ប្រជាជន​មក​ពី​១០​ប្រទេស​នេះ មក​លេង​ខេត្តសៀមរាប​ច្រើន​ជាងគេ

ទីផ្សារភ្ញៀវទេសចរសំខាន់ៗទាំង១០ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល៥ខែដំបូងនេះ រួមមាន ៖ អាមេរិក អង់គ្លេស បារាំង កូរ៉េខាងត្បូង ចិន អាល្លឺម៉ង់ ជប៉ុន អូស្ត្រាលី ឥណ្ឌា និងរៀតណាម។ ភ្ញៀវទេសចរជនជាតិអាមេរិក បានចូលទស្សនាខេត្តសៀមរាប មានច្រើនជាងគេ។

នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលកម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាពទទួលបាន។ គិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ភ្ញៀវទេសចរជនជាតិអាមេរិក ដែលបានមកលេងកំសាន្តនៅសៀមរាប មានចំនួនសរុប ៤៩.២៥៨នាក់ កើនឡើងរហូតដល់ទៅ ២១,៧៦ភាគរយ ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅ៥ខែកន្លងមកនេះ ភ្ញៀវទេសចរមកលេងនៅសៀមរាប មានចំនួនសរុបចំនួន ៤៧២.២៥៨នាក់ កើនឡើង ៣៦,៩៨ភាគរយ បើធៀបជាមួយេយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ប្រភពដដែល បានបន្ថែមថា អង់គ្លេសមកលេងសៀមរាប មានចំនូន៤៤.៦០៧នាក់ កើនឡើង៣៣,៧៦ភាគរយ, ភ្ញៀវទេសចរជនជាតិបារាំង មាន៤១.៨១៩នាក់ កើន៤១,៣២ភាគរយ, ភ្ញៀវទេសចជនជាតិកូរ៉េខាងត្បូង មានចំនួន ៤០.៦៦៦នាក់ កើនឡើង៤១,៨០ភាគរយ, ភ្ញៀវទេសចរជនជាតិចិន មានចំនួន ៣៣.២៩២នាក់ កើនឡើ៤៣,៧៩ភាគរយ ។

ប្រភពដដែល បានបន្ថែមថា សម្រាប់ភ្ញៀវទេសចរអាល្លឺម៉ង់ មានចំនួន២៨.៥០៧នាក់ កើនឡើង៣៨,៧៧ភាគរយ, ភ្ញៀវទេសចរជនជាតិជប៉ុន មានចំនួន២៦.៦៩៧នាក់ កើនឡើង១០៨,៦៧ភាគរយ, ភ្ញៀវទេសចរជនជាតិអូស្ត្រាលី មានចំនួន ២១.៥០១នាក់ កើនឡើង៤៥,៣៣ភាគរយ, ភ្ញៀវទេសចរឥណ្ឌា មានចំនួន ១៧.៨៩៩នាក់ កើនឡើង៤១,២៦ភាគរយ និងភ្ញៀវទេសចរវៀតណាម មានចំនួន១៦.១៥២នាក់ កើនឡើង ២០,៦៥ ភាគរយ ។

ក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ តាមផ្លូវអាកាសចំនួន ៣២២.៥១៩នាក់ ស្មើនឹង ៦៨,២៩ភាគរយ កើនឡើង ៤៥,៧៥ភាគរយ។ ភ្ញៀវទេសចរ ចូលមកកាន់ខេត្តសៀមរាប តាមផ្លូវគោកមានចំនួន ១៤៩.៧៣៩ នាក់ ស្មើនឹង ៣១,៧១ភាគរយ កើនឡើង ២១,២៧ ភាគរយ។ ប្រភពដដែល បន្ថែមថា អាជីវកម្មទេសចរណ៍ កំពុងដំណើរការសរុបចំនួន ១.០៤៣កន្លែង ក្នុងនោះ សេវាកម្មស្នាក់នៅសណ្ឋាគារ មានចំនួន១៧៨កន្លែង ស្មើនឹង៩.០៩៧បន្ទប់ បុគ្គលិកបម្រើការ មានចំនួន៧.៤៨២នាក់ ៕

ដកស្រង់ពី៖កោះសន្តិភាព