តំបន់​អង្គរ ត្រូវ​បាន​ទទួលស្គាល​ថា «​ជា​តំបន់​បេតិកភណ្ឌ​មានជីវិត​»

អ្នកជំនាញខាងអភិរក្សប្រាសាទបុរាណកម្ពុជា បានអះអាងថា តំបន់រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌពិភពលោក ដែលផ្ទៃក្រឡាធំជាងគេ និងមានប្រជាជនរស់នៅច្រើនជាងគេ និងបានប្រសិទ្ធនាមថា ជាតំបន់បេតិកភណ្ឌមានជីវិត ព្រោះមានការរស់នៅប្រជាពលរដ្ឋ និងបានថែរក្សាជំនឿ ប្រពៃណី ទំនៀមទំលាប់របស់ពួកគេជាមួយនឹងប្រាសាទ ។

ការអះអាងនេះ គឺបានធ្វើឡើងដោយអ្នកជំនាញកម្ពុជា បន្ទាប់ពីវិលត្រឡប់មកពីកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានរៀបចំនៅទីក្រុងញូដេលី សាធារណរដ្ឋឥណ្ឌា កាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺជាយន្តការដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យតាមដានការអនុវត្តការងារអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌរបស់ប្រទេសសមាជិក និងដើម្បីធ្វើការពិនិត្យវាយតម្លៃលើសំណើរបស់ប្រទេសនានា ដែលបានស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោកថ្មីៗផងដែរ។

យោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំនៅទីក្រុងញូដេលី ប្រទេសកម្ពុជា បានគោរពអនុវត្តត្រឹមត្រូវតាមបទដ្ឋានគតិយុត្តនានាជាអន្តរជាតិ និងអនុវត្តតាមលក្ខខណ្ឌតម្រូវនានារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។ លោកបានបន្តថា នៅក្នុងកិច្ចប្រជុំនោះ លោកស្រី អូដ្រេ អាហ្សូឡៃ (Audrey Azoulay) អគ្គនាយិកាអង្គការយូណេស្កូ បានលើកឡើងថា យន្តការអនុវត្តរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ គឺជាយន្តការគំរូមួយសម្រាប់កិច្ចអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដែលមកដល់ពេលនេះ យន្តការ ICC Angkor មានអាយុកាល៣០ឆ្នាំ និងបានបន្តរយៈពេល១០ឆ្នាំទៅមុខទៀត។ តំបន់រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌពិភពលោក ដែលផ្ទៃក្រឡាប្រមាណជា ៤០០ គីឡូម៉ែត្រការ៉េ មានប្រាសាទបុរាណ ដែលសាងសង់នៅចន្លោះសតវត្សរ៍ទី៩ ដល់១៣ ដែលមានប្រមាណជាជាង៩០ប្រាសាទ។

ដកស្រង់ពី៖កោះសន្តិភាព