ជួសជុល​រានហាល​ ​និង​បង្កាន់ដៃ​នាគ​ប៉ែក​ខាងកើត​ប្រាសាទ​បន្ទាយ​សំ​រ៉ែ

អាជ្ញាធរជាតិអប្សរាតាមរយៈក្រុមបុរាណការងារជំនាញ កំពុងចាប់ផ្ដើមជួសជុលរានហាល និងបង្កាន់ដៃនាគ នៅប៉ែកខាងកើតនៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ។

តាមអាជ្ញាធរជាតិអប្សរា គម្រោងជួសជុលនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយនិងស្ថាប័នGIZ នៃប្រទេសអាល្លឺម៉ង់។ អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី ឱ្យដឹងថា បច្ចុប្បន្នរានហាល នៅប៉ែកខាងកើត នៃជ្រុងខាងលិចឆៀងខាងជើងរបស់ប្រាសាទបន្ទាយសំរ៉ែ ចាំបាច់ត្រូវពង្រឹងគ្រឹះ និងរចនាសម្ពន្ធឱ្យរឹងមាំឡើងវិញ ពីព្រោះគ្រឹះរបស់រានហាលនេះ កន្លែងខ្លះទ្រុឌទ្រោមខ្លាំង កន្លែងខ្លះប្រេះបែកថ្មធ្វើឱ្យរចនាសម្ពន្ធមិនរឹងមាំ។

ចំណែកឯបង្កាន់ដៃនាគនៅផ្នែកខាងលើរបស់រានហាលវិញ លោក ឡុង ណារី ថាក្រុមអ្នកបច្ចេកទេសកំពុងជួសជុលឡើងវិញទៅតាមអ្វីដែលអាចធ្វើទៅបាន។

លោក ឡុង ណារី មានបញ្ជាក់ទៀតថា បច្ចុប្បន្នក្រុមការងារបានរើថ្ម បង្កាន់ដៃនាគខ្លះ ដែលបានរលំ និងផ្ទាំងថ្មខ្លះ បានក្រៀកញែកចេញពីគ្នារួចហើយ ព្យាយាមរុញចូលគ្នាឡើងវិញ។ ក្នុងការជួសជុលបង្កាន់ដៃនាគនេះដែរ គឺបានប្រើកាវប្រភេទFiber Glass ដើម្បីបិទភ្ជាប់ថ្ម ដែលបែកឡើងវិញ ព្រមទាំងប្រើសរសៃដែកថែប ដើម្បីតភ្ជាប់តំណថ្ម និងជួយទ្រទម្ងន់ថ្មខ្លះផង។ ចំពោះបង្កាន់ដៃចាស់ខ្លះ ដែលបែករកបំណែកមិនឃើញ គឺក្រុមការងារបានប្រើថ្មថ្មីមកបិទបំពេញ ចំណែកកន្លែងខ្លះដែលបាត់ថ្ម គឺត្រូវយកថ្មថ្មីមកឆ្លាក់ហើយដាក់ជំនួស៕

ដកស្រង់ពី៖ ខ្មែរថាមស៍