​ការ​ជួលផ្ទះ​ស្នាក់​នៅ​តាម​បែប​គ្រួសារ​របស់​អ្នកទេសចរ​នាំមក​នូវ​ការផ្លាស់ប្តូរ​វប្បធម៌​ដល់​វិ​ស័​យ​ទេសចរណ៍​នៅ​កម្ពុជា​

ទីផ្សារជួលផ្ទះស្នាក់នៅតាមបែបគ្រួសារ (homestay) របស់អ្នកទេសចនៅកម្ពុជាកំពុងវិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយនៅឆ្នាំ២០២៤ វាត្រូវបានគេរំពឹងថានឹងកើនឡើងលើសពីប្រាក់ចំណូលចំនួន ៥៩,៣ លានដុល្លារ។

ក្នុងរយៈពេល៤ ឆ្នាំខាងមុខ ទីផ្សារអាចឡើងដល់ ៨១,៣៤ លានដុល្លារ។ នេះមានន័យថាកំណើននឹងកើនឡើង ៨,២២ ភាគរយក្នុងរយៈពេល៤ឆ្នាំខាងមុខ។ ឧស្សាហកម្មនេះក៏កំពុងបង្កើតការងារថ្មីៗជាច្រើនសម្រាប់យុវជនកម្ពុជាផងដែរ។ សរុបមក ទីផ្សារជួលផ្ទះស្នាក់នៅរបស់អ្នកទេសចរនៅកម្ពុជាមានសក្តានុពលក្នុងការជួយដល់គោលដៅទេសចរណ៍របស់ប្រទេស រួមមានការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ៧ លាននាក់នៅឆ្នាំ ២០២៥ លើសពីកម្រិតមុនកូវីដ-១៩ ចំនួន ៦,៦ លាននាក់ក្នុងឆ្នាំ ២០១៩។ ខ្មែរថាមស៍ នឹងពន្យល់ពីនិន្នាការថ្មីក្នុងវិស័យទេសចរណ៍នៅកម្ពុជា ភ្ញៀវទេសចរណ៍កំពុងវិលមកកម្ពុជាវិញ បន្ទាប់ពីជំងឺកូវីដ-១៩ បានស្រាកស្រាន្ត។

ហើយពួកគេភាគច្រើនមើលឃើញថាប្រទេសកម្ពុជាជាកន្លែងសម្រាកលំហែកាយដ៏ល្អ ហើយគំរូដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនក៏បានលេចចេញអំពីទំនោរថ្មីរបស់ភ្ញៀវទេសចរនៅក្នុងប្រទេសកម្ពុជាផងដែរ។ ពួកគេចង់ស្វែងយល់អំពីវប្បធម៌ខ្មែរ ហើយពួកគេគេជាច្រើនបានបង្ហាញពីការចូលចិត្តស្នាក់នៅផ្ទះតាមផ្ទះបែបគ្រួសារ ដែលពួកគេអាចភ្លក់អាហារ និងចូលរួមសកម្មភាពវប្បធម៌ក្នុងស្រុក។

ការស្នាក់នៅតាមផ្ទះ និងវីឡាឯកជនក៏កំពុងកើនឡើងកាន់តែខ្លាំងឡើងផងដែរ ខណៈដែលចំនួនសណ្ឋាគារធ្លាក់ចុះ បើនិយាយពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ឬថវិការមានកម្រិត។

ទីផ្សារស្នាក់នៅតាមផ្ទះនៅកម្ពុជាកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ហើយនៅឆ្នាំ ២០២៤ ទីផ្សារនេះត្រូវបានគេរំពឹងថានឹងកើនឡើងលើសពីប្រាក់ចំណូលចំនួន ៥៩,៣ លានដុល្លារ នេះបើយោងតាមគេហទំព័រស្រាវជ្រាវទីផ្សារ Statista ។ ក្នុងរយៈពេល៤ ឆ្នាំខាងមុខ ទីផ្សារអាចឡើងដល់ ៨១,៣៤ លានដុល្លារ។ នេះមានន័យថាអត្រាកំណើនមាន ៨,២២ ភាគរយក្នុងរយៈពេល៤ឆ្នាំខាងមុខ។

