RFIអន្តរជាតិកីឡាអូឡាំពិក៖ បារាំងចំណាយលុយអស់តិចជាងចិន និងជប៉ុន

នៅថ្ងៃសុក្រទី ២៦ ខែកក្កដា បារាំងបើកសម្ពោធកីឡាអូឡាំពិក ប៉ារីស ២០២៤ ដែលគ្រប់គ្នាបានទន្ទឹងរង់ចាំជាយូរមកហើយ។ រៀបចំព្រឹត្តិការណ៍ ជាមោទនភាពធំបំផុតសម្រាប់បារាំង ដែលបានចំណាយថវិកាសន្ធឹកសន្ធាប់ នៅក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិញ្ញាសាកីឡាអូឡាំពិក។ ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាអូឡាំពិកលើកទី៣៣ បារាំងមិនត្រឹមមានឱកាសទាក់ទាញភ្ញៀវទេសចរ ឲ្យមកចាប់អារម្មណ៍ទស្សនាមើលសំណង់សា្ថបត្យកម្មរបស់បារាំងតែប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដែលបារាំង បង្ហាញស្នាដៃ ការច្នៃប្រឌិតប៉ិនប្រសប់របស់ខ្លួន ដែលចេះបង្កើតរៀបចំកីឡាអូឡាំពិក ដោយមិនខ្ជះខ្ជាយលុយរដ្ឋ ពោលគឺលុយរបស់ប្រជាជនបារាំងដែលជាអ្នកបង់ពន្ធ។

កន្លែងប្រកួតបាល់ទះលើឆ្នេរខ្សាច់ ជាសំណង់ចេញពីគ្រោងឆ្អឹងដែកដែលត្រូវបានសាងសង់ឡើងជាពិសេស ព្រោះវាស្ថិតនៅជើងអគារដែក តួអេហ្វែលតែម្តង។ អ្នកចូលទស្សនាមើលការប្រកួតបាល់ទះលើខ្សាច់នឹងមានឱកាសច្រើនដើម្បីគយគន់អគារដ៏ល្បីល្បាញរបស់បារាំងមួយនេះ។ ក្រៅពីកន្លែងប្រកួតបាល់ទះនៅជើងអគារតួអេហ្វែល ដែលអាចមានសមត្ថភាពទទួលដាក់ទស្សនិកជនដល់ទៅ ១ម៉ឺន៣ពាន់នាក់ អាជ្ញាធរបារាំងបានបង្កើតសំណង់បណ្តោះអាសន្នជាច្រើនទៀត នៅតាមទីវាល សួនច្បារ ឬនៅក្នុងសំណង់ប្រវត្តិសាស្រ្ត ដែលជាគោលដៅរបស់អ្នកទេសចរ ដូចជា Grand Palais ទីលាន Concord ជាដើម។ ការរៀបចំដំឡើងកន្លែងប្រកួតបណ្តោះអាសន្ន កណ្តាលក្រុងប៉ារីស អមទឹកទន្លេសែន នៅកណ្តាលវាល ភាគច្រើន ទើបមានជាលើកទី១នៅក្នុងប្រវត្តិសាស្រ្តកីឡាអូឡាំពិក។

វិធីសាស្រ្តនេះមិនត្រឹមអនុញ្ញាតឲ្យបារាំងចំណេញទាក់ទាញភ្ញៀវទេសចរដែលនឹងកោតសរសើរសំណង់ស្ថាបត្យកម្ម សិល្បៈ ច្នៃប្រឌិតរបស់បារាំង តែប៉ុណ្ណោះទេ ប៉ុន្តែ វាជួយឲ្យបារាំងជាម្ចាស់ផ្ទះកាត់បន្ថយចំណាយច្រើនដើម្បីរៀបចំព្រឹត្តិការណ៍អូឡាំពិកដែលរហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសម្ចាស់ផ្ទះអ្នករៀបចំ ខាតច្រើនជាងចំណេញ។

ជាក់ស្តែង ដើម្បីទទួលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកដ៏ពិសេសដែលបារាំងធ្លាប់បានរៀបចំម្តង កាលពី១០០ឆ្នាំមុន បារាំងចំណាយថវិកាប្រមាណ១១ពាន់លានអឺរ៉ូ ដែលនៅក្នុងនោះ ជាង៤ពាន់លានអឺរ៉ូសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់សម្រាប់ការប្រកួតវិញ្ញាសារកីឡាអូឡាំពិក។ ជាការចំណាយតិចជាងការគ្រោងទុក និងតិចជាងការរៀបចំកីឡាអូឡាំពិកមុនៗ។ កីឡាអូឡាំពិកនៅអាត្លង់តាឆ្នាំ១៩៩៩នៅ សហរដ្ឋអាមេរិកមាខ្ទង់ចំណាយ១៩ពាន់លានដុល្លារ។នៅឆ្នាំ២០០៨ ចិនបានចំណាយ៥០ពាន់លានដុល្លារដើម្បីរៀបចំកីឡាអូឡាំពិក ចំណែកកីឡាអូឡាំពិក កាលពី៤ឆ្នាំមុន បានធ្វើឲ្យជប៉ុនបង់ប្រាក់ពីហោប៉ៅប្រមាណ៣០ពាន់លានដុល្លារ។

ហេតុអ្វីបារាំងចាយលុយតិចជាងគេ? ចម្លើយដ៏សាមញ្ញ គឺបារាំងប្រើប្រាស់សំណង់កីឡា ចាស់ៗ តាមរយៈការជួសជុលជាជាងចំណាយប្រាក់សង់អគារថ្មីសន្លាង។ សំណង់បណ្តោះ អាសន្នដូចជានៅជាប់ជើងអគារតួអេហ្វែលជាឧទាហរណ៍ស្រាប់ដែលបង្ហាញពីគំនិតច្នៃប្រឌិតរបស់បារាំង។

មួយវិញទៀត នៅក្នុងចំណោមទីតាំងប្រកួតសរុប៣០កន្លែង ដែលនៅក្នុងនោះ ២៤កន្លែងនៅទីក្រុងប៉ារីស និងតំបន់ជុំវិញក្រុង មានតែទីតាំងពីរកន្លែងប៉ុណ្ណោះដែលជាសំណង់ថ្មីសន្លាងនោះ គឺស្តាតហែលទឹក le Centre Aquatique Olympique នៅជាយក្រុងប៉ារីស និងArena Porte de la Chapelle។ សំណង់ថ្មីទំនើប និងគោរពបរិស្ថាន មានតម្លៃសាងសង់៩៥លានអឺរ៉ូ សម្រាប់ការប្រកួតវាយសី និងអត្តពលិកម្ម។ នៅក្រោយចប់ព្រឹត្តិការណ៍អូឡាំពិក សំណង់ថ្មីសន្លាងទាំងពីរដូចជាស្តាតហែលទឹក និងកន្លែងប្រកួតកីឡាវាយសី រួមទាំងភូមិអូឡាំពិកផង នឹងត្រូវគេប្រើជាប្រយោជន៍សម្រាប់ប្រជាជននៅជាយក្រុងដែលរហូតមកដល់សព្វថ្ងៃនេះ កំពុងប្រឈមនឹងការខ្វះហេដ្ឋារចនាសម្ព័ន្ធកីឡា៕

ដកស្រង់ពី៖ thmeythmey