ប្រទេសកម្ពុជាបានចេញរបាយការណ៍ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរចិនមកទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះបើយោងតាមរបាយការណ៍របស់សហគ្រាសអង្គរដែលគ្រប់គ្រងដោយរដ្ឋនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។
របាយការណ៍បានឱ្យដឹងថា ភ្ញៀវទេសចរចិន ចំនួន ២២,០៩៥ នាក់ បានមកទស្សនាប្រាសាទអង្គរវត្ត ក្នុងអំឡុងពេលខែមករា ដល់ខែមីនា ឆ្នាំ២០២៤ កើនឡើង ៩២ ភាគរយ ពី ១១,៤៩៨ នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍បានបន្ថែមថា ចិនគឺជាប្រភពភ្ញៀវទេសចរអន្តរជាតិដ៏ធំបំផុតទី៦ ដែលមកទស្សនាប្រាសាទអង្គរវត្ត បន្ទាប់ពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង បារាំង អង់គ្លេស និងអាល្លឺម៉ង់។
យោងតាមរបាយការណ៍ ភ្ញៀវបរទេសសរុបចំនួន ៣៤៧,៥៣៤ នាក់ មកពី ១៨២ ប្រទេស និងតំបន់ បានមកទស្សនាប្រាសាទអង្គរវត្តក្នុងត្រីមាសទី១ នៃឆ្នាំនេះ កើនឡើង ៤៧ភាគរយ ពី ២៣៦,៣៤១ នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក តុប សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កម្ពុជាចង់ឃើញភ្ញៀវទេសចរចិនកាន់តែច្រើន ជាពិសេសមកទស្សនាអង្គរ ដោយថាវត្តមានរបស់ពួកគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។
លោកជឿជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលវិនិយោគដោយចិន ដែលបានបើកដំណើរការពាណិជ្ជកម្មជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើន ជាពិសេសពីប្រទេសចិនមកកាន់អង្គរ។
លោក តុប សុភ័គ ក៏សង្ឃឹមផងដែរថា ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ឆ្នាំ២០២៤ ដែលបានចាប់ផ្តើមក្នុងខែមករា នឹងក្លាយជាមេដែកទាក់ទាញភ្ញៀវទេសចរចិន មកកាន់ប្រទេសកម្ពុជា។
ឧទ្យានបុរាណអង្គរទំហំ ៤០១ គីឡូម៉ែត្រការ៉េ ស្ថិតនៅភូមិភាគពាយ័ព្យនៃខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ក្នុងឆ្នាំ ១៩៩២ គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រាសាទអង្គរវត្ត ជារមណីដ្ឋានបុរាណ ដែលមានប្រាសាទ ចំនួន ៩១ និងត្រូវបានសាងសង់ឡើង ពីសតវត្សទី៩ ដល់សតវត្សទី១៣៕
ដកស្រង់ពី៖ ខ្មែរថាមស៍