ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​ ​និង​ម៉ូតូ​ ​នាំមក​នូវ​ភាព​ទាក់ទាញ​សម្រាប់​វិ​ស័​យ​ទេសចរណ៍​នៅ​កម្ពុជា​

ដើម្បីជំរុញវិស័យទេសចរណ៍ដែលកំពុងងើបឡើងវិញយ៉ាងឆាប់រហ័សនៅកម្ពុជា ខេត្តសៀមរាបបានធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ Car & Bike Festivalដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍” បានប្រារព្ធឡើងនៅនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ខេត្តសៀមរាបដែលមានអ្នកទស្សនាជាង ៦៥,០០០នាក់។

ព្រឹត្តិការណ៍ដ៏ពិសេសនេះមានការចូលរួមពីលោក គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរបស់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបានឡើងថ្លែងសុន្ទរកថាបើកព្រឹត្តិការណ៍រយៈពេលបីថ្ងៃ ដែលជាផ្នែកនៃយុទ្ធនាការ “ទស្សនាខេត្តសៀមរាបឆ្នាំ២០២៤” របស់ក្រសួងទេចរណ៍ផងដែរ។

លោក គុជ បញ្ញាសា បានប្រាប់កាសែតខ្មែរថាមស៍ថា ព្រឹត្តិការណ៍នេះ មានការតាំងបង្ហាញផលិតផលកីឡា និងទេសចរណ៍ថ្មីៗ ដូចជាការប្រណាំងម៉ូតូនៅលើផ្លូវរត់អាកាសយានដ្ឋាន និងកម្មវិធីប្រណាំងរថយន្តផ្សេងៗ ផ្តល់ជូនអ្នកទស្សនានូវបទពិសោធន៍ដ៏ប្លែក និងគួរឱ្យរំភើប។

ព្រឹត្តិការណ៍នេះបានទាក់ទាញទស្សនិក វិស័យលក់រាយ និងវិស័យកម្សាន្តផងដែរ ដោយបានផ្តល់ឱកាសសម្រាប់អាជីវកម្មក្នុងស្រុកដើម្បីបង្ហាញ និងលក់ផលិតផល និងសេវាកម្មរបស់ពួកគេទៅកាន់អ្នកចូលរួមយ៉ាងច្រើន។ អ្នកលក់អាហារ និងភេសជ្ជៈក្នុងស្រុក ហាងលក់វត្ថុអនុស្សាវរីយ៍ អ្នកផ្តល់កន្លែងស្នាក់នៅ និងសេវាកម្មដឹកជញ្ជូនមានតម្រូវការកើនឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍នេះដែរ។

ភាពជោគជ័យនៃព្រឹត្តិការណ៍នេះបានបង្ហាញពីសមត្ថភាពរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកម្មវិធីទ្រង់ទ្រាយធំដែលទាក់ទាញអ្នកចូលរួមទាំងក្នុង និងក្រៅប្រទេស។ ការចាប់អារម្មណ៍ និងការឆ្លើយតបជាវិជ្ជមានពីអ្នកទស្សនាបង្ហាញពីទីផ្សារសម្រាប់ព្រឹត្តិការណ៍កីឡា និងទេសចរណ៍កាន់តែច្រើននៅក្នុងប្រទេសកម្ពុជា។ តាមរយៈការទាញយកសក្តានុពលនេះ និងប្រើប្រាស់ភាពទាក់ទាញពិសេសរបស់ខ្លួន កម្ពុជាអាចកំណត់ទីតាំងជាគោលដៅសម្រាប់ការរៀបចំពិធីបែបនេះ ជំរុញបន្ថែមទៀតនូវឧស្សាហកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ច។

Craig Dodge នាយកផ្នែកលក់ និងទីផ្សារនៃ Phare Circus បាននិយាយថា ព្រឹត្តិការណ៍ដាក់តាំងបង្ហាញរថយន្ត និងពិធីបុណ្យនានាអាចទាក់ទាញភ្ញៀវទេសចរ ដែលផ្តល់អត្ថប្រយោជន៍លើសពីការរំពឹងទុក។

ភ្ញៀវទេសចរណ៍តែងតែពន្យាការស្នាក់នៅរបស់ពួកគេដើម្បីធ្វើដំណើរកម្សាន្ត ជំរុញអាជីវកម្មសម្រាប់សណ្ឋាគារ ភោជនីយដ្ឋាន និងអ្នកលក់ក្នុងស្រុក។ នេះគឺជាគោលនយោបាយឈ្នះ-ឈ្នះ ក្នុងការបង្កើតកម្មវិធី និងរកចំណូលសម្រាប់សេដ្ឋកិច្ចក្នុងស្រុក។

គន្លឹះក្នុងការបង្កើនអត្ថប្រយោជន៍គឺការជូនដំណឹងជាមុនអោយបានគ្រប់គ្រាន់ និងការប្រាស្រ័យទាក់ទងជាអតិបរមាដើម្បីឱ្យអ្នកដែលចាប់អារម្មណ៍អាចចូលរួមបាន។

ថៃ សិលា សមាជិកក្រុម BMW Cambodia បាននិយាយថា នេះជាព្រឹត្តិការណ៍ដ៏ធំដំបូងគេបង្អស់នៃការប្រណាំងរថយន្ត និងម៉ូតូ ហើយវាត្រូវបានប្រារព្ធឡើងនៅទឹកដីអង្គរ ខេត្តសៀមរាប ដែលជាបេះដូងនៃវិស័យទេសចរណ៍នៅក្នុងតំបន់របស់យើង។

កម្ពុជាអាចបង្ហាញដល់ប្រទេសផ្សេងទៀតថា ប្រជាជនកម្ពុជាមានសមត្ថភាពក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍បែបនេះ។

លោកបានបន្តថា “ក្នុងនាមជាអ្នកជិះម៉ូតូ ខ្ញុំចូលចិត្តចូលរួមព្រឹត្តិការណ៍ទាំងនេះ ព្រោះយើងអាចបង្កើតទំនាក់ទំនង ចែករំលែកបទពិសោធន៍ជាច្រើនទៀតអំពីយានយន្ត។ ខ្ញុំបានលឺពីក្រុម Cambodian Family Biker (CFB) អំពីផែនការរបស់ពួកគេសម្រាប់សប្តាហ៍ជិះម៉ូតូមួយទៀតនៅភ្នំពេញនៅចុងឆ្នាំនេះ»។

ព្រឹត្តិការណ៍ប្រកួតប្រជែងនេះបានទាក់ទាញការចុះឈ្មោះចូលរួមប្រកួតម៉ូតូធំប្រមាណ ៥០០គ្រឿង និងរថយន្តប្រណាំងប្រមាណ ១០០គ្រឿង និងមានអ្នកចូលរួមទស្សនាយ៉ាងច្រើនសរុបរយៈពេល ៣ថ្ងៃមានចំនួនប្រមាណ ៦៥,០០០នាក់ ក្រៅពីការប្រណាំងរថយន្ត និងម៉ូតូ ក៏មានការតាំងពិព័រណ៍រថយន្ត ការប្រគុំតន្ត្រី ស្តង់ពិព័រណ៍ម្ហូបអាហារ និងកម្មវិធីផ្សេងៗទៀតជាច្រើនផងដែរ។

ដកស្រង់ពី៖ ខ្មែរថាមស៍