បទពិសោធន៍របស់កម្ពុជា

យោងតាមអ្នកជំនាញទីផ្សារទេសចរណ៍ អ្នកដំណើរបង្ហាញពីចំណង់ចំណូលចិត្តកាន់តែខ្លាំងសម្រាប់ការស្នាក់តាមផ្ទះនៅក្នុងស្រុក និងសម្បូរបែបដែលអនុញ្ញាតឱ្យពួកគេស្វែងយល់ពីវប្បធម៌ និងរបៀបរស់នៅរបស់អ្នកស្រុក ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានលើកឡើងថា “កម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ តាមរយៈការបង្កើតផ្ទះសំណាក់”។ ផ្ទះសំណាក់ទាំងនេះមិនត្រឹមតែជួយគ្រួសារឱ្យរកប្រាក់បានកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញទិន្នផលសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។ នៅពេលដែលប្រាក់ចំណូលកើនឡើង វានឹងធ្វើឱ្យប្រព័ន្ធដឹកជញ្ជូន ការថែទាំសុខភាព និងការអប់រំកាន់តែប្រសើរឡើង លើកកម្ពស់កម្រិតជីវភាពរស់នៅ ដែលគាំទ្រដល់និរន្តរភាពយូរអង្វែង។

ជាមួយនឹងការលេចចេញនូវផ្ទះសំណាក់កាន់តែច្រើនឡើង ប្រជាជននៅតំបន់ជនបទអាចបង្កើនចំណូល ដូចជាក្លាយជាមគ្គុទ្ទេសទេសចរណ៍ ការបើកភោជនីយដ្ឋានអាហារក្នុងស្រុក ឬបើកហាងតូចៗជាដើម។ ប៉ុន្តែវាមានសារៈសំខាន់ណាស់ក្នុងការបណ្តុះបណ្តាលប្រជាជននៅតាមជនបទឱ្យបង្កើតផ្ទះសំណាក់ដែលទទួលបានជោគជ័យសម្រាប់ឱកាសការងារកាន់តែច្រើន។

រដ្ឋាភិបាលកម្ពុជា និងក្រុមការងារទេសចរណ៍កំពុងរៀបចំកម្មវិធីដើម្បីបង្រៀនជំនាញបដិសណ្ឋារកិច្ចក្នុងស្រុក សេវាកម្មអតិថិជន អនាម័យ ដែលវគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ឱកាសការងារកាន់តែច្រើន។

យោងតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា ផ្ទះសំណាក់ទាំងអាចត្រូវការបុគ្គលិកដើម្បីជួយធ្វើម្ហូប ការសម្អាត និងសេវាកម្មភ្ញៀវផ្សេងទៀត។ តួនាទីទាំងនេះអាចផ្តល់ឱកាសការងារសម្រាប់អ្នកស្រុកដែលមានជំនាញផ្នែកបដិសណ្ឋារកិច្ច ឬអ្នកដែលចង់ទទួលបានបទពិសោធន៍ក្នុងឧស្សាហកម្មទេសចរណ៍។

មគ្គុទ្ទេសក៍ក្នុងស្រុកអាចដឹកនាំភ្ញៀវទេសចរណ៍ទៅកាន់តំបន់ជុំវិញនោះ ដោយផ្តល់នូវការយល់ដឹងអំពីវប្បធម៌ក្នុងតំបន់ ប្រវត្តិសាស្រ្ត និងការទាក់ទាញធម្មជាតិ។ នេះអាចបង្កើតការងារសម្រាប់បុគ្គលដែលមានចំណេះដឹងស៊ីជម្រៅអំពីតំបន់។ ជារួម វិស័យផ្ទះសំណាក់នៅកម្ពុជាមានសក្តានុពលមិនត្រឹមតែជួយដល់គោលដៅទេសចរណ៍របស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារ និងអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋានផងដែរ។

លោក Emmanuelle Mace Driskill អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Luxury Business Group (LBG) Cambodia បាននិយាយថា អនាគតដោយផ្អែកលើមតិកែលម្អទីផ្សារ គឺជាភាពងាយស្រួលនៃសាលាវិជ្ជាជីវៈទេសចរណ៍សម្រាប់យុវជន ដើម្បីលើកកម្ពស់ជំនាញរបស់ពួកគេ។ “ប៉ុន្តែនេះគឺជាបញ្ហាកើតឡើងដដែលៗ ដែលយុវជនជាច្រើនមិនមានលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព ជាពិសេសអ្នកដែលរស់នៅក្នុងខេត្ត” ដោយបន្ថែមថា ការមានវិធានការដ៏ល្អមួយនឹងអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពរបស់ពួកគេ។

