ប្រាសាទតាមាន់ តាក្របីៈ ដួងព្រលឹងខ្មែរ សឹងគ្មានខ្មែរទៅដល់

តាមាន់ និងតាក្របី ជាប្រាសាទបុរាណរបស់កម្ពុជាពីរ ដែលកំពុងតែរង់ចាំវត្តមានរបស់អ្នកទេសចរជាតិ និងអន្តរជាតិ ដែលស្ថិតនៅតំបន់ព្រំដែនថៃ នៅក្នុងភូមិសាស្ត្រនៃខេត្តឧត្តមានជ័យ ។ អ្នកអភិរក្សសម្បត្តិវប្បធម៌ នៅតាមបណ្តោយព្រំដែន កំពុងដង្ហោយឲ្យប្រជាពលរដ្ឋ និងអ្នកដែលពាក់ព័ន្ធកុំបំភ្លេចប្រាសាទបុរាណ នៅតាមតំបន់ព្រំដែនថៃ ជាពិសេស គឺប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ។

អ្នកអភិរក្សមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យកម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាពដឹងថា ប្រាសាទទាំងពីរនោះ គឺមានតែអ្នកទេសចរថៃ ប៉ុន្តែសម្រាប់អ្នកទេសចរខ្មែរយើងសឹងតែមិនមាន ទោះបីជាប្រាសាទនោះស្រស់ស្អាត និងមានស្ថាបត្យកម្មក៏ដូចជារចនាបទមិនចាញ់ប្រាសាទមួយចំនួននៅតំបន់អង្គរក៏ដោយ ។ លោកបានបញ្ជាក់ថា យុវជនគួរតែនាំគ្នាទៅលេង ឬក៏បង្កើតកម្មវិធីផ្សេងៗនៅទីនោះ ដើម្បីបានស្គាល់ប្រាសាទផង ស្គាល់ភូមិសាស្ត្រ និងស្គាល់ទីតាំង ហើយដឹងស្ថានភាពពិតនៅតាមបណ្តោយព្រំដែនមិនមែនស្រលាញ់ចូលចិត្តតាមតែទូរស័ព្ទ តាមតែបណ្តាញសង្គមដែលគេផ្សព្វផ្សាយ គេចែករំលែកនោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យ បានប្រាប់កម្មវិធីលុយនៃសារព័ត៌មានកោះសន្តិភាព នៅថ្ងៃទី១១ ខែកក្កដាថា ចំពោះប្រាសាទនៅតាមបន្ទាត់ព្រំដែនខ្មែរ និងថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ទាក់ទង និងការងារអភិរក្ស យើងពុំទាន់អាចធ្វើអីបានធំដុំនោះទេ ក្រៅពីការសិក្សាស្រាវជ្រាវចងក្រងឯកសារប្រវត្តិសាស្ត្រទុក ។ ដោយឡែកប្រាសាទផ្សេងទៀត ដែលនៅក្រៅពីបន្ទាត់ព្រំដែនក្រៅតំបន់មួយចំនួនធំ មន្ទីរបានដាក់ឆ្មាំ ដើម្បីសម្អាតជាប្រចាំ ។ លោកបានបញ្ជាក់ថា ចំពោះភ្ញៀវទេសចរ គឺមានតិចតួចចំពោះភ្ញៀវខាងខ្មែរ តែខាងថៃ គឺមានច្រើនគួរអោយកត់សម្គាល់ ។ ដោយសារតំបន់ប្រាសាទនេះ ធ្លាប់មានការផ្ទុះអាវុធកន្លងមករវាងខ្មែរ និងថៃ ហើយជាតំបន់ប្រទាញប្រទង់ ដូចនេះការទាក់ទាញទេសចរអោយមកទស្សនាពិតជារឿងមួយពិបាក ។

លោកបានបញ្ជាក់បន្ថែមថា «ស្ថានភាពរបស់ប្រាសាទ គឺពុំមានអ្វីប្រែប្រួលនោះទេ ជាពិសេសប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺមានកងទ័ពប្រទេសទាំងនៅយាម សម្អាតជាប្រចាំ» ។ មកដល់ពេលនេះប្រាសាទតាមាន់ធំ និង ប្រាសាទតាក្របី គឺជាប្រាសាទដែលស្ថិតនៅក្នុង ស្ថានភាពប្រទាញប្រទង់រវាងកម្ពុជា និងថៃ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកងទ័ពកម្ពុជាបានកំពុងតែថែរក្សា និងការពារនៅទីនោះ ។ ប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ តាមផ្លូវជាតិលេខ ៥៦ ដែលមានចម្ងាយ ពីទីរួមក្រុងសំរោង ៤៨គីឡូម៉ែត្រ ។ ពីប្រាសាទតាមាន់ធំទៅប្រាសាទតាមាន់តូចមានចម្ងាយជិត២គីឡូម៉ែត្រ ។

