បញ្ហាទេសចរណ៍ ជាវិញ្ញាសាសម្រាប់រដ្ឋាភិបាលអាណត្តិថ្មីដោះស្រាយ

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត បានចាត់ទុកថា បញ្ហានៅក្នុងវិស័យទេសចរណ៍ គឺជាវិញ្ញាសាដ៏លំបាក មួយសម្រាប់រាជរដ្ឋាភិបាលអាណត្តិដោះស្រាយ។ ប្រមុខរាជរដ្ឋាភិបាល បានទទួលស្គាល់ថា ស្ថានភាពទេសចរណ៍កម្ពុជា ពិតជាពុំទាន់ប្រែមកល្អប្រសើរវិញនៅឡើយ។

ពីពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨កក្កដា សម្ដេច ហ៊ុន ម៉ាណែត ក៏បានថ្លែការពារមន្ត្រីតាមក្រសួងនីមួយៗ ថាបានខិតខំបំពេញការងារឥតឈប់ឈរ ក្នុងរយៈពេលជាង១០ខែ នៃអាណតិ្តថ្មីនេះ តបនឹងការរិះគន់កន្លងមកដែរ។

ជុំវិញបញ្ហានៅក្នុងវិស័យទេសចរណ៍នេះ សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកំពុងខ្នះខ្នែងដោះស្រាយ និងបង្កើតជាយន្តការផ្សេងៗជាបន្តបន្ទាប់ មិនមើលដំណាំគ្នាឡើយ។ ទន្ទឹមនឹងនេះ សម្តេច ហ៊ុន ម៉ាណែត ប្តេជ្ញាបង្កើនឱ្យបាននូវដំណោះស្រាយទាក់ទាញទេសចរឱ្យបានកាន់តែប្រសើរសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។

សម្តេច ហ៊ុន ម៉ាណែត៖ «សំខាន់យើងផ្តោតថាតើការពិតវាយ៉ាងណា? ដាក់ចេញ វិធានការ ដើម្បីដោះស្រាយចំណុចហ្នឹងទៅថ្ងៃ មុខកុំឱ្យគេថាទៀត។ នេះជាបញ្ហាដែលយើងត្រូវដោះ (ស្រាយ)។ ជាវិញ្ញាសា។ខ្ញុំមើលបញ្ហាជាវិញ្ញាសា កុំមើលវាជាបញ្ហា។ ស្អីក៏ដោយសុទ្ធតែវិញ្ញាសា។ ដូចយើងរៀនគណិត(វិទ្យា)អ៊ីចឹង។មានទាំងលំបាក មានអត់លំបាកវិញ្ញាសា បានយើងរកវិធីដោះ។ បើយើងនិយាយជាបញ្ហា យើងចប់។ បានន័យថាយើង សឹងតែបាក់ទឹកចិត្តទៅហើយ។»។

ទន្ទឹមនឹងនេះ សម្តេច ហ៊ុន ម៉ាណែត ក៏ប្រាប់មន្ត្រីពាក់ព័ន្ធ កុំឱ្យមានការល្អក់កករចិត្តចំពោះការរិះគន់ ឬការលើកឡើងរបស់សាធារណជន ពាក់ព័ន្ធនឹងចំនួនភ្ញៀវទេសចរនេះ។ សម្តេចនាយករដ្ឋមន្ត្រី យល់ថា សាធារណជនលើកឡើងពីបញ្ហានេះ ព្រោះពួកគាត់បារម្ភពីស្ថានភាពសេដ្ឋកិច្ច និងប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគាត់។

នុងមួយថ្ងៃខេត្តសៀមរាបទទួលបានជើងយន្តហោះ ជាមធ្យមពី១៥ ទៅ ១៩ជើង ដែលក្នុងនោះមានទេសចរប្រមាណ ១ ៩០០នាក់ ទៅ២ ០០០នាក់ ក្នុងមួយថ្ងៃ។ បើតាមរបាយការណ៍ដែលអានដោយ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ទទួលបានទេសចរតាមច្រកព្រលានយន្តហោះ បានប្រមាណ៣១ម៉ឺននាក់ ដែលកើនឡើង៣៦ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

ដកស្រង់ពី៖ thmeythmey