​កូនសត្វ​ផ្សោត​ទើប​កើត​ថ្មី​ទី​២​ត្រូវ​បាន​ប្រទះឃើញ​ក្នុង​ឆ្នាំ​២​០​២​៤

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា កូនសត្វផ្សោតទើបនឹងកើតមួយក្បាលទៀត ត្រូវបានប្រទះឃើញនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលនាំឱ្យចំនួនកូនសត្វផ្សោតទើបនឹងកើតកើនឡើងដល់ ២ ក្បាល រហូតមកទល់នឹងពេលនេះ។

កូនសត្វផ្សោតនេះត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF នៅអន្លង់កាំពី ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

កូនផ្សោតនេះស្ថិតនៅក្នុងហ្វូងសត្វផ្សោត៧ក្បាលផ្សេងទៀត ដែលនេះគឺជាកូនផ្សោតទី២ កើតនៅដើមឆ្នាំ២០២៤ ។

កូនសត្វផ្សោតទី១ត្រូវបានប្រទះឃើញកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៤។

សត្វផ្សោតទន្លេមេគង្គ ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) នៃប្រភេទសត្វដែលរងការគំរាមកំហែងតាំងពីឆ្នាំ ២០០៤។

តាមការប៉ាន់ស្មានសត្វផ្សោតអ៊ីរ៉ាវ៉ាឌីប្រមាណ៩០ក្បាលកំពុងរស់នៅតាមបណ្តោយទន្លេមេគង្គដែលមានប្រវែង១៨០គីឡូម៉ែត្រក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ៕

ដកស្រង់ពី៖ ខ្មែរថាមស៍