ប្រាសាទតាមាន់ធំមានទំហំ ៦០មX៦០ម សាងសង់ អំពីថ្មភក់ ស្ថិតនៅលើខ្នងភ្នំដងរែក ដោយប្រាសាទនេះ បានធ្វើការចុះបញ្ជីសារពើភណ្ឌ័របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួចហើយ ។ តាមការវាយតម្លៃរបស់អ្នក បុរាណវិទ្យាបានបញ្ជាក់ថា សំណង់ស្ថាបត្យកម្មប្រាសាទនេះបានសាងសង់រួចហើយ ប៉ុន្តែផ្នែកចម្លាក់រចនាវិញយើងសងេ្កតឃើញថា នៅសល់ផ្ទៃច្រើននៃប្រាសាទដែលមិនទាន់ឆ្លាក់ ។ នៅក្នុងទីតាំងប្រាសាទនេះ គឺជាទីកន្លែងអាស្រមមួយកាលពីសម័យមុនអង្គរនេះ នេះបើតាមអ្នកស្រាវជ្រាវបកស្រាយយោងទៅតាមសិលាចារឹកនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ។ ប្រការគួរអោយចាប់អារម្មណ៍មួយទៀត របស់ប្រាសាទ គឺគេពុំបានពង្រាបដីឱ្យស្មើ ដើម្បីសាងសង់ឡើយ គឺគេសាងសង់ផ្ទាល់លើថ្មភ្នំ ដោយគ្រាន់តែដាប់ឱ្យស្មើល្មមៗ តែប៉ុណ្ណោះ ហើយប្រហែលជាយកថ្មនៅទីនោះតែម្តងមកសង់ប្រាសាទ ។ ចំពោះបដិមាវិញ យើងពុំទាន់ឃើញមានអ្វីទាំងអស់ លើកលែងតែនៅក្នុងបន្ទប់មួយមានបដិមាធម្មជាតិស្រាប់ ។

នេះ គឺជាសាច់ថ្មដុះមកលើត្រង់ហើយ ដែលខ្មែរបុរាណចាត់ទុកថា ជាលិង្គ ។ សូមជ្រាបថា លិង្គមានពីរបែប ។ លិង្គដែលមនុស្សឆ្លាក់ហើយអាចប្តូរទីកន្លែងបានដែលគេតែងយកទៅតម្កល់បញ្ចុះក្នុងយោនីនោះគេហៅថា«ស្ថាបិតលិង្គ» ។ រីឯថ្មដែលជាប់នឹងផ្ទាំងនៅក្នុងដី ហើយដែលមានរូបរាងលេចចេញមកលើល្មមអាចឱ្យគេចាត់ទុកថា ជាលិង្គបានគេហៅថា «ស្វ័យម្ភូវលិង្គ » ន័យថា លិង្គដែលកើតឡើងដោយឯកឯង ។ ចំពោះការគោរពសក្ការៈនៃលិង្គទាំងពីរ គឺមានដូចគ្នា ប៉ុន្តែស្វ័យម្ភូវលិង្គនៅទីនេះ ភ្ជាប់នៅក្រៅបរិវេណ ប្រាសាទតាមចង្អូរថ្ម ឬទរបង្ហូរទឹកមន្ត «សោមសូទ្រ» ដែលគេរៀបចំសម្រាប់ទឹកមន្តស្រោចស្រពក្នុងពិធីលើលិង្គនោះហូរទៅក្រៅ ដើម្បីសាសនិកនានាត្រងយកទៅប្រើក្នុងជំនឿផ្សេងៗរៀងៗខ្លួន ។ ដោយឡែកប្រាសាទតាក្របី មានទីតាំងស្ថិតនៅ ភូមិឈើស្លា.ប់ ឃុំគោកខ្ពស់ ប៉ុន្តែនៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យដែរ ។ ភ្ញៀវទេសចរអាចធ្វើដំណើរបានពីរផ្លូវ គឺផ្លូវលេខ៥៦ និងលេខ៥៨ ដែលមានចម្ងាយប្រមាណ ៥៧គីឡូម៉ែត្រ ពីក្រុងសំរោង ៕

ដកស្រង់ពី៖កោះសន្តិភាព