​ក្លិ​ប​អ្នកកាសែត​ដឹកនាំ​អ្នក​សារ​ព័ត៌មាន​ ៣​០​ស្ថាប័ន​ ​ទស្សនកិច្ច​តំបន់​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្ត​កំពត​

ក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាតិចំនួនជិត៥០នាក់ ស្មើនឹង ៣០ស្ថាប័ន ចុះទស្សនកិច្ចតំបន់ប្រវត្តិសាស្ត្រ និងតំបន់សក្ដានុពលក្នុងខេត្តកំពត ដើម្បីស្វែងយល់កាន់តែច្បាស់ពីតំបន់ប្រវត្តិសាស្ត្រ និងតំបន់អភិវឌ្ឍក្នុងភូមិសាស្ត្រខេត្ត ព្រមទាំងរួមចំណែកជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា បេសកកម្មសារព័ត៌មាន ធ្វើឡើងចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ ដើម្បីរួមចំណែកផ្សព្វផ្សាយពីសក្ដានុពលនៃការអភិវឌ្ឍ និងតំបន់ប្រវត្តិសាស្ត្រមួយចំនួនក្នុងខេត្តកំពត។

ក្លិបអ្នកកាសែតកម្ពុជា បន្ថែមថា ក្នុងបេសកកម្មខាងលើនេះ អ្នកកាសែតក៏បានចូលទស្សនាថ្មមុខយក្ស រូបសំណាកលោកយាយម៉ៅ និងដំណាក់ស្លាខ្មៅ ព្រមទាំងទស្សនាទេសភាពខេត្តកំពត។

ក្លិបបន្តថា ក្រៅពីទស្សនាតំបន់ខាងលើនេះ អ្នកកាសែតក៏មានបេសកកម្មនៅតំបន់វាលស្រែ១០០ វាលស្រែ៥០០ ថ្មអណ្ដើក ក្លោងទ្វារមេឃ ថ្មប្រាសាទ និងវាលផ្កាបំពង់ក្រឡោម។ ក្លិបបន្ថែមថា អ្នកសារព័ត៌មាន ក៏បន្តទស្សនកិច្ចតំបន់តាំងសម្មាធិ និងល្អាងភ្នំស័ក្ដិសិទ្ធិ កន្លែងកសាងព្រះពុទ្ធបដិមាកម្ពស់១០៨ម៉ែត្រ និងទស្សនាការកសាងផ្លូវថ្មីឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា ការដឹកនាំក្រុមអ្នកសារព័ត៌មានទស្សនកិច្ចនៅទីក្រុងបូកគោ និងភូមិសាស្ត្រខេត្តកំពត ដែលជាភូមិភាគនិរតីនៃប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍។ លោកបន្ថែមថា កន្លងមកអ្នកទេសចរទាំងក្នុងប្រទេស និងអន្តជាតិ កាលណាចង់ធ្វើដំណើរទេសចរណ៍តែងគិតភ្លាមទៅដល់ទឹកដីនៃខេត្តសៀមរាប នឹកឃើញដល់ប្រាសាទអង្គរវត្ត ឬមួយក៏ទៅនៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបជាដើម។

លោក ពុយ គា បញ្ជាក់ថា ក្លិបអ្នកកាសែតកម្ពុជាចង់បង្ហាញថា តំបន់ទេសចរណ៍នៅកម្ពុជាមានច្រើនណាស់ ហើយនៅចំពោះមុខនៃការប្រែប្រួលអាកាសធាតុក្តៅដែលកំពុងជួបប្រទះ កម្ពុជាយើងក៏មានជម្រើសរកតំបន់ទេសចរណ៍ដែលមានអាកាសធាតុត្រជាក់រហូតដល់បីតំបន់។

លោកបន្តថា ក្នុងចំណោមបីតំបន់រួមមាន ទី១ ភូមិភាគឦសាននៃប្រទេសកម្ពុជានៅលើទឹកដីខេត្តមណ្ឌលគិរី។ ទីពីរ គីរីរម្យ ក្នុងខេត្តកំពង់ស្ពឺ និងទីបី ទីក្រុងបូកគោ ដែលមានរហូតដល់បីរដូវក្នុងមួយថ្ងៃ មានន័យថាក្តៅ ត្រជាក់ និងធ្លាក់អ័ព។

លោកបន្ថែមថា អ្នកសារព័ត៌មានអាចជួយផ្សព្វផ្សាយ ដើម្បីផ្ដល់ជម្រើសឱ្យអ្នកទេសចរទាំងក្នុងស្រុក និងអន្តរជាតិបានដឹង និងទស្សនាឱ្យបានកាន់តែទូលំទូលាយ។

លោក ធឿន ប៊ុនថន មគ្គទេសក៍ទេសចរណ៍នៅរមណីយដ្ឋានឋានសួគ៌បូគោ បានលើកឡើងថា នៅរមណីដ្ឋានឋានសួគ៌បូគោ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនាជារៀងរាល់ថ្ងៃ ប៉ុន្តែបើនៅព្រឹត្តិការណ៍បុណ្យជាតិធំៗ គឺមានភ្ញៀវទេសចរចូលទស្សនាច្រើនជាងថ្ងៃធម្មតា។

លោកបន្ថែមថា ក្នុងនាមលោកបម្រើការងារនៅក្នុងខេត្តកំពត ចង់ឃើញប្រជាពលរដ្ឋចូលរួមលើកកម្ពស់ទាំងតំបន់ទេសចរប្រវត្តិសាស្ត្រ និងតំបន់សក្ដានុពលនៅក្នុងខេត្តកំពត ជាពិសេសក្នុងតំបន់បូគោ។

លោក ព្រើង វិសាល អ្នកសារព័ត៌មានដែលបានចូលរួមដំណើរទស្សនកិច្ចនេះនិយាយថា ដំណើរទស្សនកិច្ចផ្ដល់ឱកាសក្រុមអ្នកសារព័ត៌មានស្វែងយល់ពីប្រវត្តិសាស្ត្រ និងជំរុញការផ្សព្វផ្សាយតំបន់សក្ដានុពលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា៕

 ដកស្រង់ពី៖ ខ្មែរថាមស៍