(ខេត្តព្រះសីហនុ)៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ នៅខេត្តព្រះសីហនុ បានប្រព្រឹត្តទៅយ៉ាងរលូន និងជោគជ័យនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នេះ ដោយមានអត្តពលិកជាង ១,៥០០នាក់មកពី ៣៥ប្រទេសចូលរួម ក្រោមវត្តមានលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
ទន្ទឹមជាមួយភាពជោគជ័យខាងលើ ថ្នាក់ដឹកនាំ NOCC បានពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំឲ្យមានព្រឹត្តិការណ៍ម៉ារ៉ាតុង (រត់ចម្ងាយ ៤២គីឡូម៉ែត្រ) បន្ថែមទៀតនៅខេត្តព្រះសីហនុ ដោយផ្អែកលើអំណោយផលនៃកត្ដាភូមិសាស្ដ្រ ស្ថានភាពផ្លូវរត់ដ៏ស្រស់ស្អាតតាមឆ្នេរ ការរក្សាបាននូវសន្ដិសុខសណ្ដាប់ធ្នាប់ល្អ ពិសេសសំណូមពររបស់អ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងមួយចំនួន ដែលចង់ឲ្យមានព្រឹត្តិការណ៍ម៉ារ៉ាតុងនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ លោក វ៉ាត់ ចំរើន បានថ្លែងថា NOCC បានទទួល ស.ជ.ណ របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុង។
ជាក់ស្ដែងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងប្រចាំឆ្នាំ នៅខេត្តព្រះសីហនុ បន្ទាប់ពីខកខានរៀបចំ ៣ឆ្នាំ អំឡុងវិបត្តិកូវីដ-១៩ នេះគឺជាឆ្នាំទី២ នៃការរៀបចំឡើងវិញ ហើយទទួលបាននូវសញ្ញាណដ៏ល្អ ចំពោះកំណើនអ្នកចូលរួមច្រើនជាងមុន ទាំងភ្ញៀវជាតិ និងអន្ដរជាតិ ក្រោមកិច្ចសហការយ៉ាងល្អរបស់ថ្នាក់ដឹកនាំខេត្ត និងភាគីពាក់ព័ន្ធ។ លោកបានចាត់ទុកការរៀបចំឆ្នាំនេះ គឺជាការតេស្ដសាកល្បងមួយ សម្រាប់ដំណើរឆ្ពោះទៅរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនាពេលឆាប់ៗ ដ្បិតអ្នករត់ម៉ារ៉ាតុងក្រៅប្រទេសភាគច្រើន ចង់រត់ម៉ារ៉ាតុងច្រើនជាងរត់ពាក់កណ្ដាលម៉ារ៉ាតុង។ ចំពោះតម្រាយផ្លូវតាមបណ្ដោយឆ្នេរ ខេត្តព្រះសីហនុ គឺល្អ ស្របតាមស្ដង់ដារលក្ខណៈបច្ចេកទេសស្រាប់ ដោយរត់ពីឆ្នេរអូឈើទាល រហូតដល់ឆ្នេររាម ហើយត្រឡប់មកវិញ មានចម្ងាយ ៤២គីឡូម៉ែត្រតែម្ដង។ «អ្វីដែលសំខាន់ គឺសុវត្ថិភាពនៃការរត់របស់កីឡាករ-កីឡាការិនី។ ពួកគាត់សប្បាយចិត្ត ដែលការរត់បិទផ្លូវបានល្អ សុវត្ថិភាពខ្ពស់ និងគ្មានផលរំខាន។ យើងបានចុះបញ្ជីរត់ពាក់កណ្ដាលម៉ារ៉ាតុងខេត្តព្រះសីហនុ ទៅអង្គការរត់ប្រណាំងពិភពលោក ហើយមានជំនាញការងារចុះមកវាស់វែងផ្លូវរួចហើយ ហើយឆ្នាំក្រោយយើងឲ្យគាត់វាស់វែងផ្លូវ ៤២គីឡូម៉ែត្រម្ដង បើសិនយើងទទួលបានការចុះឈ្មោះពីក្រៅប្រទេសពី ១០០នាក់ឡើងទៅ យើងនឹងរៀបចំម៉ារ៉ាតុងឆ្នាំក្រោយតែម្ដង»។
លោក វ៉ាត់ ចំរើន បន្ថែម។ ឆ្លៀតឱកាសនោះ លោក គួច ចំរើន បានថ្លែងអំណរគុណថ្នាក់ដឹកនាំ NOCC ដែលតែងសហការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងរៀងរាល់ឆ្នាំ ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់មុខមាត់ សុវត្ថិភាព និងទាក់ទាញភ្ញៀវទេសចរ តាមរយៈការផ្ដិតយករូបភាពជាច្រើន ពីខេត្តព្រះសីហនុពីព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ។ លើសពីនេះ ថែមទាំងបានរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋប្រកបរបរទទួលទាននានាទៀតផង។ ដោយមើលឃើញពីគុណប្រយោជន៍នៃព្រឹត្តិការណ៍នេះ ក្នុងនាមអាជ្ញាធរខេត្ត លោកបានសម្ដែងនូវការតាំងចិត្តយ៉ាងមុតមាំ និងបន្ដនូវកិច្ចសហការពេញទំហឹងជាមួយ NOCC ដើម្បីជំរុញការរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងឲ្យកាន់តែល្អប្រសើរ ទាក់ទាញ និងគាំទ្រឲ្យមានការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងផងដែរ ដ្បិតផ្លូវរត់តាមបណ្ដោយឆ្នេរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលរៀបចំវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ អមដោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតលើពិភពលោកថែមទៀត៕
ដកស្រង់ពី៖Fresh News