ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចគណបក្សប្រចាំឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ

ឯកឧត្តម ជា សុផារ៉ា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចគណបក្សប្រចាំឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ប្រចាំឆមាសទី១ និងលើកទិសដៅភារកិច្ចគណបក្សប្រចាំឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅ នៅស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហារ ឃុំទន្លេបិត ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា គណបក្សថ្នាក់កណ្ដាល ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ឯកឧត្តម កេង ប៊ុណ្ណា អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងប្រធានប្រចាំការគណបក្សខេត្ត ឯកឧត្តម ឡុង ធាម ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកនៃគណៈកម្មាធិការគណបក្សខេត្ត និង ប្រធាន អនុគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំសង្កាត់ ជាច្រើនរូបផងដែរ ។

ឯកឧត្តម កេង ប៊ុណ្ណា ប្រធានប្រចាំការគណបក្សខេត្ត បានមានមតិស្វាគមន៍ និងអានរបាយការណ៍សង្ខេប នៅលទ្ធផលការងារគណបក្ស ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ជូនអង្គពិធីជ្រាប។ ដោយឯកឧត្តម បានរំលេចផងដែរ ថា ខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋភាគច្រើន មានជំនឿជឿជាក់ និងគាំទ្រពេញទំហឹងចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់គណបក្ស គ្រប់ថ្នាក់ បានរៀបចំត្រឹមត្រូវ និងបានពង្រឹងសមត្ថភាពយល់ដឹង ក្នុងការអនុវត្តការងារបានច្បាស់លាស់ ។ ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្ត បានមានប្រសាសន៍លើកឡើងពីគោលបំណងនៃការរៀបចំកិច្ចនាឱកាសនេះ គឺ ដើម្បីការត្រួតពិនិត្យឡើងវិញ នូវការអនុវត្តទិសដៅភារកិច្ច របស់គណបក្សខេត្ត ព្រមទាំងការផ្តល់គោលការណ៍ដ៏មានសារៈសំខាន់ពីថ្នាក់ដឹកនាំគណបក្ស ដល់គណបក្សតាមមូលដ្ឋាន និងមន្ត្រីគណបក្សទាំងអស់ ឱ្យអនុវត្តន៍តាមគោលនយោបាយ និងគោលការណ៍ របស់គណបក្ស ដែលបានដាក់ចេញ ។

ក្នុងនោះ ឯកឧត្តម ក៏សង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ នឹងទទួលបាននូវមូលដ្ឋានដ៏រឹងមាំ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សគ្រប់ថ្នាក់ ដែលមានអនុវត្តនៅទីនេះ យកទៅប្រតិបត្តិក្នុងសមត្ថកិច្ច និងតួនាទី ភារកិច្ច និងការទទួលខុសត្រូវកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។ ឯកឧត្តម ជា សុផារ៉ា បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានរបាយការណ៍នេះដែរ ការងារសណ្តាប់ធ្នាប់សាធារណៈ ត្រូវចាត់ទុកថា គឺជាការខិតខំប្រឹងប្រែងរបស់កងកំលាំងគ្រប់លំដាប់ថ្នាក់ ហើយឯកឧត្តម បានផ្តល់ការកោតសរសើរដល់កងកំលាំងព្រមទាំងមេភូមិ ចៅសង្កាត់ មេឃុំទាំងអស់ ដែលបានខិតខំប្រឹងប្រែងរក្សាភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍តាមរយៈការផ្តល់នូវសុខសុវត្ថិភាព សន្តិសុខ ជូនដល់ប្រជាពលរដ្ឋ ដែលនេះចាត់ទុកថា ជាទំនៀមទំលាប់របស់គណបក្សប្រជាជនកម្ពុជាក្នុងការទទួលខុសត្រូវជាមួយនឹងប្រជាពលរដ្ឋ។

ចំណុចមួយទៀត ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានណែនាំដល់អាជ្ញាធរខេត្តត្បូងឃ្មុំ ត្រូវសិក្សាដាំកូនឈើអមសងខាងផ្លូវ ក្នុងខេត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាព និងភាពបៃតងក្នុងខេត្ត ពិសេសចូលរួមទប់ស្កាត់ ការប្រែប្រួលអាកាសធាតុ ជំរុញលើការការពារ និងអភិរក្សជីវចម្រុះ និងដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ លើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យដាំដើមឈើឱ្យបានច្រើន ក្នុងនោះអាជ្ញាធរខេត្តចាំបាច់ត្រូវសិក្សាកែលំអរតំបន់រមណីដ្ឋាននានា ដើម្បីប្រែក្លាយជាតំបន់ទេសចរណ៍ ជាការទាក់ទាញ់ភ្ញៀវមកលេងកម្សាន្តសប្បាយឱ្យបានច្រើន កុះករ៕