ឧទ្យាន​ជាតិ​បូកគោ៖​ ធ្វើ​ពិធី​បុណ្យផ្កា​រស្មី​សាមគ្គី​ដើម្បី​កសាង​ព្រះ​ពុទ្ធប្បដិមា​កម្ពស់​ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០អង្គ

ពិធីបុណ្យផ្ការស្មីសាមគ្គីដ៏ធំមួយនឹងធ្វើឡើងនៅលើខ្នងភ្នំបូកគោ ខេត្តកំពត ដែលរៀបចំឡើងដោយអ្នកឧកញ៉ា សុខ គង់ និងពុទ្ធបរិស័ទជិតឆ្ងាយ ក្នុង-ក្រៅប្រទេសបានមូលមតិគ្នាជាឯកច្ឆន្ទផ្ដើមធ្វើបុណ្យនេះឡើងដើម្បីកសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ម៉ែត្រ និងព្រះពុទ្ធប្បដិមាអង្គតូចចំនួន ៨៤,០០០ អង្គ។ បុណ្យផ្ការស្មីសាមគ្គីជាតិនេះ នឹងប្រារព្ធធ្វើរយៈពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៤។

ថ្ងៃទី១ ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយនៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ ស្ថិតនៅតំបន់វាលស្រែ៥០០ លើខ្នងភ្នំបូកគោ។ នៅពេលរាត្រី ក្រុមសិល្បៈល្ខោនបាសាក់អប្សរាសម្តែងជូនទស្សនាទល់ភ្លឺនៅមុខសណ្ឋាគារឋានសួគ៌ សុខា។

ថ្ងៃទី២ ពេលព្រឹក ប្រគេនយាគូ និងចង្ហាន់ពេលព្រឹកដល់ព្រះសង្ឃ ហើយនៅពេលរសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើបទនមស្ការព្រះរតនត្រ័យ។ ឈានដល់ពេលរាត្រីក្រុមសិល្បៈល្ខោនបាសាក់សម្តែងជូនទស្សនាទល់ភ្លឺ។ និងថ្ងៃទី៣ ព្រឹកប្រគេនយាគូ និងចង្ហាន់ពេលព្រឹកដល់ព្រះសង្ឃ និងមានពិធីរាប់បាត្រព្រះសង្ឃ ១,០០០ អង្គ ក្រោមព្រះអធិបតីភាព សម្តេចព្រះពោធិវ័ង្ស អំ លីមហេង ស្ថិតនៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ តំបន់វាលស្រែ៥០០ លើខ្នងភ្នំបូកគោ។

ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានជិតឆ្ងាយចូលរួមដោយក្ដីសោមនស្សរីករាយ និងជួយឧបត្ថមគាំទ្រ ចាប់មគ្គផល និងអនុមោទនាទទួលយកផលានិសង្សតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។

ដើម្បីបានចូលរួមចំណែកជ្រះថ្លាក្នុងការកសាងព្រះពុទ្ធប្បដិមាកម្ពស់១០៨ម៉ែត្រនេះពុទ្ធបរិស័ទអាចមានឱកាសចាប់យកកុសលផលបុណ្យចូលរួមភ្ជាប់និស្ស័យកសាងព្រះពុទ្ធអង្គធំនេះដោយសទ្ធាជ្រះថ្លា ជាពិសេសពុទ្ធបរិស័ទទាំងអស់អាចចាប់មគ្គផលកុសលផលបុណ្យជាវព្រះអង្គតូចៗដែលមានទំហំ កម្ពស់ ០.៣១ម៉ែត្រ ,បណ្តោយ ០.២៥ម៉ែត្រ និង ទទឹង ០.១៦៥ម៉ែត្រ មាន ៤ថ្នាក់៩ជាន់ ហើយអាចចារឹកឈ្មោះផ្ទាល់ខ្លួន , ឈ្មោះអ្នកមានគុណ ,លោកតាលោកយាយ ដើម្បីទទួលបានកុសលផលបុណ្យផងដែរ ហើយដំកល់ទុកនៅក្នុងខឿនក្រោមព្រះអង្គធំ ទុកជាប្រវត្តិសាស្រ្តយូរអង្វែងតគ្រប់ជំនាន់ដល់កូនចៅជំនាន់ក្រោយបានគោរពជាទីសក្ការ:៕

ដកស្រង់ពី៖sabay News