ខេត្តព្រះសីហនុ ទទួលបានទេសចរជិត៣លាននាក់ ក្នុងឆមាសទី១

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤ ខេត្តព្រះសីហនុ ទទួលបាន ភ្ញៀវទេសចរទៅកម្សាន្ត ចំនួន២,៨លាននាក់ ក្នុងនោះទេសចរជាតិ មាន ២,៦លាននាក់ និងទេសចរបរទេសជាង២០ម៉ឺននាក់។ នេះបើតាមការចេញផ្សាយ របស់រដ្ឋបាលខេត្តព្រះសីហនុ។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជួបជាមួយលោកស្រី ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា កាលពីថ្ងៃទី ២៩ ខែកក្កដា។ ក្នុងជំនួបនេះ អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា វិស័យទេសចរណ៍ ជាស្នូលដ៏សំខាន់មួយនៃខេត្តឆ្នេរសមុទ្រទាំង ៤ មានខេត្ត កំពត កែប កោះកុង និង ព្រះសីហនុ ដែលឆ្នេរកម្ពុជាត្រូវបានដាក់ជាឆ្នេរ ស្អាតជាងគេនៅលើពិភពលោក។

ខេត្តជាប់មាត់សមុទ្រមួយនេះ មាន១១១ ភូមិ, ៣២កោះ, ឆ្នេរសមុទ្រប្រវែង ១៧៥ គីឡូម៉ែត្រ ឧទ្យានជាតិលើគោក និងឧទ្យានជាតិបាតសមុទ្រ។ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ភ្ញៀទេសចរ ដែលមកកម្សាន្តនៅក្នុងខេត្ត មាន២,៨លាននាក់ ដោយក្នុងនោះភ្ញៀវបរទេសមានជាង ២០ម៉ឺននាក់។ បើតាមលោក ម៉ាង ស៊ីណេត ទេសចរអន្តរជាតិ ពិសេសអ្នកទេសចរមកពីអឺរ៉ុប ដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ភាគច្រើននិយមទៅកម្សាន្តនៅកោះ ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះនៅបាតសមុទ្រ។

ជុំវិញសក្តានុពលនៃវិស័យទេសចរណ៍នៅខេត្តព្រះសីហនុនេះ លោកស្រីឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានលើកឡើងថា នឹងជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងសក្តានុពលវិនិយោគរបស់ខេត្តមួយនេះ ទៅកាន់អ្នកវិនិយោគ និងអ្នកទេសចរសិង្ហបុរីបន្ថែមទៀត។

កម្ពុជា-សិង្ហបុរី នឹងប្រារព្ធខួបលើកទី ៥៩ នៃទំនាក់ទំនងការទូត នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ៕

ដកស្រង់ពី៖ thmeythmey

v