ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ចាប់ផ្តើមហោះហើរឡើងវិញ នាំអ្នកដំណើរចម្រុះជាតិសាសន៍ជិត ១៨០នាក់មកកាន់កម្ពុជា

(ភ្នំពេញ)៖ ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំអ្នកដំណើរចម្រុះជាតិសាសន៍ប្រមាណជិត១៨០នាក់ ពីទីក្រុងឌួបៃ មកភ្នំពេញ បន្ទាប់ពីក្រុមហ៊ុននេះ បានសម្រេចចិត្តតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ។

ជើងហោះហើរលេខ EK348 ដោយយន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី ១ ខែឧសភា នាវេលាម៉ោង៤ និង៣៥នាទី ត្រូវបានស្វាគមន៍ដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងមានការសម្តែងរបាំប្រពៃណីខ្មែរ និងចែកជូនក្រម៉ា ដល់អ្នកដំណើរផងដែរ។ លោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់ និងអ្នកគ្រប់គ្រងប្រចាំ ប្រទេសរបស់ក្រុមហ៊ុន Emirates បានអត្ថាធិប្បាយលើប្រតិបត្តិការឡើងវិញរបស់ Emirates មកកាន់ទីក្រុងភ្នំពេញថា «បេតិកភណ្ឌវប្បធម៌ដ៏សំបូរបែប និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជាធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅទាក់ ទាញសម្រាប់ការធ្វើដំណើរកម្សាន្ត និងអាជីវកម្ម។

យើងពិតជារំភើបរីករាយណាស់សម្រាប់ផ្លូវហោះហើរដ៏ល្អនេះ ដើម្បីផ្សារភ្ជាប់ម្ដងទៀតនូវបណ្តាញហោះហើរនៅតំបន់ចុងបូព៌ាដ៏ធំទូលាយរបស់យើងដែលមានស្រាប់»។ លោកបន្តថា តាមរយៈសេវាកម្មភ្ជាប់រវាង ប្រទេសសិង្ហបុរី និងភ្នំពេញ នឹងអាចគាំទ្រសកម្មភាពពាណិជ្ជកម្ម និងពាណិជ្ជកម្មរវាងមជ្ឈមណ្ឌលក្នុងតំបន់ទាំងពីរ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញនាំចូល និងនាំចេញដ៏ងាយស្រួលរវាងសិង្ហបុរី កម្ពុជា និងសហព័ន្ធអារ៉ាប់រួម ក៏ដូចជាទីផ្សារផ្សេងទៀតនៅក្នុងបណ្ដាញសកលរបស់យើង។ លោកបានបន្តមានប្រសាសន៍ថា «យើងសូមថ្លែងអំណរគុណដល់បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអាជ្ញាធរមូលដ្ឋានក្នុងប្រទេសកម្ពុជាសម្រាប់ការគាំទ្ររបស់ពួកគេក្នុងការសម្រួល ដល់ការវិលត្រឡប់នៃប្រតិបត្តិការរបស់យើងមកកាន់ទីក្រុងភ្នំពេញ ហើយទន្ទឹងរង់ចាំក្នុងការផ្ដល់ជូននូវបទពិសោធន៍ ទេសចរណ៍លំដាប់ពិភពលោកសម្រាប់អតិថិជន និងការជំរុញភ្ញៀវទេសចរកាន់តែច្រើនទៅកាន់ប្រទេសសិង្ហបុរី និង ប្រទេសកម្ពុជា»។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា ការចាប់ផ្ដើមជើងហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates មកកាន់កម្ពុជា នៅថ្ងៃនេះ គឺបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តបង្កើនឱ្យមានភាពងាយស្រួល និងលទ្ធភាពប្រើប្រាស់កាន់តែច្រើនបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ អាជីវកម្ម និង ភ្ញៀវទេសចរ ទាំងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ។

លោកបន្ថែមថា «ស្របពេលយើងទាំងអស់គ្នាកំពុងធ្វើដំណើរឈានទៅមុខ នៅក្នុងវិស័យអាកាសចរណ៍ ស៊ីវិល ខ្ញុំសូមអំពាវនាវឱ្យមានការរួបរួមគ្នាបំពេញការងារ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងផាសុកភាពនៃអ្នកធ្វើដំណើតាមផ្លូវអាកាស ចេញនិងចូលកម្ពុជា ព្រមទាំងទទួលបទពិសោធន៍ថ្មីៗ នៃសេវាកម្មលំដាប់ផ្កាយប្រាំរបស់ក្រុមហ៊ុនអាកាសចរណ៏ Emirates នាថ្ងៃនេះផងដែរ»។ លោកបន្ថែមថា សង្ឃឹមថានឹងមានការតភា្ជប់ ជើងហោះហើរត្រង់ ហើយចំនួនជើងហោះហើរនឹងកាន់តែមានច្រើនបន្ថែមទៀតមកកាន់កម្ពុជា ពីគ្រប់តំបន់ ដែលនឹងនាំមកនូវការរួមចំណែកជាវិជ្ជមានដល់ការរីកចម្រើនរបស់កម្ពុជា ក្រោមម្លប់សុខសន្តិភាពពេញលេញ នាពេលនេះ និងទៅថ្ងៃអនាគត៕

ដកស្រង់ពី៖Fresh News