បដិមា​បុរាណ​ជាង១០០បំណែក​រក​ឃើញ​នៅ​តាព្រហ្ម

ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានជីកដីធ្វើកំណាយរកឃើញបំណកព្រះពុទ្ធបដិមាធ្វើពីថ្មភក់ជាង១០០ដុំនៅបរិវេណរបស់ប្រាសាទតាព្រហ្ម ខណៈអ្នកជំនាញបុរាណវិទ្យាយល់ថា បំណែកព្រះពុទ្ធបដិមាដែលកប់ក្នុងដីកើតឡើងដោយសារតែជម្លោះសាសនាកាលពីសម័យបុរាណ។

អាជ្ញាធរជាតិអប្សរាកាលពីថ្ងៃអង្គារបានបញ្ចេញរូបថតជាច្រើនសន្លឹក ដែលបង្ហាញពីរបកគំហើញដ៏វិសេសវិសាលដែលបានរកឃើញនៅតំបន់ភាគខាងត្បូងប្រាសាទតាព្រហ្មក្នុងជម្រៅត្រឹមតែដប់ប្រាំសង់ទីម៉ែត្រប៉ុណ្ណោះ។

បំណែកបដិមាទាំងនោះ រួមមានរូបព្រះពុទ្ធគង់ភ្នែនប្រក់នាគ រូបលោកកេស្វរៈ រូបព្រះពុទ្ធគង់ភ្នែនប្រក់នាគសមាធិ រូបប្រាជ្ញាបារមិតា រូបព្រះកេសព្រះពុទ្ធប្រក់នាគមួយកំណាត់ បំណែកដាច់ត្រឹមក និងបំណែកដៃជើងជាដើម។

លោកស្រី នេត ស៊ីមន បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ក្រុមការងារបានសម្អាតគំនរដីនៅខាងត្បូងប្រាសាទតាព្រហ្ម ដើម្បីសម្រង់បំណែកថ្មដែលរាយប៉ាយ ព្រមទាំងថតរូប និងចុះបញ្ជីចូលក្នុងប្លង់រួមរបស់ប្រាសាទ ដោយសារតែនៅទីនោះមានថ្មរាយប៉ាយច្រើន។

លោកស្រីថា ពេលកំពុងសម្អាត ក្រុមការងារបានប្រទះឃើញបំណែកបដិមាជាច្រើនកប់ដីនៅទីនោះក្នុងជម្រៅពី១០ទៅ១៥សង់ទីម៉ែត្រ ហើយពេលប្រទះឃើញកាន់តែច្រើន ក៏សម្រេចស្នើសុំថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើកំណាយនិងស្រាវជ្រាវរកនៅក្រោមដីបន្ថែមទៀត។

លោកស្រីបាននិយាយថា៖ «នៅពេលជីកកាយដីជ្រៅបន្តិច ក៏ប្រទះឃើញបំណែករូបបដិមាកាន់តែច្រើន សរុបប្រហែលជាង១០០បំណែក»។

តាមអាជ្ញាធរជាតិអប្សរា រហូតមកដល់ពេលនេះក្រុមការងារមិនទាន់ដឹងច្បាស់នៅឡើយទេ ថាតើនៅក្នុងជម្រៅចុះក្រោមអាចនៅតែមានបដិមាដែរឬក៏យ៉ាងណា។ បច្ចុប្បន្នក្រុមការងារកំពុងតែប្រមូលយកបំណែកព្រះពុទ្ធបដិមា ដើម្បីគូរប្លង់ ចុះលេខរៀង ព្រមទាំងវាស់វែងទំហំខ្នាតជាបណ្តោះអាសន្ន។

ក្រុមអ្នកជំនាញបុរាណវិទ្យាបានសន្និដ្ឋានថា បំណែកព្រះពុទ្ធបដិមាដែលគេប្រទះឃើញទាំងនោះ គឺស្ថិតក្នុងរចនាបថបាយ័ន។ បំណែកព្រះពុទ្ធបដិមាខ្លះមានកម្ពស់ប្រហែលកន្លះម៉ែត្រ និងទំហំពី ៤០ ទៅ ៥០សង់ទីម៉ែត្រ។

លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងថា ព្រះពុទ្ធបដិមាដែលក្រុមការងារជំនាញរកឃើញនោះស្ថិតនៅក្នុងចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ស្ថិតក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី។

ព្រះអង្គ ជាព្រះរាជាគោរពពុទ្ធសាសនាមហាយាន និងគោរពបូជាព្រះពោធិសត្វអវលោគិតិស្វរៈ។

តាមប្រវត្តិសាស្ត្រ ដ្បិតព្រះបាទជ័យវរ្ម័នទី៧គោរពពុទ្ធសាសនា ប៉ុន្តែព្រះអង្គក៏បានជួយផ្គត់ផ្គង់ថែរក្សាការពារព្រហ្មញ្ញសាសនា។ ក្នុងរជ្ជកាលរបស់ព្រះរាជាអង្គនេះ គឺបានកសាងប្រាសាទជាច្រើន ដូចជាប្រាសាទបន្ទាយក្ដី ប្រាសាទព្រះខ័ន ប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយឆ្មារ និងជាពិសេសប្រាសាទបាយ័ន ដែលជាប្រាសាទសាសនាដ៏ធំមួយសម្រាប់តំណាងព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសានា។

លោក គឹម សុធិន បាននិយាយថា ព្រហ្មញ្ញសាសានាកាលនោះមានអាយុប្រមាណជា៣០០ឆ្នាំ ហើយព្រះបាទជ័យវ័រ្មនទី៧ចូលមកផ្លាស់ប្ដូរទៅជាព្រះពុទ្ធសាសនាមហាយានភ្លាមៗធ្វើឱ្យក្រុមអ្នកកាន់ព្រហ្មញ្ញសាសនាខឹមសម្បារ។

ហើយប្រហែលក្រោយពីព្រះបាទជ័យវ័រ្មនទី៧យាងសោយទីវង្គត ក្រុមអ្នកគោរពព្រហ្មញ្ញបាននាំគ្នាបំផ្លិចបំផ្លាញព្រះពុទ្ធបដិមាចោល។ នេះបង្ហាញពី “ជម្លោះសាសនា”។

លោកជឿថា៖ «ប្រហែលជាពួកគេនាំគ្នាជីករណ្ដៅដីកប់ព្រះពុទ្ធបដិមាទាំងនោះ ហើយមនុស្សដែលមិនដឹងបានដើរទៅដើរមកលើព្រះពុទ្ធបដិមាទាំងនោះទៀត»៕

ដកស្រង់ពី៖ ខ្មែរថាមស៍