ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងធ្វើអោយកំណើនភ្ញៀវទេសចរកាន់តែមានចំនួនច្រើនឡើង

ខណៈដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់នៅចុងសប្តាហ៍នេះ មន្ត្រីនិងអ្នកជំនាញក្នុងវិស័យទេសចរណ៍សង្ឃឹមថា ការធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យជាតិនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតាមគោលដៅសំខាន់ៗទូទាំងប្រទេស។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បាននិយាយ ទិសដៅទេសចរណ៍សំខាន់ៗ ដូចជាខេត្តសៀមរាប ខេត្តជាប់មាត់សមុទ្រ និងតំបន់ខ្ពង់រាប រួមមានតំបន់ទេសចរណ៍ធម្មជាតិ នឹងទទួលបានភ្ញៀវទេសចរច្រើនក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

អ្នកស្រីបានប្រាប់កាសែតខ្មែរថាមស៍ថា អាកាសធាតុក្តៅក្នុងខែមេសា នឹងជំរុញឱ្យភ្ញៀវទេសចរកាន់តែច្រើនទៅលេងខេត្តជាប់មាត់សមុទ្រក្នុងអំឡុងពេលថ្ងៃឈប់សម្រាកខាងមុខនេះ ដោយសារពួកគេចូលចិត្តតំបន់ទេសចរណ៍ដែលព័ទ្ធជុំវិញទៅដោយប្រភពទឹក។

អ្នកស្រីបានបន្តថា៖ «ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រជាជនចូលចិត្តធ្វើដំណើកម្សាន្តទៅតំបន់ទេសចរណ៍ដោយសារការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធល្អ ប្រាក់ចំណូលមានការកើនឡើង និងសំបូទៅដោយតំបន់ទេសចរណ៍ទាក់ទាញ»។

អ្នកស្រីបានគូសបញ្ជាក់ថា៖ «ការធ្វើដំណើររបស់ប្រជាជនក្នុងអំឡុងពេលបុណ្យចូលឆ្នាំនឹងចូលរួមចំណែកដល់វិស័យទេសចរណ៍ក្នុងស្រុក លើកកម្ពស់អាជីវកម្មតាមសហគមន៍ ព្រោះពេលធ្វើដំណើរពួកគេត្រូវការសេវាដូចជាមធ្យោបាយធ្វើដំណើរ ការស្នាក់នៅ អាហារ និងសេវាកម្មផ្សេងទៀត»។

បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ ត្រូវនឹងថ្ងៃទី ១៣-១៦ ខែមេសា។

ដើម្បីស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្ត ក្រុង បានតុបតែងលម្អដោយទង់ជាតិ ផ្កា ផ្ទាំងបដា គោមផ្កាយ ភ្លឿងលំអរតាមដងផ្លូវ ដោយនាំមកនូវភាពរីករាយដល់ប្រជាជនក្នុងស្រុក។

ក្នុងឱកាសនេះ អាជីវកម្ម និងស្ថាប័នរដ្ឋបានអនុញ្ញាតអោយមន្ត្រី ប្រជាពលរដ្ឋ សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុនឯកជន និងកម្មករកាត់ដេរ ចូលរួមអបអរសាទរពិធីបុណ្យប្រពៃណី និងសប្បាយរីករាយក្នុងថ្ងៃសម្រាករបស់ពួកគេ។

សង្ក្រាន្តដែលកាលពីឆ្នាំមុនបានប្រារព្ធធ្វើនៅខេត្តសៀមរាប នឹងធ្វើឡើងនៅតាមបណ្តាខេត្ត ក្រុងទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ ខេត្តកំពតបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលការកើនឡើងនៃលំហូរភ្ញៀវទេសចរនៅក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបាននិយាយថា “ជាមួយនឹងផលិតផលទេសចរណ៍ថ្មីៗត្រូវបានបង្កើតឡើង រមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញជាច្រើន និងការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធល្អ ខេត្តកំពតបានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរបរទេស”។

ចំពោះការស្វាគមន៍ភ្ញៀវទេសចរបរទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានស្នើឲ្យក្រសួងទេសចរណ៍រៀបចំការសម្តែងរបាំប្រពៃណី ឆៃយ៉ាំ ដើម្បីស្វាគមន៍ភ្ញៀវទេសចរបរទេសនៅព្រលានយន្តហោះ។

កម្ពុជាត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈតំបន់បេតិកភណ្ឌវប្បធម៌ពិភពលោកដូចជា ឧទ្យានបុរាណអង្គរ ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ និងតំបន់បុរាណវិទ្យាសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ៕

ដកស្រង់ពី៖ ខ្មែរថាមស៍