ខេត្តព្រះសីហនុនឹងប្រែក្លាយជាទេសចរណ៍ឆ្នេរ និងប្រជុំកោះលំដាប់ពិភពលោក

រាជរដ្ឋាភិបាលកម្ពុជា គ្រោងអនុម័តផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នាពេលខាងមុខ ក្នុងចក្ខុវិស័យរយៈវែងដើម្បីឱ្យខេត្តនេះ ក្លាយទៅជា៖

១ -ច្រកទ្វារអន្តរជាតិ ដោយប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ២-ប៉ូលអភិវឌ្ឍជាតិ ដោយប្រែក្លាយជាគោលដៅទេចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា។

៣-ទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិតាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ផែនការមេនេះ គឺជាត្រីវិស័យក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយសំដៅរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍសង្គម និងការការពារបរិស្ថានប្រកបដោយចីរភាព និងនិរន្តរភាព។

ផែនការមេនេះ នឹងអនុវត្តជា២ដំណាក់កាលគឺ៖ -ដំណាក់កាលទី១ ២០២៥-២០២៨៖ ផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុ ទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់ ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងការអភិវឌ្ឍតំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់។ -ដំណាក់កាលទី២ ២០២៩-២០៣៨៖ ខេត្តព្រះសីហនុ នឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់ លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា ព្រមទាំងអភិវឌ្ឍខ្លួនទៅជាទីក្រុងពហុមុខងារ សមស្របសម្រាប់សហគ្រិនភាព និងទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព៕

ដកស្រង់ពី៖Sabay News