តើ​អ្នកដឹង​ទេ តំបន់​អង្គរ មាន​ប្រាសាទ​ប៉ុន្មាន?

តំបន់អង្គរទាំងមូល ត្រូវបានគេដឹងថា មានទំហំប្រមាណជា ៤០១ គីឡូម៉ែត្រការ៉េ ដែលមានប្រាសាទបុរាណចំនួន ៩១ ហើយត្រូវបានគេជឿជាក់ថា បានសាងសង់នៅចន្លោះពីសតវត្សទី៩ រហូតដល់សតវត្សទី១៣ ។

សម្រស់ដ៏អស្ចារ្យនៃប្រាសាទតំបន់អង្គរ បានទាក់ទាញបរទេសជាច្រើនមកកាន់ខេត្តសៀមរាប។ ទីផ្សារភ្ញៀវទេសចរសំខាន់ៗទាំង១០ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល៥ខែដំបូងនេះ រួមមាន ៖ អាមេរិក អង់គ្លេស បារាំង កូរ៉េខាងត្បូង ចិន អាល្លឺម៉ង់ ជប៉ុន អូស្ត្រាលី ឥណ្ឌា និងរៀតណាម។ ភ្ញៀវទេសចរជនជាតិអាមេរិក បានចូលទស្សនាខេត្តសៀមរាប មានច្រើនជាងគេ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលកម្មវិធីលុយ នៃសារព័ត៌មានកោះសន្តិភាពទទួលបាន។ គិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ភ្ញៀវទេសចរជនជាតិអាមេរិក ដែលបានមកលេងកំសាន្តនៅសៀមរាប មានចំនួនសរុប ៤៩.២៥៨នាក់ កើនឡើងរហូតដល់ទៅ ២១,៧៦ភាគរយ ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា នៅ៥ខែកន្លងមកនេះ ភ្ញៀវទេសចរមកលេងនៅសៀមរាប មានចំនួនសរុបចំនួន ៤៧២.២៥៨នាក់ កើនឡើង ៣៦,៩៨ភាគរយ បើធៀបជាមួយេយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ប្រភពដដែលបានបន្ថែមថា អង់គ្លេសមកលេងសៀមរាប មានចំនូន៤៤.៦០៧នាក់ កើនឡើង៣៣,៧៦ភាគរយ, ភ្ញៀវទេសចរជនជាតិបារាំង មាន៤១.៨១៩នាក់ កើន៤១,៣២ភាគរយ, ភ្ញៀវទេសចជនជាតិកូរ៉េខាងត្បូង មានចំនួន ៤០.៦៦៦នាក់ កើនឡើង៤១,៨០ភាគរយ, ភ្ញៀវទេសចរជនជាតិចិន មានចំនួន ៣៣.២៩២នាក់ កើនឡើ៤៣,៧៩ភាគរយ ។

ប្រភពដដែល បានបន្ថែមថា សម្រាប់ភ្ញៀវទេសចរអាល្លឺម៉ង់ មានចំនួន២៨.៥០៧នាក់ កើនឡើង៣៨,៧៧ភាគរយ, ភ្ញៀវទេសចរជនជាតិជប៉ុន មានចំនួន២៦.៦៩៧នាក់ កើនឡើង១០៨,៦៧ភាគរយ, ភ្ញៀវទេសចរជនជាតិអូស្ត្រាលី មានចំនួន ២១.៥០១នាក់ កើនឡើង៤៥,៣៣ភាគរយ, ភ្ញៀវទេសចរឥណ្ឌា មានចំនួន ១៧.៨៩៩នាក់ កើនឡើង៤១,២៦ភាគរយ និងភ្ញៀវទេសចរវៀតណាម មានចំនួន១៦.១៥២នាក់ កើនឡើង ២០,៦៥ ភាគរយ ។

ក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរតាមផ្លូវអាកាសចំនួន ៣២២.៥១៩នាក់ ស្មើនឹង ៦៨,២៩ភាគរយ កើនឡើង ៤៥,៧៥ភាគរយ។ ភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាប តាមផ្លូវគោក មានចំនួន ១៤៩.៧៣៩ នាក់ ស្មើនឹង ៣១,៧១ភាគរយ កើនឡើង ២១,២៧ ភាគរយ។ ប្រភពដដែល បន្ថែមថា អាជីវកម្មទេសចរណ៍កំពុងដំណើរការសរុបចំនួន ១.០៤៣កន្លែង ក្នុងនោះ សេវាកម្មស្នាក់នៅសណ្ឋាគារ មានចំនួន ១៧៨ កន្លែង ស្មើនឹង ៩.០៩៧បន្ទប់ បុគ្គលិកបម្រើការមានចំនួន ៧.៤៨២នាក់ ៕