អាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលខូចខាតឡើងវិញ

សៀមរាប៖ ក្រុមអ្នកជំនាញ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ចាប់ផ្ដើមដំណើរការជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលរងការខូចខាត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិពិសេស មេគង្គ-ឡានឆាង។នេះបើតាមអាជ្ញាធរជាតិអប្សរា។

ចាប់តាំងពីខែមេសាមក ក្រុមការងារបច្ចេកទេស បានធ្វើកំណាយស្រាវជ្រាវរចនាសម្ព័ន្ធស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ដែលបែកបាក់រលំអស់ជាច្រើនឆ្នាំ។ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានរៀបចំការជួសជុលដើម្បីឱ្យមានសោភ័ណភាព និងបង្ហាញរូបរាងដើមនៃស្ពានហាលឡើងវិញ ដោយគ្រោងបញ្ចប់ការជួសជុលនៅខែកក្កដា ឆ្នាំ២០២៥។

អាជ្ញាធរជាតិអប្សរាបានស្រង់សម្ដីលោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាយ៉ាងដូច្នេះថា៖«ដោយសារកត្ដាមនុស្ស អាយុកាល ធម្មជាតិ បានធ្វើឱ្យស្ពានហាលខាងកើតប្រាសាទបេងមាលា ខូតខាតស្ទើរទាំងស្រុង»។

នៅទីតាំងនៃការប្រារព្ធពិធីប្រុងពលីបើកការដ្ឋានជួសជុល លោកបានពន្យល់ថា ជញ្ជាំងស្ពានស្រុត ប្រេះ ហែក ទ្រេត និងរលុះធ្លាក់មួយចំនួន ។ ចំណែកឯបង្កាន់នាគវិញ ដួលរលំទាំងស្រុង ហើយថ្មបែកបាក់ជាច្រើនកំណាត់ ,កម្រាលស្ពានស្រុត ហែកចេញជាច្រើនផ្នែក , ថ្មប្រេះបែក និងពុកផុយ។ ដោយឡែកសរសរមូលទ្របង្កាន់ដៃនាគ ក៏ដួលរលំស្ទើរទាំងស្រុងដែរ។

អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរារូបនេះ បានបន្ថែមថា « ការជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលជាច្រកចូលយ៉ាងសំខាន់នេះ មានប្រវែង១០០ម៉ែត្រ និងទទឹង១៣ម៉ែត្រ។

គួររំលឹកផងដែរថា ប្រាសាទបេងមាលា ជាប្រាសាទបុរាណមួយ ដែលស្ថិតនៅក្នុងរចនាប័ទ្មដូចនឹងប្រាសាទអង្គរវត្ដដែរ ហើយមិនមានសិលាចារឹកបន្សល់ទុក ដើម្បីជាភស្ដុតាងបញ្ជាក់ថា ប្រាសាទនេះកសាងនៅក្នុងឆ្នាំណាឡើយ។ ប៉ុន្ដែតាមរយៈ រចនាប័ទ្ម គេអាចសន្និដ្ឋានដឹងថា ប្រាសាទបេងមាលា កសាងឡើងនៅចុងសតវត្សរ៍ទី១២ ក្នុងរាជព្រះបាទ សូរ្យវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយព្រាហ្មញ្ញសាសនា។

ប្រាសាទបេងមាលា មានចម្ងាយ៧៧គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប ដែលស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ក្រុងសៀមរាប៕

ដកស្រង់ពី៖ thmeythmey