ការ​ផ្តល់​ការ​គាំទ្រ​ដល់​សហគមន៍​ទេសចរណ៍​កោះ​ព្រហ្មចារី​ ​ជាមួយនឹង​ការ​បំពាក់​ឧបករណ៍​ថាមពល​ពន្លឺព្រះអាទិត្យ​សម្រាប់​អនាគត​ប្រកបដោយ​ចីរភាព

ប្រព័ន្ធសូឡានៅលើដំបូលថ្មី និងឧបករណ៍ប្រើប្រាស់សំខាន់ៗដូចជាកង្ហារ អំពូលភ្លើង និងទូទឹកកក កំពុងផ្លាស់ប្តូរមុខមាត់ថ្មីទៅដល់សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះព្រហ្មចារី។

យោងតាមអង្គការ World-Wide Fund ការធ្វើឱ្យប្រសើរឡើងនេះតាមរយៈការផ្តល់នូវថាមពលអគ្គិសនីកកើតឡើងវិញ ដែលនឹងរួមចំណែកទៅដល់ការបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរ និងការពង្រីកវិសាលភាពការងាររបស់សហគមន៍ ក៏ដូចជាជំរុញដល់កំណើនសេវាកម្មទេសចរណ៍ព្រមទាំងបង្កើនប្រាក់ចំណូលក្នុងសហគមន៍ ខណៈដែលកិច្ចការទាំងនេះនឹងជួយគាំទ្រដល់សហគមន៍កាន់តែប្រសើរ។

តាមរយៈការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ មានន័យថា សហគមន៍បានចូលរួមក្នុងសកម្មភាពលើកកម្ពស់និរន្តរភាព និងកាត់បន្ថយផលប៉ះពាល់បរិស្ថានស្របទៅនឹងគោលការណ៍អេកូទេសចរណ៍ និងជួយដល់ការអភិរក្សជីវចម្រុះផងដែរ។

សហគមន៍អេកូទេសចរណ៍ កោះព្រហ្មចារី ពិតជាមានមោទនណាស់ដែលបានក្លាយជាសហគមន៍ទីបីដែលទទួលបាននូវការជួយគាំទ្រពីគម្រោង Cool & Solar ដែលកំពុងអនុវត្តដោយអង្គការ WWF-កម្ពុជា។ សម្រាប់ពេលខាងមុខនេះ សហគមន៍នឹងទទួលបានការបណ្តុះបណ្តាលស្តីពីប្រតិបត្តិការ និងការថែទាំប្រព័ន្ធសូឡាព្រះអាទិត្យ ដែលធានានូវនិរន្តរភាពរយៈពេលវែង និងផ្តល់ការគាំពារដល់សហគមន៍ជាមួយនឹងជំនាញថ្មីៗសម្រាប់អនាគតប្រកបដោយនិរន្តរភាព។ 

ដកស្រង់ពី៖ ខ្មែរថាមស៍