ក្រុមហ៊ុនVietnam Airlines នឹងហោះហើរត្រង់ហាណូយ-ភ្នំពេញ ចាប់ពីចុងខែតុលា

ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន Vietnam Airlines នឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញ ជាមួយនឹងជើងហោះហើរទៅមកចំនួន ៤ដងក្នុងមួយសប្តាហ៍។

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) នៅថ្ងៃទី១៣ ខែកក្កដា បានប្រកាសជើងហោះហើរត្រង់រវាងទីក្រុងហាណូយ-ភ្នំពេញ។ ទន្ទឹមនេះ ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូនានាជាមួយកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ និងទេសចរណ៍នៅក្នុងប្រទេសទាំងពីរ។

បើតាមសេចក្តីប្រកាសរបស់ Vietnam Airlines ក្រុមហ៊ុននឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៤។ ការហោះហើរត្រង់នេះមានចំនួន ៤ជើងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។

បច្ចុប្បន្ន ភ្ញៀវដែលចង់ធ្វើដំណើរពីហាណូយទៅទីក្រុងភ្នំពេញ ត្រូវចុះចតនៅទីក្រុងវៀងចន្ទន៍របស់ឡាវជាមុនសិន។

ផ្លូវហោះហើរថ្មីនេះ នឹងបង្កើនចំនួនជើងហោះហើរសរុបរវាងវៀតណាម និងកម្ពុជារបស់ក្រុមហ៊ុន Vietnam Airlines ដល់ទៅ៥ជើងក្នុងមួយសប្តាហ៍ចាប់ពីចុងខែតុលាតទៅ។ លើសពីនេះ ចំនួនជើងហោះហើរសរុបរវាងប្រទេសទាំងពីរនឹងកើនឡើងដល់ ៨៦ជើងក្នុងមួយសប្តាហ៍។ នេះបើតាមសារព័ត៌មានវៀតណាម VOV៕

ដកស្រង់ពី៖ thmeythmey