ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ជ្រើសរើសក្រុមហ៊ុន Aeroprime ជាភ្នាក់ងារតំណាងលក់សេវាកម្មដឹកជញ្ជូនទូទៅ

ក្រុមហ៊ុន Aeroprime Group ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា ត្រូវបានជ្រើសរើសជាភ្នាក់ងារលក់ និងសេវាកម្មដឹកទំនិញទូទៅផ្តាច់មុខ (GSSA) សម្រាប់ក្រុមហ៊ុនកម្ពុជាអង្គរអ៊ែរ (Cambodia Angkor) Air។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍មានយន្តហោះប្រភេទ A320 A321 និង ATR ដែលបម្រើដល់គោលដៅជាង ១១នៅកម្ពុជា ចិន ឡាវ សិង្ហបុរី និងវៀតណាម។

ចាប់ពីថ្ងៃទី១៦ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Airlines នឹងដំណើរការជើងហោះហើរប្រចាំសប្តាហ៍ចំនួន៤ជើងពីទីក្រុង Delhi ទៅកាន់ទីក្រុងភ្នំពេញ ដោយប្រើប្រាស់យន្តហោះប្រភេទA320 ផ្តល់ជូននូវជើងហោះហើរត្រង់រវាងឥណ្ឌា និងកម្ពុជា ដែលនឹងជួយបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាផ្តល់ឱកាសបន្ថែមសម្រាប់ការធ្វើពាណិជ្ជកម្ម។

ចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនា ក្រុមហ៊ុន Aeroprime Group នឹងទទួលខុសត្រួតពិនិត្យសេវាកម្មលក់ដឹកទំនិញនៃជើងហោះហើរ ដោយធានា “នឹងផ្តល់ជូនដំណោះស្រាយដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព” សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ និងពង្រីកបណ្តាញរបស់ខ្លួនដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ការដឹកជញ្ជូនទំនិញ។

ទន្ទឹមនឹងនេះក៏មានគម្រោងពង្រីកជើងហោះហើរបន្ថែមទៀតរវាងទីក្រុងជាច្រើននៃប្រទេសឥណ្ឌានាពេលខាងមុខ។

លោក Abhishek Goyal នាយកប្រតិបត្តិនៃក្រុមហ៊ុន Aeroprime Group បាននិយាយថា “សម្រាប់ក្រុមហ៊ុន Aeroprime យើងមានឆន្ទៈក្នុងការពង្រីកអាជីវកម្មរបស់យើង និងរក្សាតំណែងជាអ្នកដឹកនាំទីផ្សារ នៅក្នុងវិស័យដឹកទំនិញតាមផ្លូវអាកាស។

“ភាពជាដៃគូជាមួយក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកចក្ខុវិស័យយុទ្ធសាស្ត្ររបស់យើងក្នុងការផ្តល់ជូននូវផលិតផលចម្រុះ ដែលផ្តល់សេវាកម្មដល់ដៃគូ និងអតិថិជនរបស់យើង។ យើងប្តេជ្ញាគាំទ្រក្រុមហ៊ុន Cambodia Angkor Air ក្នុងដំណើររីកចម្រើនរបស់ក្រុមហ៊ុន ដោយជួយដល់ផែនការពង្រីក និងបង្កើនការលក់នៅក្នុងទីផ្សារប្រទេសឥណ្ឌា៕

ដកស្រង់ពី៖ ខ្មែរថាមស៍