កម្ពុជា​ នឹងប្រែខេត្តព្រះសីហនុទៅជាទីក្រុងធំមួយក្នុងតំបន់ដោយភាពចម្រុះវប្បធម៌ និងចីរភាព

សេចក្តីព្រាង«ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ត្រូវបានរៀបចំរួចរាល់ហើយ នឹងត្រៀមដាក់ឱ្យអនុវត្តនាពេលខាងមុខ។ តាមរយៈផែនការមេនេះ រដ្ឋាភិបាលនឹងអភិវឌ្ឍតំបន់មាត់សមុទ្រមួយនេះឱ្យក្លាយជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ប្រកបដោយភាពចម្រុះវប្បធម៌ ឆ្លាតវៃ និងចីរភាព។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «ផែនការមេដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅជំរុញកំណើនសេដ្ឋកិច្ច, ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព។ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានដឹកនាំកិច្ចប្រជុំនាថ្ងៃទី៩កក្កដា ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងនេះ មុចសម្រេចដាក់ជូនរាជរដ្ឋាភិបាលអនុម័តដាក់ឱ្យអនុវត្ត។

លោករដ្ឋមន្ត្រីសេដ្ឋកិច្ចបានបញ្ជាក់ថា «ផែនការមេ» នេះ មានចក្ខុវិស័យរយៈពេលវែងឆ្ងាយក្នុងការអភិវឌ្ឍខេត្តព្រះសីហនុទៅជាច្រកទ្វារអន្តរជាតិរបស់កម្ពុជា ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និង ឡូជីស្ទិក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ លើសពីនេះ រដ្ឋាភិបាល នឹងធ្វើឱ្យខេត្តមួយនេះ ក្លាយជាប៉ូលអភិវឌ្ឍន៍ជាតិ ដោយប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់ នវានុវត្តន៍បច្ចេកវិទ្យា។

ពិសេសជាងនេះទៅទៀតនេះ រដ្ឋាភិបាលនឹងប្រែក្លាយខេត្តមាត់សមុទ្រមួយនេះទៅជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ។

ដើម្បីសម្រេចបានចក្ខុវិស័យខាងលើនេះ «ផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង» នឹងត្រូវបានអនុវត្តជាពីរដំណាក់កាល។ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ការអនុវត្តនូវដំណាក់កាលទី១ គឺចាប់ពីឆ្នាំ២០២៥-២០២៨ ដោយផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍។ ស្ថិតនៅក្នុងដំណាក់កាលនេះ រដ្ឋាភិបាលនឹងធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់។

សម្រាប់ដំណាក់កាលទី២នោះ គឺពីឆ្នាំ២០២៩-២០៣៨ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារ ជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា។ ខេត្តឧស្សាហកម្មមួយនេះ នឹងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារសមស្របសម្រាប់សហគ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព។

កាលពីថ្ងៃ១៨តុលា ឆ្នាំ២០២១ វិទ្យាស្ថានផែនការ និង គំនូសប្លង់ទីក្រុងរបស់ខេត្តស៊ិនជិន (Urban Planning and Design Institute of Shenzhen-UPDIS) បានចុះហត្ថលេខាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្រោមវត្តរបស់លោក អូន ព័ន្ធមុនីរ័ត្ន។

គោលដៅនៃការរៀបចំផែនការមេនេះឡើង គឺដើម្បីទាញយកសក្កានុពលអភិវឌ្ឍ ឱ្យស្របទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក។ ជាពិសេសចាប់យកកាលានុវត្តភាពថ្មីៗ និងការទាក់ទាញបន្ថែមនូវការវិនិយោគ ធុរកិច្ច ដែលកើតពីការផ្លាស់ប្តូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅក្នុងតំបន់ចូលមកកម្ពុជា ដោយសំដៅពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម ប្រកបដោយចីរភាព និងភាពធន់។

លោករដ្ឋមន្ត្រីសេដ្ឋកិច្ច បានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាបានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តព្រះសីហនុនេះឱ្យជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ ក្នុងការទាក់ទាញនិងស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានក្លាយទៅជាក្បាលម៉ាស៊ីនមួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ។ ជាពិសេស, ការអភិវឌ្ឍខេត្តនេះ នឹងជួយប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ដកស្រង់ពី៖ thmeythmey