ភ្ញៀវទេសចរទៅលេងនៅប្រាសាទព្រះវិហារ និងកោះកេរ រាងខ្សត់បន្តិចធៀបនឹងប្រាសាទអង្គរ

ចំនួនភ្ញៀវទេសចរទាំងជាតិ និងបរទេស ដែលបានមកកម្សាន្តនៅរមណីដ្ឋានពីរ គឺប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ គឺមានចំនួនត្រឹមតែជាង១ម៉ឺននាក់ប៉ុណ្ណោះនៅក្នុងខែឧសភា ។

អាជ្ញាធរជាតិព្រះវិហារបានឲ្យដឹងថា នៅក្នុងរយៈពេលមួយខែឧសភា នេះប្រាសាទព្រះវិហារបានទាក់ទាញភ្ញៀវទេសចរបានត្រឹម ៤.៩២៥ នាក់ នៅក្នុងនោះភ្ញៀវទេសចរបរទេសមានតែ៤២៤ នាក់ ប៉ុណ្ណោះ ។ ប្រភពដដែលបានបន្តថា សម្រាប់ប្រាសាទកោះកេរវិញ គឺបានទទួលភ្ញៀវទេសចរនៅក្នុងស្រុកទាំងអស់ គឺមានចំនួនប្រមាណជា ៥.៥៨៤ នាក់ ។

លោក ហេង ចាន់តារា ជាអ្នកទេសចរនៅក្នុងស្រុកមួយរូបបានប្រាប់កោះសន្តិភាព នៅថ្ងៃទី០៧ ខែមិថុនាថា ខេត្តព្រះវិហាររាងខ្សត់អ្នកទេសចរបន្តិច ។ លោកបានអះអាងថា ដូចកាលពីពេលដែលលោកបានទៅលេងជាមួយនឹងគ្រួសារកាលពីមុនពេលចូលឆ្នាំអ្នកឡើងលើប្រាសាទព្រះវិហារ ក៏ដូចជា ដើរលេងនៅប្រាសាទកោះកេរ គឺមានតែគ្រួសារលោក និងអ្នកទេសចរនៅក្នុងស្រុកពីរបីគ្រួសារប៉ុណ្ណោះ ។

លោកបានបញ្ជាក់ថា «ពេលខ្ញុំទៅលេង អ្នកទេសចរចូលប្រាសាទស្ងាត់ណាស់ តែនៅភ្នំត្បែងរៀងច្រើនគួរសម »។ លោកបានបន្តថា ប្រសិនបើចង់ឲ្យភ្ញៀវទេសចរទៅលេងច្រើន អ្នកពាក់ព័ន្ធគួរតែធ្វើទីផ្សារឲ្យខ្លាំងបន្តិច ។ យោងតាមស្ថិតិពីគ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅក្នុងខែឧសភាដូចគ្នា ភ្ញៀវទេសចរបរទេស ដែលមកលេងនៅរមណីដ្ឋានអង្គរមានដល់ទៅជាង ៥ ម៉ឺននាក់ ដោយឡែកភ្ញៀវទេសចរនៅក្នុងស្រុកមិនមាននៅក្នុងបញ្ជីទេ ។ គ្រឹះស្ថានអង្គរមិនផ្តោតលើការកត់ត្រាភ្ញៀវទេសចរនៅក្នុងស្រុកទេ ដោយសារតែភ្ញៀវទេសចរ នៅក្នុងស្រុកអាចចេញចូលលេងអង្គរដោយមិនគិតថ្លៃហើយចង់ទៅពេលណាក៏បាន ៕

ដកស្រង់ពី៖កោះសន្តិភាព