អាកាសយានដ្ឋាន​អន្តរជាតិ​កម្ពុជា​ទទួល​អ្នកដំណើរ​ចំនួន​២​លាន​នាក់​ក្នុង​រយៈពេល​៥​ខែ​ដំបូង

ឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជាបន្តស្ទុះងើបឡើងវិញយ៉ាងរឹងមាំ ជាមួយនឹងអ្នកដំណើរចំនួន ២លាននាក់ ដែលបានឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួនក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំនេះ។

តួលេខនេះបង្ហាញនូវការកើនឡើងយ៉ាងខ្លាំងចំនួន២៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងដំណើរចុះត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងសាងសង់ នៅថ្ងៃទី៦ ខែមិថុនា បានគូសបញ្ជាក់ថា “តួលេខនេះគឺជាសក្ខីភាពចំពោះការងើបឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍របស់កម្ពុជាពីជំងឺរាតត្បាតកូវីដ-១៩ និងឆ្ពោះទៅមុខប្រកបដោយមោទនភាព”។ ។

នៅឆ្នាំ២០២៤ កម្ពុជានឹងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន ៣១ ដំណើរការជើងហោះហើរពីបណ្តាប្រទេសអាស៊ានចំនួន៨ប្រទេស ប្រទេសចិន កូរ៉េខាងត្បូង ហុងកុង ចិនតៃវ៉ាន់ កាតា និងអារ៉ាប់រួម។

បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិចំនួន ៣ បើកដំណើរការក្នុងប្រទេសកម្ពុជា មានដូចជា៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។

កាលពីឆ្នាំមុន ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃចរាចរណ៍អ្នកដំណើរតាមផ្លូវអាកាស ដោយបានស្វាគមន៍អ្នកដំណើរជាង ៥,១ លាននាក់ កើនឡើង ១១៥ ភាគរយ បើធៀបនឹងឆ្នាំ២០២២។

អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងសាងសង់ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ គ្រោងនឹងចាប់ផ្តើមដំណើរការពាណិជ្ជកម្មនៅពាក់កណ្តាលឆ្នាំ២០២៥៕

ដកស្រង់ពី៖ ខ្មែរថាមស៍