នាយករដ្ឋមន្ត្រី​ជំរុញ​ឱ្យ​ព​ន្លឿ​ន​ការអភិវឌ្ឍ​ចំណត​ផែ​ជំហាន​ទី២ និង​ទី៣ និង​ពន្យល់​ពីកំពង់ផែ​ទេសចរណ៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យពន្លឿនការអភិវឌ្ឍចំណតផែជំហានទី២ និងទី៣ ឱ្យបានឆាប់រហ័សតាមផែនការគ្រោងទុក ជៀសវាងការពន្យាពេល ដើម្បីមានសមត្ថភាពអាចផ្ទុកទំនិញពីនាវាធុនធំ ជាពិសេសទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេសក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

ក្នុងឱកាសសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីម្សិលមិញ លោក ហ៊ុន ម៉ាណែត បានណែនាំឱ្យជំរុញការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីផ្តល់ជូនជម្រើសយ៉ាងប្រសើរ សម្រាប់ការបង្កើនប្រសិទ្ធភាពតភ្ជាប់កម្ពុជាទៅកាន់ពិភពលោក។

លោក ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សន្ទុះនៃការអភិវឌ្ឍរីកចម្រើននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ដែលត្រូវបានរាជរដ្ឋាភិបាលកំណត់គោលដៅអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ទាក់ទាញ និងស្រូបយកការវិនិយោគពីបរទេស។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែតបន្ថែមថា គ្រប់សមត្ថកិច្ច ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់នៅទីនេះ បន្តបង្កើនកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានជិតស្និទ្ធ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ផងដែរ។

ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញមកពន្យល់ករណីកំពង់ផែទេសចរណ៍ខេត្តកំពត ដែលរងការរិះគន់ថា សាងសង់រួចហើយ តែមិនអាចប្រើប្រាស់បានដោយសារតែទឹករាក់ មិនអាចឱ្យនាវាចេញចូលបាន។

លោកថា «មានអ្នកខ្លះគេឆ្ងល់ថាធ្វើផែហើយច្រើន ម៉េចមិនដើរ បន្តិចទៀតក្រសួងសាធារណការ នឹងចេញពន្យល់ឱ្យច្បាស់ព្រោះផែមួយៗ មិនមែនធ្វើមកដោយចៃដន្យទេ ដូចជាផែ ADB (ផែនទេសចរណ៍នៅខេត្តកំពត) ដែលមានការសិក្សាពី ADB យើងត្រូវធ្វើឱ្យវាដើរ។

ហើយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នជំនាញសូមចេញពន្យល់ ព្រោះមិនមែននាយករដ្ឋមន្ត្រីកាន់មេក្រូត្រូវពន្យល់ទេ ខាងបច្ចេកទេសត្រូវចេញពន្យល់។ ថ្ងៃមុនឃើញពីណានោះ ចេញសារមក វាយរឿងនេះ ហើយគេស៊ែររាប់លាននាក់ អីចឹងចាំបាច់ត្រូវក្រសួងក្តាប់ឱ្យជាប់ចេញពន្យល់ភ្លាម ដើម្បីឱ្យប្រជាជនដឹងកុំថារដ្ឋយើងមកធ្វើអត់ទទួលខុសត្រូវចេះតែយកលុយមកចាយ អត់ទេដើម្បីផលប្រយោជន៍យើងត្រូវចេញពន្យល់»។

លោក ហ៊ុន ម៉ាណែត បន្ថែមទៀតថា៖ «ប្រជាពលរដ្ឋភាគច្រើនគាត់អត់ដឹង បើគាត់ឮតែគេនិយាយម្ខាង ហើយយើងស្ងាត់គាត់គិតថាពិត អីចឹងត្រូវចេញពន្យល់ ឯកឧត្តម ស៊ុន ចាន់ថុល គាត់ដឹងរឿងនេះ ព្រោះគាត់ធ្លាប់កាន់ពីមុន ហើយសហការជាមួយឯកឧត្តម ប៉េង ពោធិ៍នា ត្រូវចេញពន្យល់រឿងផែទេសចរណ៍កំពតនេះ»។

កំពង់ផែទេសចរណ៍ខេត្តកំពត ត្រូវបានសាងសង់ឡើងក្រោមកម្ចីថវិកា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាង ១៨លានដុល្លារអាមេរិក។ ដំណើរការសាងសង់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

កំពង់ផែបម្រើផ្នែកទេសចរណ៍នេះ ស្ថិតនៅជាប់នឹងដងព្រែក ដែលជាដៃសមុទ្រ ស្ថិតក្នុងស្រុកទឹកឈូ ចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ពីក្រុងកំពត។ កំពង់ផែទេសចរណ៍សមុទ្រនេះ សាងសង់ឡើងលើដីទំហំជាង ៤ហិកតា បានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៨ ហើយបញ្ចប់ការសាងសង់ទាំងស្រុង នៅថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២២៕

ដកស្រង់ពី៖ ខ្មែរថាមស៍