គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ឈានដល់ការវាយតម្លៃ​ និងត្រៀមឱ្យរដ្ឋាភិបាលសម្រេច

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែតតម្លៃប្រមាណ៤០០០លានដុល្លារអាម៉េរិក បានឈានដល់ការវាយតម្លៃ និងត្រៀមដាក់ឱ្យរដ្ឋាភិបាលពិនិត្យលើផែនការសាងសង់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានបញ្ជាក់ថា ក្រុមហ៊ុនចិនដែលវិនិយោគលើគម្រោងនេះបានសិក្សាលក្ខណៈបច្ចេកទេសរួចរាល់អស់ហើយ។

« បច្ចុប្បន្ន ក្រុមហ៊ុន បាននិងកំពុងរៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាននៅការិយាល័យហើយ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនាពេលនាខាងមុខ»។ក្រសួងសាធារណការបានសរសេរបែបនេះនៅទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនពីគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ប្រវែង៤២០គីឡូម៉ែតនេះ នៅរសៀលថ្ងៃទី១៦កក្កដា។

គម្រោងផ្លូវល្បឿនលឿនទី៣របស់កម្ពុជានេះ មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ រហូតដល់ចំណុចបញ្ចប់ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)។

បើតាមក្រសួងសាធារណការ គម្រោងនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង៣គីឡូម៉ែត្រ កាត់ខេត្តកណ្ដាល ១៨គីឡូម៉ែត្រ កាត់កំពង់ចាម៤៣គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ១ តំបន់ផ្តល់សេវាកម្ម១) កាត់កំពង់ធំ ១៣១គីឡូម៉ែត្រ(ផ្លូវប្តូរទិសចរាចរណ៍ ៣ តំបន់ផ្តល់សេវាកម្ម ៤) កាត់សៀមរាប ១៣០គីឡូម៉ែត្រ (ផ្លូវប្តូរទិសចរាចរណ៍ ៥ តំបន់ផ្តល់ សេវាកម្ម ១ ចំណតរថយន្ត ១) កាត់ខេត្តបន្ទាយមានជ័យ៩៥គីឡូម៉ែត្រ (ផ្លូវប្ដូរទិសចរាចរណ៍១ តំបន់ផ្តល់សេវាកម្ម១ ចំណតរថយន្ត ១)។សរុបគម្រោងនេះ គឺមានផ្លូវប្តូរទិស១០ កន្លែង សេវាកម្ម៧កន្លែង និងចំណតរថយន្ត២កន្លែង។

ជាបច្ចេកទេសគម្រោងផ្លូវនេះ នឹងត្រូវបានសាងសង់ឡើងដូចនឹងគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ-ក្រុងបាវិត ផងដែរ។ តាមផែនការផ្លូវល្បឿនលឿនទីបីនេះ មានបួនគន្លង ក្រាលបេតុងកៅស៊ូ (AC) ទទឹងតួផ្លូវប្រវែង២៤,៥ម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន៤គន្លង(២គន្លងទៅ២គន្លងមក)ទទឹង៣,៧៥ម៉ែត្រ ដោយមានសួនចែកទិសចរាចរណ៍នៅចំកណ្ដាលទ្រូងផ្លូវទទឹង៣ម៉ែត្រ។ ក្រៅពីនេះ មានគន្លងផ្លូវឈប់បន្ទាន់ទទឹង២,៥ម៉ែត្រ និងចិញ្ចើមផ្លូវទទឹង ០,៧៥ម៉ែត្រដោយការធ្វើចរាចរណ៍ស្ថិតនៅក្នុងល្បឿន ១០០ ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រសួងសាធារណការបានរៀបរាប់យ៉ាងលម្អិតបន្ថែមថា គម្រោងនេះត្រូវបានចែកចេញជាពីរជំហាន ដោយគម្រោងជំហាន១ នឹងត្រូវធ្វើឡើងចាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងសៀមរាប ក្នុងប្រវែង២៤៩គីឡូម៉ែត្រ ក្រោមទំហំថវិកាប្រមាណ២៥០០លានដុល្លារ។ជំហានទី២ គឺចាប់សៀមរាប-ប៉ោយប៉ែតមានប្រវែង ១៥១គីឡូក្រាម ក្នុងចំណាយប្រមាណ១៧០០លានដុល្លារ។

ក្រុមហ៊ុនដែលវិនិយោគិនលើគម្រោងផ្លូវនេះ គឺជាក្រុមហ៊ុនចិនសាជីវកម្មស្ពាន និងថ្នល់(CRBC) ដែលទទួលបានការជឿទុកចិត្តខ្ពស់ពីរដ្ឋាភិបាល។ គម្រោងផ្លូវល្បឿនលឿនទាំង៣ខ្សែរបស់កម្ពុជាបានស្ថិតនៅក្រោមដៃរបស់ក្រុមហ៊ុនមួយនេះទាំងអស់។ ផ្លូវល្បឿនលឿនទី១ ពីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុដែលត្រូវបានចរាចរណ៍នាពេលបច្ចុប្បន្ន, ក្រុមហ៊ុន CRBC បានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ២០០០លានដុល្លារ។ រីឯ ផ្លូវល្បឿនលឿនទី២ ពីភ្នំពេញ-ក្រុងបាវិត កំពុងស្ថិតនៅក្នុងដំណើរការសាងសង់ ក្រុមហ៊ុននេះបានវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១៧០០លានដុល្លារ។

រដ្ឋាភិបាលព្យាយាមកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំងនេះឡើង គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

ដកស្រង់ពី៖ thmeythmey