យោងតាមការព្យាករណ៍របស់ Statista ទីផ្សារផ្ទះសំណាក់នៅកម្ពុជាគឺកំពុងមានកំណើន។ ឥឡូវនេះ ទីផ្សារផ្ទះសំណាក់គឺជាបទពិសោធន៍អស្ចារ្យដែលទទួលបានអាទិភាពពីអ្នកធ្វើដំណើរ។ អ្នកធ្វើដំណើរមានចំណង់ចំណូលចិត្តកាន់តែខ្លាំងសម្រាប់កន្លែងស្នាក់នៅដែលមានលក្ខណៈក្នុងស្រុក និងសម្បូរបែប ដែលអនុញ្ញាតឱ្យពួកគេស្វែងយល់ពីវប្បធម៌ និងរបៀបរស់នៅរបស់ប្រជាជនក្នុងស្រុក។

លោក Tim Blondeel អ្នកគ្រប់គ្រង Rose Apple Villas បាននិយាយថា ទម្រង់លំនៅដ្ឋានដ៏ប្រណិត និងវីឡាឯកជនរបស់ Rose Apple Villas ផ្តល់ “បទពិសោធន៍បែបខ្មែរ” ដល់អ្នកដំណើរដែលចង់ទទួលបានបទពិសោធន៍ផ្លាស់ប្តូរវប្បធម៌ ដោយមានឱកាសជួបអ្នកស្រុក ស្វែងយល់ពីរបៀបរស់នៅ ការធ្វើស្រែចម្ការ ជួបព្រះសង្ឃ ភ្លក់អាហារ និងស្រាអង្ករ។

ទីផ្សារសម្រាប់ខេត្តសៀមរាបគឺសហរដ្ឋអាមេរិក អឺរ៉ុបកណ្តាល អូស្ត្រាលី កូរ៉េខាងត្បូង និងជប៉ុន។ អ្នកទេសចរបរទេសទាំងនេះចាប់អារម្មណ៍នឹងចំណាយពេលវេលារបស់ពួកគេក្នុងការទស្សនាកន្លែងនានាដូចជាប្រាសាទអង្គរវត្ត ខណៈដែលបែងចែកពេលវេលាសម្រាប់បទពិសោធន៍ថ្មីៗ។

លោកបានបន្តថា ពីការទៅទស្សនារមណីយដ្ឋានល្បីៗនៃឧទ្យានអង្គរតាមមធ្យោបាយដឹកជញ្ជូនដែលពួកគេចូលចិត្តរហូតដល់ការពិសាអាហារនៅតាមវាលស្រែ ពួកគេអាចផ្តល់នូវបទពិសោធន៍ជនបទក្នុងតំបន់ដល់អ្នកដំណើរ។ លោកបានបន្តថា៖ «ពួកគេជួយសម្ងួតស្រូវ ហើយទៅមើលភូមិ និងទីកន្លែងសិប្បកម្មក្នុងស្រុក។ ពួកគេក៏អាចទៅលេងវាលស្រែ មើលប្រជាជនក្នុងស្រុកធ្វើដែក។ ពួកគេក៏អាចទទួលទានអាហារថ្ងៃត្រង់ជាមួយអ្នកស្រុកផងដែរ។

យោងតាមក្រសួងទេសចរណ៍ កម្ពុជាបានទាក់ទាញភ្ញៀវទេសបរទេសប្រមាណ ៥,៤៣ លាននាក់ក្នុងឆ្នាំ ២០២៣ កើនឡើង ១៣៩ ភាគរយពីចំនួន ២,២៧ លាននាក់ក្នុងឆ្នាំ ២០២២។

វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា បន្ថែមលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងការនាំចេញទំនិញធ្វើដំណើរ កសិកម្ម សំណង់ និងអចលនទ្រព្យ។ ចំនួនភ្ញៀវបរទេសមកកម្ពុជាត្រូវបានព្យាករថានឹងកើនដល់ ៧ លាននាក់នៅឆ្នាំ ២០២៥ លើសពីចំនួន ៦,៦ លាននាក់ក្នុងឆ្នាំ ២០១៩។

បញ្ហាប្រឈមសម្រាប់ផ្ទះសំណាក់នៅតាមជនបទ

ទេព ជីវ៉ា អ្នកគ្រប់គ្រងផ្ទះសំណាក់ទេសចរណ៍ នៅកោះទ្រង់ ខេត្តក្រចេះ បាននិយាយថា “បញ្ហាប្រឈមសម្រាប់ម្ចាស់ផ្ទះសំណាក់ គឺមិនមានភ្ញៀវច្រើន ដោយសារយើងស្ថិតនៅតំបន់ដាច់ស្រយាល”។

