អាមេរិកមកលេងនៅសៀមរាបច្រើនជាងគេ ក្នុងរយៈពេល៥ខែ ចែករំលែក

៥ខែដើមឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជនជាតិអាមេរិក ដែលបានចូលទស្សនាខេត្តសៀមរាប មានច្រើនជាងគេ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពទទួលបាន ។

គិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ភ្ញៀវទេសចរជនជាតិអាមេរិក ដែលបានមកលេងកម្សាន្តនៅសៀមរាប មានចំនួនសរុប ៤៩.២៥៨នាក់ កើនឡើងរហូតដល់ទៅ ២១,៧៦ភាគរយ ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅ៥ខែកន្លងមកនេះ ភ្ញៀវទេសចរមកលេងនៅសៀមរាបមានចំនួនសរុបចំនួន ៤៧២.២៥៨នាក់ កើនឡើង ៣៦,៩៨ភាគរយ បើធៀបជាមួយេយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ។

ប្រភពដដែល បន្ថែមថា ទីផ្សារភ្ញៀវទេសចរណ៍សំខាន់ៗទាំង១០ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល៥ខែដំបូងនេះ រួមមាន អាមេរិក អង់គ្លេស បារាំង កូរ៉េខាងត្បូង ចិន អាល្លឺម៉ង់ ជប៉ុន អូស្ត្រាលី ឥណ្ឌា និងរៀតណាម ។ ប្រភពដដែលបានបន្ថែមថា អង់គ្លេសមកលេងសៀមរាប មានចំនូន៤៤.៦០៧នាក់ កើនឡើង៣៣,៧៦ភាគរយ, ភ្ញៀវទេសចរជនជាតិបារាំងមាន៤១.៨១៩នាក់ កើន៤១,៣២ភាគរយ, ភ្ញៀវទេសចជនជាតិកូរ៉េខាងត្បូងមានចំនួន ៤០.៦៦៦នាក់ កើនឡើង៤១,៨០ភាគរយ, ភ្ញៀវទេសចរជនជាតិចិនមានចំនួន ៣៣.២៩២នាក់កើនឡើ៤៣,៧៩ភាគរយ ។

ប្រភពដដែលបានបន្ថែមថា សម្រាប់ភ្ញៀវទេសចរអាល្លឺម៉ង់ មានចំនួន២៨.៥០៧នាក់ កើនឡើង៣៨,៧៧ភាគរយ, ភ្ញៀវទេសចរជនជាតិជប៉ុនមានចំនួន២៦.៦៩៧នាក់ កើនឡើង១០៨,៦៧ភាគរយ, ភ្ញៀវទេសចរជនជាតិអូស្ត្រាលីមានចំនួន ២១.៥០១នាក់ កើនឡើង៤៥,៣៣ភាគរយ,ភ្ញៀវទេសចរឥណ្ឌាមានចំនួន ១៧.៨៩៩នាក់កើនឡើង៤១,២៦ភាគរយ និង ភ្ញៀវទេសចរវៀតណាមមានចំនួន១៦.១៥២នាក់ កើនឡើង ២០,៦៥ ភាគរយ ។ ក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរតាមផ្លូវអាកាសចំនួន ៣២២.៥១៩នាក់ ស្មើនឹង ៦៨,២៩ភាគរយ កើនឡើង ៤៥,៧៥ភាគរយ ។

ភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាបតាមផ្លូវគោកមានចំនួន ១៤៩.៧៣៩ នាក់ ស្មើនឹង៣១,៧១ភាគរយ កើនឡើង ២១,២៧ ភាគរយ ។ ប្រភពដដែល បន្ថែមថា អាជីវកម្មទេសចរណ៍កំពុងដំណើរការសរុបចំនួន ១.០៤៣កន្លែង ក្នុងនោះ សេវាកម្មស្នាក់នៅសណ្ឋាគារ មានចំនួន ១៧៨ កន្លែង ស្មើនឹង ៩.០៩៧បន្ទប់ បុគ្គលិកបម្រើការមានចំនួន ៧.៤៨២នាក់ ៕

ដកស្រង់ពី៖កោះសន្តិភាព