អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ជា​សហគមន៍​បម្រើ​សេវា​ជិះទូក​នៅ​បារាយណ៍​នាគព័ន្

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំបង្កើតជាសហគមន៍បម្រើសេវាឱ្យអ្នកទេសចរជិះទូកកម្សាន្ត នៅបារាយណ៍ជយតដាក ឬហៅបារាយណ៍នាគព័ន្ធ

លោក ទេស សុធី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា គោលបំណងនៃការបង្កើតសហគមន៍នេះ គឺដើម្បីអភិវឌ្ឍន៍ទេសចរណ៍ នៅបារាយណ៍ជយតាដាកផង ដើម្បីបង្កើតការងារក្នុងសហគមន៍ សម្រាប់ប្រជាពលរដ្ឋ រស់នៅភូមិភ្លង់ និងភូមិលាងដៃរបស់ឃុំលាងដៃ។ អាជ្ញាធរជាតិអប្សរា រៀបចំជាវង់ទស្សនាជិះទូក មើលសត្វព្រៃ និងសត្វស្លាបដ៏កម្រផ្សេងៗ ព្រមទាំងអាចផ្តិតយករូបភាពដ៏ស្រស់ត្រកាល ហើយអ្វីដែលពិសេសនោះ គឺទេសភាពថ្ងៃរៀបលិចតែម្ដង។

តាមអាជ្ញាធរជាតិអប្សរា ស្ថាប័ននេះធ្វើបានរៀបចំគម្រោងបង្កើតសហគមន៍បម្រើសេវា ទេសចរជិះទូកកម្សាន្ត នៅបារាយណ៍ជយតាដាកតាំងតែពីឆ្នាំ២០១៧មក ក៏ប៉ុន្តែ គម្រោងនេះ បានខកខានដោយសារតែជំងឺកូវីដរាតត្បាត។ នៅដើមឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរាបានផ្តួចផ្តើមរៀបចំគម្រោងដំណើរការទស្សនាចរ នៅបារាយណ៍ជយតាដាកនោះឡើងវិញ ដោយមានការគាំទ្រពីស្ថាប័នGIZ និងអង្គការយូណេស្កូ។

បារាយណ៍ជយតាដាក រួមទាំងប្រាសាទព្រះខ័ន កសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅពេលទេសចរបានជិះទូកនៅក្នុងបារាយណ៍ហាក់បីដូចជានាំអារម្មណ៍បានទៅកាន់អតីតកាលដ៏រុងរឿងនាសម័យអង្គរ និងមានលក្ខណៈពិសេសខុសប្លែកពីទីតាំងផ្សេងៗ។ នេះជាផលិតផលទេសចរណ៍ថ្មីនៅក្នុងរមណីយដ្ឋានអង្គរ ដែលភ្ញៀវទេសចរមិនគួរមើលរំលង៕

ដកស្រង់ពី៖ ខ្មែរថាមស៍