ការស្នាក់នៅតាមផ្ទះនៅជនបទមានលក្ខណៈសាមញ្ញ និងមានលក្ខណៈគ្រួសារ។ ប្រសិនបើភ្ញៀវចាប់អារម្មណ៍ជាពិសេសក្នុងការស្វែងយល់ពីជីវិតរបស់ប្រជាជនខ្មែរ ហើយចង់ភ្ជាប់ទំនាក់ទំនងគ្រួសារម្ចាស់ផ្ទះដែលមានភាពរួសរាយដូចបងប្អូនបង្កើត។ ប៉ុន្តែប្រសិនបើសណ្ឋាគារមានភាពទំនើប និងស៊ីវិល័យផងដែរនោះ មនុស្សម្នាក់គ្រាន់តែចូលគេងជាលក្ខណៈភ្ញៀវ ហើយបង់ប្រាក់ធម្មតា។

អ្នកស្រី Esther Ding អ្នកគ្រប់គ្រង Khmer Homestay នៅខេត្តកំពង់ធំ បានលើកឡើងថា មិនមានភ្ញៀវច្រើនរហូតពេញមួយឆ្នាំនោះទេ ដោយចំនួនផ្ទះសំណាក់មានការកើនឡើងនៅតាមតំបន់ជនបទនៅកម្ពុជា។ មានអ្នកទេសចរមិនច្រើនទេដែលចូលចិត្តគេងក្នុងបន្ទប់ដែលមានគ្រែពីរ ឬគេងរួមគ្នា។

“នៅផ្ទះសំណាក់របស់ខ្ញុំ យើងមានកន្លែងស្នាក់នៅបែបអន្តេវាសិកដ្ឋាន ដែលមានមនុស្ស ១០ នាក់ក្នុងបន្ទប់ស្នាក់នៅ។ យើងស្នើសុំភ្ញៀវអោយយកកន្លែងជូតខ្លួន និងរបស់ប្រើប្រាស់ផ្ទាល់ខ្លួនផ្សេងទៀតមកជាមួយ»។ ដើម្បីឱ្យផ្ទះសំណាក់មាននិរន្តរភាព វាត្រូវតែមានភ្ញៀវស្នាក់នៅមិនដាច់ ដែលទីតាំងត្រូវមានយុទ្ធសាស្ត្រ។

Khmer Homestay មិនត្រឹមតែផ្តល់កន្លែងស្នាក់នៅប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដល់ក្រុមការងារសាលារៀនចុះមកធ្វើកម្មសិក្សាជាមួយអ្នកភូមិក្នុងស្រុកផងដែរ។

លោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ការចេញអាជ្ញាប័ណ្ណសម្រាប់ផ្ទះសំណាក់បែបគ្រួសារមិនគិតថ្លៃទេ ដែលខុសពីសណ្ឋាគារ និងផ្ទះសំណាក់ធំៗ។ លោកយល់ឃើញថា ផ្ទះសំណាក់ក្នុងខេត្តបាត់ដំបងកំពុងមានកំណើនខ្លាំង។ លោកបានបង្ហាញសុទិដ្ឋិនិយមថា ប្រជាជនដែលរស់នៅក្នុងតំបន់ការពារនឹងយល់បន្តិចម្តងៗពីគុណសម្បត្តិនៃវិស័យទេសចរណ៍ ហើយនឹងអាចរកប្រាក់ចំណូលបានកាន់តែច្រើនពីវិស័យនេះ។

ម្ចាស់ផ្ទះ Lazy Mango Homestay ក្នុងខេត្តបាត់ដំបង Vannay Man បានរៀបរាប់ពីបទពិសោធន៍របស់គូស្នេហ៍មកពីអូស្ត្រាលី Michelle និង Brett ដែលបានស្នាក់នៅប្រហែលមួយសប្តាហ៍ជាមួយគ្រួសាររបស់គាត់។ គាត់បាននិយាយថា៖ «ពួកគេពិតជាស្រឡាញ់ផ្ទះរបស់ខ្ញុំ និងបដិសណ្ឋារកិច្ចរបស់គ្រួសារខ្ញុំខ្លាំងណាស់»។

