សម្តេច ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំ ក្រុ​មប្រឹក្សាភិបាល​សិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា កំពុងដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលរាជរដ្ឋាភិបាល ទើបផ្លាស់ប្តូរសមាសភាពសមាជិក នៅព្រឹកពុធនេះ នៅវិមានសន្តិភាព។

សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា សម្តេច ដឹកនាំកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ នៃក្រុមប្រឹក្សាភិបាលដែលមានសមាសភាពបន្ថែមថ្មីពីវិស័យឯកជន។ សមាសភាពសមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ពីវិស័យឯកជន មានតំណាងពីសភាពាណិជ្ជកម្មកម្ពុជា, សមាគមឧកញ៉ាកម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា និងពីក្រុមហ៊ុនអាកាសចរណ៍។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅ ការផ្លាស់ប្តូរសមាសភាព និងដាក់បញ្ចូលបន្ថែមសមាជិកមកពីវិស័យឯកជន ទៅក្នុងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជន ក្នុងការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

ក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមទៀតថា សមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាដែលមានលក្ខណៈចម្រុះទាំងរដ្ឋ និងឯកជននេះ គឺនឹងអនុញ្ញាតឱ្យវិស័យឯកជន អាចចូលរួមពេញលេញជាមួយរាជរដ្ឋាភិបាល ទាំងផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា៕

ដកស្រង់ពី៖ thmeythmey