ផ្លូវ​ថ្មី​ពុះ​ជ្រែក​ឡើងចុះ​ពី​ភ្នំបូកគោ​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ​៤​ ​បញ្ចប់​ត្រួសត្រាយ​បើកផ្លូវ​១​០​០​%

ផ្លូវថ្មីពុះជ្រែកឡើងចុះខ្វាត់ខ្វែងពីភ្នំបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលរដ្ឋាភិបាលផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន សុខា អូតែល ស្ថាបនាឡើងដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញដល់កំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត ក្រុង និងស្រុកក្នុងភូមិសាស្ត្រពាក់ព័ន្ធ។

ក្នុងជំនួបសំណេះសំណាលជាមួយក្រុមអ្នកកាសែតចុះទស្សនកិច្ចក្នុងតំបន់អភិវឌ្ឍបូកគោ កាលពីថ្ងៃពុធ លោក សុខ គង់ ស្ថាបនិក និងជាប្រធានក្រុមហ៊ុន សុខា អូតែល បានឱ្យដឹងថា បន្ទាប់ពីបានការអនុញ្ញាតពីរដ្ឋាភិបាលអ្នកជំនាញក៏បានប្រតិបត្តិការឈូសឆាយដីព្រៃបើកផ្លូវពីជើងភ្នំបូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ ដែលបច្ចុប្បន្នការឈូសឆាយដីព្រៃសម្រេចបាន១០០% ប៉ុន្តែទើបតែចាក់បេតុងបានប្រមាណជាង២គីឡូប៉ុណ្ណោះ។

លោកបន្ថែមថា ចំពោះការងារចាក់បេតុង និងក្រាលកៅស៊ូពីលើ ធ្វើម្ដងបន្តិចៗជាដំណាក់កាល ព្រោះត្រូវចំណាយថវិកាច្រើន ប៉ុន្តែបើសេដ្ឋកិច្ចមិនអំណោយផល គឺគម្រោងផ្លូវថ្មីដែលឆ្លងកាត់ព្រៃភ្នំច្រើនដំណាក់កាលនេះ ក៏ត្រូវចំណាយពេលសាងសង់រួចរាល់យូរឆ្នាំដែរ។

លោកបញ្ជាក់ថា៖ «ផ្លូវចុះឡើងពីភ្នំបូកគោ ឆ្ពោះទៅផ្លូវជាតិលេខ៤ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សា គឺ១គីឡូ ប្រើប្រាស់ថវិកាប្រមាណ ៣លានដុល្លារ ប៉ុន្តែបើក្រុមហ៊ុនចុះធ្វើខ្លួនឯងដោយផ្ទាល់ប្រហែលមិនអស់ដល់ ៣លាន់ដុល្លារទេ ព្រោះក្រុមហ៊ុនមិនជួលអ្នកជំនាញពីខាងក្រៅ»។

លោក ស្វាយ វុឌ្ឍី នាយកនីតិកម្ម និងទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន សុខា អូតែល បានឱ្យដឹងថា បច្ចុប្បន្នផ្លូវថ្មីខាងលើនេះឈូសឆាយសម្រេចបាន១០០% ប៉ុន្តែយឺតយ៉ាវក្នុងការចាក់បេតុង និងក្រាលកៅស៊ូពីលើ ដោយសារវិបត្តិសេដ្ឋកិច្ចសកល ដែលជះឥទ្ធិពលដល់ការវិនិយោគរបស់ក្រុមហ៊ុននៅតំបន់ភ្នំបូកគោ។

លោកបញ្ជាក់ថា៖ «បច្ចុប្បន្នយើងមានវិបត្តិសេដ្ឋកិច្ចផង និងជះឥទ្ធិពលដល់ការវិយោគរបស់យើងលើភ្នំបូកគោផង អុីចឹងការសាងសង់នេះ យើងធ្វើតាមស្ថានភាពទីផ្សារ និងសេដ្ឋកិច្ចជាក់ស្តែង។ យើងមិនទាន់អាចកំណត់ពេលវេលាបញ្ចប់ការសាងសង់ផ្លូវពិតប្រាកដបានទេ ប៉ុន្តែបើសេដ្ឋកិច្ចមានស្ថានភាពល្អប្រសើរឡើងវិញ យើងជំរុញការស្ថាបនាឱ្យបានលឿន តែបើស្ថានភាពសេដ្ឋកិច្ចដូចបច្ចុប្បន្នការសាងសង់ក៏យើងធ្វើជាជំហ៊ានៗដែរ»។

លោកបន្តថា នៅពេលសាងសង់ផ្លូវថ្មីខាងលើសម្រេចជាស្ថាពរ នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ទាំងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតាមជើងភ្នំកម្ចាយ ជាពិសេសពីតំបន់តាមមាត់សមុទ្រនៃស្រុកកំពង់សីលា ស្រុកស្រែអំពិល និងស្រុកព្រៃនប់ មកកាន់ភ្នំបូកគោ។ លោកបន្ថែមថា ផ្លូវថ្មីខាងលើនេះ ក៏នឹងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើតសកម្មភាពវិនិយោគ និងជំរុញសកម្មភាពទេសចរណ៍មកកាន់រមណីយដ្ឋានបូកគោ កាន់តែច្រើនទ្វេដង។

លោក ស្វាយ វុឌ្ឍី បញ្ជាក់ថា ផ្លូវដែលមានប្រវែងជាង ៦០គីឡូម៉ែត្រ ត្រូវចំណាយថវិកាប្រមាណជាង ១៨០លានដុល្លារ៕

ដកស្រង់ពី៖ ខ្មែរថាមស៍