បងប្អូនស្រីរបស់គាត់បានបង្រៀនប្តីប្រពន្ធបរទេសមួយគូរនេះឱ្យចេះធ្វើម្ហូបបែបប្រពៃណីខ្មែរ ហើយបន្ទាប់ពីអាហារពេលល្ងាច ពួកគាត់បានទៅពិសារបង្អែមរបស់ម្តាយគាត់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ពួកគេគឺការស្តាប់រឿងរ៉ាវអំពីខ្មែរក្រហមពីឪពុករបស់គាត់ក្នុងអំឡុងឆ្នាំ១៩៧៥ដល់១៩៧៩ ។ ឪពុករបស់គាត់គឺជាអ្នកនៅរស់រានមានជីវិតពីរបបនេះ។

លោកបានបន្ថែម “ផ្ទះស្នាក់នៅរបស់យើងមានលក្ខណៈសាមញ្ញជាមួយនឹងផ្ទះបាយចំហបែបខ្មែរ។ ការចម្អិនអាហារទាំងអស់ត្រូវបានធ្វើនៅពីមុខពួកគេ។ សម្រាប់យើង វាជារឿងធម្មតា ប៉ុន្តែសម្រាប់ពួកគេគឺជាបទពិសោធន៍ដែលមិនធ្លាប់ជួបប្រទះពីមុនមក»។

លោក Steve Lidgey អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Travel Asia a la carte បាននិយាយថា ការស្នាក់នៅតាមផ្ទះ វាមានភាពខុសគ្នា។ វាអាស្រ័យលើអ្វីដែលភ្ញៀវកំពុងរំពឹង និងរបៀបដែលផ្ទះសំណាក់ផ្តល់ជូន។ ផ្ទះសំណាក់គួរតែស្ថិតនៅក្នុងផ្នែកនៃ ‘ផ្ទះ’ របស់គ្រួសារ ហើយគួរតែមានបទពិសោធន៍ចែករំលែកខ្លះជាមួយគ្រួសារម្ចាស់ផ្ទះ។ នោះមានន័យថា ទទួលទានអាហាររួមគ្នា និងចែករំលែកសកម្មភាពប្រចាំថ្ងៃមួយចំនួន ដូចជាការរៀបចំអាហារជាដើម។ កន្លែងជាច្រើនបង្ហាញថាខ្លួនឯងជាផ្ទះសំណាក់បែបគ្រួសារ ប៉ុន្តែតាមពិតទៅគ្រាន់តែផ្ទះសំណាក់ធម្មតា។

នៅតាមផ្ទះសំណាក់បែបគ្រួសារភ្ញៀវគួរតែត្រូវបានដឹងអំពី ‘គ្រឿងបរិក្ខារ’ និងសកម្មភាពដែលរួមបញ្ចូល។ មានតែនៅក្នុងផ្ទះសំណាក់ដែលមានទីផ្សារខ្ពស់ប៉ុណ្ណោះដែលពួកគេរំពឹងថានឹងមានអាងហែលទឹក។ ជាធម្មតា ផ្ទះស្នាក់បែបគ្រួសារមានន័យថាមានគ្រែដេកក្នុងបន្ទប់ដាច់ ឬជួនកាលរួមបញ្ចូលទាំងអាហារ។

គ្មានស្ប៉ា និងគ្មានបន្ទប់ហាត់ប្រាណ។ វាផ្តោតទៅលើការស្វែងយល់ពីរបៀបដែលប្រជាជនក្នុងតំបន់រស់នៅ។ ផ្ទះសំណាក់បែបគ្រួសារគឺមានបន្ទប់ឯកជនមួយ និងប្រើប្រាស់គ្រឿងបរិក្ខាររួម។

លោកស្រី Catherine Germier-Hamel ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Millennium Destinationsបាននិយាយថា លទ្ធភាពផ្តល់ផ្ទះស្នាក់នៅជាប្រភពចំណូលប្រកបដោយនិរន្តរភាព ជាពិសេសនៅតំបន់ដាច់ស្រយាល ឬតំបន់កំពុងអភិវឌ្ឍន៍។

ខណៈដែលផ្ទះស្នាក់នៅអាចផ្តល់ឱកាសសេដ្ឋកិច្ចបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន វាមានសារៈសំខាន់ណាស់ក្នុងការធានាថាពួកគេបំពេញបន្ថែមដល់សក្ដានុពលរបស់ពួកគេ។ គ្រួសារម្ចាស់ផ្ទះ និងជាពិសេសកុមារអាចទទួលផលប៉ះពាល់ពីភ្ញៀវបរទេស ដោយបញ្ជាក់ពីតម្រូវការសម្រាប់ការការពារ និងការកំណត់ព្រំដែនច្បាស់លាស់។

