ចំនួនច្រើនមិនធ្លាប់​មានជាង​២០ឆ្នាំ! កម្ពុជារកឃើញក្រពើភ្នំ​៥សំបុកនៅឧទ្យានជាតិជួរភ្នំក្រវាញ

សំបុកក្រពើភ្នំសរុបចំនួន៥សំបុក ត្រូវបានប្រទះឃើញនៅឧទ្យានជាតិជួរភ្នំក្រវាញ កាលពីពាក់កណ្តាលខែឧសភា កន្លងមក។ បើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន នេះជាចំនួនសំបុកពងកូនច្រើនបំផុតដែលមានធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំ។

សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមាន ចំនួន៦៦គ្រាប់។ សេចក្តីប្រកាសព័ត៌មានរួម បានបញ្ជាក់ថា មន្ត្រីឧទ្យាននុរក្ស និងសហគមន៍មូលដ្ឋាន បានការពារសំបុកយ៉ាងម៉ត់ចត់ រហូតដល់កូនក្រពើភ្នំសរុប ៦០ក្បាល បានញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួន ប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមាន សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ថា ក្រសួងរបស់លោកបាននិងកំពុងធ្វើការអភិរក្សនិងស្តារទីជម្រករបស់ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតក្នុងធម្មជាតិ ដោយក្រពើភ្នំដើរតួយ៉ាងសំខាន់ក្នុង ប្រព័ន្ធអេកូឡូស៊ី។

ដូចគ្នាផងដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា នេះជា ជោគជ័យមួយថ្មីទៀតយ៉ាងសំខាន់នៃកម្មវិធីគាំពារសត្វកម្រជិតផុតពូជ ក្រោមកិច្ចសហការជាមួយដៃគូ អង្គការក្រៅរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញកំណើនសត្វកម្រដូចជា ក្រពើភ្នំ ផ្សោត និងសត្វអណ្តើកហ្លួងជាដើម។

ចំពោះសត្វក្រពើភ្នំនេះ រដ្ឋបាលព្រៃឈើ សហការជាមួយអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា លើការជ្រើសរើសពូជក្រពើភ្នំសុទ្ធមកបង្កាត់ហើយដាក់ចូកទៅក្នុងជម្រកធម្មជាតិវិញក្នុងដែនអភិរក្សបរិស្ថាន ដោយអាចឱ្យវាបន្តពូជដោយខ្លួនឯង ហើយបង្កើតជាសំបុក និង កូនជំនាន់ថ្មីក្នុងធម្មជាតិ។

«ការងាររបស់យើងនេះមិនត្រឹមតែទាក់ទងនឹងការបង្កាត់ពូជក្រពើភ្នំសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែយើង ធ្វើការដើម្បីធានាឱ្យបានថាពួកវាមានទីជម្រកសមរម្យដែលត្រូវលែងទៅក្នុងធម្មជាតិវិញ»។ លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ ដោយរំលឹកពីការប្រឹងប្រែងរួមគ្នាជាងមួយទសវត្សរ៍ក្នុងបេសកកម្មក្នុងការជំរុញការកើនឡើងនៃចំនួនសត្វក្រពើភ្នំ នៅតំបន់ជួរភ្នំក្រវាញ។

លោក ថយ ឈាន អ្នកល្បាតក្រពើភ្នំ រំពឹងថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងអភិរក្ស ជាបន្តបន្ទាប់ ចំនួនក្រពើភ្នំនៅកម្ពុជា នឹងបន្តកើនឡើងនាពេលអនាគត៕

ដកស្រង់ពី៖ thmeythmey