វត្តមាន​សត្វព្រៃ​ដ៏​ក​ម្រ​ជាច្រើន​ប្រភេទ​ត្រូវ​បាន​ថត​ជាប់​

អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា សហការជាមួយក្រសួងបរិស្ថាន រដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋានបានតម្លើងម៉ាស៊ីនថតស្វ័យប្រវត្តិ (camera traps) ប្រមាណ ៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ នៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវៈចម្រុះ ក្នុងការគាំទ្រផែនការអភិរក្សនិងការការពារភ្នំថ្មកំបោរ។

យោងតាមក្រសួងបរិស្ថានដែលបានបង្ហោះកាលពីថ្ងៃទី២៩ ឧសភា ម៉ាស៊ីនថតស្វ័យប្រវត្តិ បានថតជាប់សត្វព្រៃកម្រ និងសត្វព្រៃដែលមានបង្គួរជាច្រើនប្រភេទដែលរស់នៅ រួមមាន កែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម។

ក្រសួងបានបន្ថែមថា “យើងសង្ឃឹមថាម៉ាស៊ីនថតស្វ័យប្រវត្តិរបស់យើងនឹងថតជាប់ប្រភេទសត្វព្រៃផ្សេងទៀត ហើយយើងគ្រោងនឹងដកម៉ាស៊ីនថតទាំងនេះចេញនៅខែកញ្ញា ឆ្នាំ២០២៤”។

ប្រទេសកម្ពុជាមានភ្នំថ្មកំបោរជាច្រើន ដែលភាគច្រើនស្ថិតក្នុងខេត្តបាត់ដំបង កំពត និងស្ទឹងត្រែង។ ភ្នំទាំងនេះមិនត្រឹមតែមានសារៈសំខាន់ខាងប្រព័ន្ធអេកូឡូស៊ី និងវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជម្រកធម្មជាតិដ៏សំខាន់សម្រាប់ប្រភេទសត្វព្រៃដ៏សម្បូរបែបផងដែរ។ ការអភិរក្សសត្វព្រៃទាំងនោះគឺជាការទទួលខុសត្រូវរួម។

សហភាពអឺរ៉ុបបានផ្តល់មូលនិធិដល់ការសិក្សានេះក្រោមគម្រោង “ការអភិរក្សជីវចម្រុះដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លងដែលកំពុងកើតមាន (BCOMING)” ។

ដកស្រង់ពី៖ ខ្មែរថាមស៍