ការស្នាក់នៅផ្ទះបែបគ្រួសារផ្តល់ភាពប្រសើរសម្រាប់វិស្សមកាលគ្រួសារ លោក Clemy Balasoto នាយកផ្នែកលក់ និងទីផ្សារ Tripoflight បាននិយាយថា ការស្នាក់នៅតាមផ្ទះបែបគ្រួសារផ្តល់អត្ថប្រយោជន៍ជាច្រើនលើសពីសណ្ឋាគារ ជាពិសេសសម្រាប់វិស្សមកាលគ្រួសារ។ អត្ថប្រយោជន៍សំខាន់មួយគឺអារម្មណ៍នៃភាពឯកជន និងភាពស្និទ្ធស្នាលដែលផ្តល់ដោយការស្នាក់បែបទំនើប។ មិនដូចសណ្ឋាគារ ផ្ទះស្នាក់នៅតាមបែបគ្រួសារផ្តល់បរិយាកាសរីករាយ និងស្និទស្នាល។

ការស្នាក់នៅតាមផ្ទះបែបគ្រួសារអាចផ្តល់នូវបទពិសោធន៍ពិសេស និងផ្ទាល់ខ្លួន។ ក្នុងករណីខ្លះ ម្ចាស់ផ្ទះ ចូលរួមយ៉ាងសកម្មក្នុងការមើលថែរភ្ញៀវ។ នេះបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងដែលជាធម្មតាសណ្ឋាគារមិនមានផ្តល់ជូននោះទេ។ ជាឧទាហរណ៍ Airbnb ផ្សព្វផ្សាយនូវការផ្តល់ជូនទាំងនេះ ដែលអាចជួយបង្កើនបទពិសោធន៍ធ្វើដំណើរអោយមានភាពសម្បូបែប។

អេកូទេសចរណ៍

លោក ចាន់ ខេមរិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍បាននិយាយ ថា ទេសចរណ៍ធម្មជាតិផ្តល់នូវផ្លូវដ៏ល្អបំផុតដើម្បីធ្វើពិពិធកម្មទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការអភិវឌ្ឍន៍អេកូទេសចរណ៍នៅកម្ពុជា ភាគច្រើនពឹងផ្អែកលើសហគមន៍ និងផ្ទះសំណាក់ ដែលជាការជួយការពារសត្វព្រៃ ក៏ដូចជាបរិស្ថានធម្មជាតិ និងវប្បធម៌ក្នុងស្រុក។

ខណៈដែលផ្តល់នូវបទពិសោធន៍ប្លែក និងចម្រុះសម្រាប់ភ្ញៀវទេសចរ និងផ្តល់ឱកាសសម្រាប់ការងារ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពដល់សហគមន៍មូលដ្ឋានក្រីក្រ។ ជាការពិតណាស់ ទេសចរណ៍ធម្មជាតិគឺជាផ្នែកមួយដ៏សំខាន់ក្នុងការគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០២៣របស់អង្គការសហប្រជាជាតិ។

និន្នាការថ្មីនៅក្នុងទីផ្សារស្នាក់នៅតាមផ្ទះបែបគ្រួសារកំពុងកើនឡើងដែលមិនប៉ះពាល់ដល់បរិស្ថាន និងធ្វើអោយអចលនទ្រព្យមានចីរភា។ មានការយល់ដឹងកាន់តែខ្លាំងឡើងក្នុងចំណោមអ្នកធ្វើដំណើរអំពីបរិស្ថាន និងអចលនទ្រព្យដែលផ្តល់អាទិភាពដល់ការអនុវត្តប្រកបដោយនិរន្តរភាព ហើយការអនុវត្តន៍បៃតងកំពុងត្រូវបានផ្តល់តម្លៃកាន់តែខ្លាំងពីអ្នកធ្វើដំណើរ។

និន្នាការនេះក៏អាចមើលឃើញនៅទូទាំងពិភពលោកដែរ ដោយសារវិស័យទេសចរណ៍មានទំនួលខុសត្រូវកាន់តែខ្លាំង និងមិនប៉ះពាល់ដល់បរិស្ថាន។

ដកស្រង់ពី៖ ខ្មែរថាមស៍