​អាជ្ញាធរ​ជាតិ​អប្សរា​ ​និង​រដ្ឋបាល​ព្រៃឈើ​រៀបចំ​កែ​លម្អ​ស្ថានីយ​បណ្តុះ​កូនឈើ​ស្ពាន​អង្គរ

អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើ កំពុងរៀបចំកែលម្អស្ថានីយបណ្ដុះកូនឈើស្ពានអង្គរ ដើម្បីប្រែក្លាយទៅជាស្ថានីយបណ្ដុះកូនឈើដ៏ធំនៅតំបន់អង្គរ។

តាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា គម្រោងនេះធ្វើឡើងដើម្បីអភិរក្ស និងបង្កើនពូជរុក្ខជាតិកម្រ ដែលកំពុងប្រឈមនឹងការបាត់បង់ ក្នុងគោលបំណងចែក ជូនក្រសួង/ស្ថាប័ន និងសាធារណជនយកទៅដាំនៅសៀមរាប-អង្គរ និងតាមបណ្តាខេត្តផ្សេងៗ ទៀតទូទាំងប្រទេសដោយឥតបង់ថ្លៃ។

គម្រោងនេះដែរ ក៏ធ្វើការលើការរៀបចំប្លង់និងផែនការមេ ការលើកកម្ពស់ទេសភាពវប្បធម៌ ដោយរុះរើសំណង់មិនរៀបរយចេញ រៀបចំថ្នាលបណ្តុះកូនឈើ ជួសជុលរហាត់ទឹក ឱ្យដំណើរការឡើងវិញ កែលម្អសោភ័ណភាព អនាម័យ បរិស្ថាន និងសម្បទាចាំបាច់សម្រាប់គាំទ្រ ដល់ការដាក់ឱ្យដំណើរការស្ថានីយនេះទាំងមូលនាពេលឆាប់ៗខាងមុខ៕

ដកស្រង់ពី៖ ខ្មែរថាមស៍