ក្រុម​ការងារ​ជួសជុល​បាន​បង្ហាញ​នូវ​ទឹក​ចិត្តរីករាយ​ ​បន្ទាប់ពី​បាន​បញ្ចប់​ការ​ជួសជុល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​តា​ព្រហ្ម​កិល​

ប្រាសាទតាព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណសម័យអង្គរធ្លាប់តែរងការខូចខាតធ្ងន់ធ្ងរជាយូរមកហើយ។ ពេលនេះ បានវិលត្រឡប់មករកស្ថានភាពរឹងមាំ និងមានរូបរាងស្ទើរតែពេញលេញដូចកាលពីសម័យដើមឡើងវិញហើយ ហើយក្រុមការងារជួសជុលបានបង្ហាញនូវទឹកចិត្តរីករាយ បន្ទាប់ពីបានបញ្ចប់ការជួសជុលប្រាង្គកណ្តាល។

សេង ស៊ន់ អាយុ៦៩ឆ្នាំ រស់នៅភូមិតាត្រៃ ឃុំព្រះដាក់ស្រុកបន្ទាយស្រី ជាកម្មករជួសជុលនៅប្រាសាទតាព្រហ្មកិល បានឱ្យដឹងថា ស្ថានភាពប្រាសាទតាព្រហ្មកិលកាលពីមុនពេលជួសជុល មានការធ្លាក់ថ្ម ប្រាសាទមិនមានលំនឹងព្រមទាំងមានសភាពទ្រុឌទ្រោមខ្លាំង ដោយមានការទល់ទ្រស្ទើរតែគ្រប់កន្លែង។

គាត់បានចូលរួមជួសជុលប្រាសាទតាព្រហ្មកិលនេះ ដោយមានតួនាទីជាអ្នកដាប់ឆ្លាក់ទាំងថ្មភក់ និងថ្មបាយក្រៀមបានបង្ហាញក្តីរំភើបថា រូបលោកមិនខ្ចិលឡើយ ចំពោះការងារជួសជុលប្រាសាទ។ គាត់ចូលចិត្ត ដោយមិននឿយហត់ ហើយមួយថ្ងៃៗចង់តែមក និងនៅតែចង់ធ្វើការងារជួសជុលប្រាសាទបុរាណ។ ប្រសិនបើគាត់នៅតែមានសុខភាពល្អ គាត់នឹងនៅតែមកចូលរួមធ្វើការងារជួសជុលប្រាសាទបុរាណបន្តទៀត។

ឡៃ ឡន អាយុ៦០ឆ្នាំ អ្នកភូមិវាល ឃុំគោកចក ក្រុងសៀមរាប ជាអ្នកដាប់ឆ្លាក់ថ្មនៅការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិលម្នាក់ទៀត បាននិយាយថា គាត់ពិតជាសប្បាយចិត្តដែលបានចូលរួមជួសជុលប្រាសាទបុរាណរបស់ដូនតាខ្មែរ ដោយយល់ថា ការជួសជុលឡើងវិញនេះ នឹងធ្វើឱ្យប្រាសាទរ មានសភាពរឹងមាំបន្តទៀត ដើម្បីបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ និងស្គាល់។ ថ្វីត្បិតតែការងារជួសជុលអភិរក្ស និងថែរក្សាប្រាសាទបុរាណ ឱ្យបានរឹងមាំគង់នៅយូរអង្វែងបន្តទៅទៀត គឺជាតួនាទីនិងកាតព្វកិច្ចរបស់អាជ្ញាធរជាតិអប្សរា ប៉ុន្តែក៏ត្រូវការប្រជាពលរដ្ឋជាច្រើនចូលរួមនៅក្នុងការងារជាច្រើនផ្នែកដែរ។

លោកតា សេង ស៊ន់ និងលោក ឡៃ ឡន សំណូមពរដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ សូមជួយចូលរួមថែរក្សា អភិរក្សប្រាសាទបុរាណរបស់ដូនតាខ្មែរ តាមគ្រប់រូបភាព ចៀសវាងការប្រើសកម្មភាពណាមួយមិនសមរម្យចំពោះប្រាង្គប្រាសាទ នាំឱ្យខូចខាតដល់ថ្មប្រាសាទ និងធ្វើឱ្យបាត់បង់តម្លៃរបស់សម្បត្តិបេតិកភណ្ឌដែលមិនអាចកាត់ថ្លៃបាននេះ។

ដកស្រង់ពី៖ ខ្មែរថាមស៍