វៀតណាមជាប្រទេសមានថ្លៃរស់នៅថោកបំផុត សម្រាប់អ្នក​ធ្វើការជាជនបរទេស

ឆ្នាំ២០២៤ ជាឆ្នាំទី៤ ជាប់គ្នាដែលវៀតណាមជាប់ចំណាត់ថ្នាក់ទី១ លើពិភពលោក ដោយមានតម្លៃរស់នៅថោកបំផុតសម្រាប់ជនបរទេសដែលធ្វើការនៅទីនោះ។ នេះបើតាមអង្គការ InterNations។

អង្គការ InterNations ដែលជាសហគមន៍កម្មករធ្វើការនៅបរទេសមានសមាជិកជាង ៥,៣លាននាក់មកពីទីក្រុងចំនួន៤២០ជុំវិញពិភពលោក ទើបតែបានចេញផ្សាយរបាយការណ៍ចំណាត់ថ្នាក់គោលដៅល្អបំផុតសម្រាប់ជនបរទេសធ្វើការ (Expat Insider Ranking)។

ចំណាត់ថ្នាក់នេះ បានស្ទង់មតិអ្នកធ្វើការជាង ១២៥០០នាក់ដែលកំពុងធ្វើការនៅក្នុង ៥៣ប្រទេស និងដែនដី។ លក្ខណៈវិនិច្ឆ័យចំណាត់ថ្នាក់នេះផ្អែកលើកត្តា ៥សំខាន់គឺ គុណភាពនៃជីវិត ស្ថិរភាពជីវិត ស្ថានភាពការងារ ហិរញ្ញវត្ថុផ្ទាល់ខ្លួន និងតម្រូវការចាំបាច់។

ជាលទ្ធផល វៀតណាមបន្តឈរលើគេក្នុងចំណាត់ថ្នាក់ហិរញ្ញវត្ថុផ្ទាល់ខ្លួនសម្រាប់ឆ្នាំទី៤ជាប់គ្នា។ ថ្លៃចំណាយទូទៅសម្រាប់ការរស់នៅរបស់ជនបរទេសដែលធ្វើការនៅវៀតណាមបានវាយតម្លៃជាវិជ្ជមានដោយមានអត្រារហូតដល់ ៨៦ភាគរយនៃ ដែលច្រើនជាងទ្វេដងនៃមធ្យមភាគសកល។

ទន្ទឹមនេះ ៦៥ភាគរយជនបរទេសពេញចិត្តនឹងស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេដែលកំពុងធ្វើការនៅវៀតណាម ដោយមួយផ្នែកព្រោះតែប្រាក់ចំណូលខ្ពស់។ ជាពិសេស ១៩ភាគរយនៃជនបរទេសធ្វើការនៅវៀតណាមអះអាងថា ប្រាក់ចំណូលប្រចាំឆ្នាំសរុបគឺប្រមាណ ១៥ម៉ឺនដុល្លារ ឬច្រើនជាងនេះ ដែលខ្ពស់ជាងមធ្យមភាគសកលមាន ១០ភាគរយ។

យ៉ាងណាក៏ដោយ មានតែ ៣ភាគរយប៉ុណ្ណោះដែលបានលើកឡើងថា ការចំណាយទាបជាកត្តាជំរុញប្រជាជនឲ្យផ្លាស់ទៅធ្វើការនៅវៀតណាម។ នេះបើតាមសារព័ត៌មាន VnExpress នៅថ្ងៃទី៨ ខែកក្កដា។

នៅក្នុងចំណាត់ថ្នាក់ឆ្នាំ២០២៤ ប៉ាណាម៉ានាំមុខគេលើពិភពលោកជាកន្លែងល្អបំផុតសម្រាប់ជនបរទេសធ្វើការ។ ប្រទេសនៅអាស៊ីដែលស្ថិតក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង១០ រួមមានឥណ្ឌូណេស៊ី (លេខ៣) ថៃ (លេខ៦) ហ្វីលីពីន (លេខ៩) អេមីរ៉ាតអារ៉ាប់រួម (លេខ១០)៕

ដកស្រង់ពី៖ thmeythmey