នាំនេះ ត្រូវបានអាជីវករទូទាំងខេត្តស្វាគមន៍ និងសម្តែងការពេញចិត្ត។

ណឹម អ៊ុនតាក់អ្នកជំនួញរស់នៅក្នុងខេត្តសៀមរាប និងនិស្សិតបញ្ចប់ការសិក្សាផ្នែកទេសចរណ៍បានប្រាប់ខ្មែរថាមស៍ថា លំហូរចូលនៃភ្ញៀវនាពេលថ្មីៗនេះពេញមួយខែមករា និងកុម្ភៈ គឺជាដំណឹងល្អសម្រាប់អាជីវកម្មទេសចរណ៍នៅក្នុងខេត្ត ពីព្រោះក្នុងឆ្នាំ២០២៣ មិនមានភ្ញៀវទេសចរច្រើននោះទេ។”

គាត់បាននិយាយថា ក្រុងសៀមរាបបានទទួលស្វាគមន៍ភ្ញៀវទេសចរលោកខាងលិច និងក្នុងស្រុកកាលពីខែមុន រួមទាំងក្រុមទេសចរណ៍អន្តរជាតិធំៗមួយចំនួន និងអ្នកទេសចរអាស៊ីផងដែរ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គាត់ក៏បានឃើញប្រជាពលរដ្ឋខ្មែររាប់ពាន់គ្រួសារបានធ្វើដំណើរមកពីតំបន់ផ្សេងៗនៃប្រទេស មកកម្សាន្តនៅក្រុងសៀមរាប ឬនៅតាមប្រាសាទនានា។ គាត់ក៏បានកត់សម្គាល់ផងដែរនូវការកើនឡើងគួរឱ្យកត់សម្គាល់នៃភ្ញៀវទេសចរចិននៅទូទាំងក្រុងសៀមរាបក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន។

ទាក់ទងនឹងការលើកទឹកចិត្តភ្ញៀវអន្តរជាតិអោយមកកម្សាន្តនៅខេត្តសៀមរាបកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ គាត់បានកត់សម្គាល់ថា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មីគឺជាការទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ជើងហោះហើរត្រង់ដែលមានតម្លៃសមរម្យតភ្ជាប់ខេត្តសៀមរាបទៅ គោលដៅទេសចរណ៍ផ្សេងទៀតនៅទូទាំងអាស៊ីអាចជាការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ប្រទេសកម្ពុជាក្នុងរយៈពេលខ្លីខាងមុខ។

គាត់បានបន្ថែមថា ការបង្កើនទីផ្សារអន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការលើកទឹកចិត្តឱ្យមានការយល់ដឹងកាន់តែច្រើនអំពីខេត្តសៀមរាបនៅទូទាំងពិភពលោក និងស្ដារឡើងវិញនូវចំនួនភ្ញៀវទេសចរអោយបានច្រើនដូចឆ្នាំ២០១៩។

គាត់បានបន្ថែមទៀតថា “យុទ្ធសាស្ត្រទីផ្សាររបស់រដ្ឋាភិបាល រួមជាមួយនឹងភាគីពាក់ព័ន្ធដូចជា វិស័យទេសចរណ៍ វិស័យឯកជន និងអ្នកស្រុកខេត្តសៀមរាប មានសារៈសំខាន់ណាស់ក្នុងការនាំយកភ្ញៀវទេសចរមកកាន់តែច្រើនឡើង”។

លោកបានសន្និដ្ឋានថា “ដរាបណាពួកគេដឹងថាទីក្រុងនេះពិសេសកម្រិតណារួមទាំងមានមធ្យោបាយហោះហើរមកទីនេះ គ្មានអ្វីដែលអាចរារាំងដល់កំណើនសេដ្ឋកិច្ចទេសចរណ៍ខេត្តសៀមរាបនាពេលអនាគតនោះបានទេ”។

ដកស្រង់ពី៖ ខ្មែរថាមស៍