ចិនចង់ផ្តោត​អាទិភាព​​ទៅលើវិស័យ​ទេសចរណ៍ ដើម្បី​​លើក​កំពស់​សេដ្ឋកិច្ច​​វិស័យ​សេវាកម្

ចិនចង់ផ្តោតអាទិភាពទៅលើវិស័យទេសចរណ៍ ដើម្បីផ្តល់សន្ទុះសេដ្ឋកិច្ចក្នុងវិស័យសេវាកម្ម។ នេះបើផ្អែកតាមផែនការការងារ ដាក់ចុះដោយក្រុមប្រឹក្សារដ្ឋចិន ដែលចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៦សីហា។ គួរកត់សម្គាល់ថា សេដ្ឋកិច្ចចិនបានជួបការលំបាក តាំងតែពីចប់វិបត្តិកូវីដ-១៩។ បើទោះបីជាការនាំចេញបានងើបឡើងបន្តិចវិញ តែការចាយវាយក្នុងស្រុក ហាក់ដូចជាមិនស្ទុះ ធ្វើឲ្យវិស័យសេវាកម្មបាត់បង់ចំណូល។

តាមរយៈផែនការការងារដាក់ចុះដោយក្រុមប្រឹក្សារដ្ឋចិន កាលពីថ្ងៃទី៦ សីហា ចិនចង់កំណត់កម្មវត្ថុយុទ្ធសាស្ត្រថ្មីៗ ដើម្បីដាស់សេដ្ឋកិច្ចឲ្យងើបស្ទុះឡើង។ សាររបស់ក្រុមប្រឹក្សារដ្ឋចិន គឺមានខ្លឹមសារច្បាស់ថា សេដ្ឋកិច្ចចិនបានដើរដល់ “ដំណាក់កាលចាស់ទុំហើយ”។ ដូច្នេះ ដល់ពេលហើយ ដែលចិនត្រូវតែពង្រីកចំណែកចូលរួម នៃវិស័យសេវាកម្ម នៅក្នុងសេដ្ឋកិច្ចចិន។

ដើម្បីសម្រេចទិសដៅនេះ ក្រុមប្រឹក្សារដ្ឋចិន បានបំផុសកម្មវត្ថុថា ចិនត្រូវតែផ្តល់អាទិភាពដល់វិស័យទេសចរណ៍។ ផ្នែកទីមួយ គឺទេសចរណ៍ក្នុងស្រុក។ មានន័យថា អាជ្ញាធរចិន គ្រប់ជាន់ថ្នាក់ ត្រូវប្រឹងអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍ សម្រាប់ប្រជាជនចិនក្នុងស្រុក តួយ៉ាងដូចជា វិស័យកប៉ាល់ទេសចរណ៍ប្រណិត ឬក៏វិស័យទេសចរណ៍បោះតង់ និងរថយន្ត ចល័តការ៉ាវ៉ានជាដើម។

មួយផ្នែកទៀត គឺចិននឹងផ្តោតអាទិភាពទៅលើទេសចរណ៍បរទេស។ ក្នុងទិសដៅនេះ ចិននឹងពង្រីកបន្ថែម ឲ្យបានលឿនបំផុត នូវចំនួនជើងហោះហើរពីបរទេស ព្រមទាំងផ្តល់ជូននូវពហុមធ្យោបាយក្នុងការបង់ប្រាក់ ចាយវាយនៅក្នុងប្រទេសចិន។ ចិននឹងពិចារណាផងដែរ ដើម្បីឈានទៅពង្រីកចំនួនប្រទេសបន្ថែមទៀត ដែលមិនតម្រូវឲ្យមានទិដ្ឋាកាចូលប្រទេសចិន។

សូមបញ្ជាក់ថា សេដ្ឋកិច្ចចិនជួបការលំបាកខ្លាំងក្រោយវិបត្តិកូវីដ១៩ ដោយសារតែការចាយវាយក្នុងស្រុកធ្លាក់ចុះ។ ក្រៅពីវិស័យកម្មន្តសាលផលិតនាំចេញ និងវិស័យអចលនទ្រព្យ ដែលមានចំណែកដ៏ធំក្នុងសេដ្ឋកិច្ច វិស័យសេវាកម្មវិញ មានចំណែកតិតតួចបំផុត។

ក្នុងរវាង៦ខែ ដើមឆ្នាំ២០២៤នេះ មានទេសចរបរទេសចំនួនប្រមាណ ១៤លាននាក់ បានធ្វើដំណើរទៅចិន។ ចំនួននេះ មានការកើនឡើងប្រមាណ ១៥២,៧% បើប្រៀបធៀបទៅឆ្នាំមុន។ ពាក់កណ្តាលនៃទេសចរទាំងនេះ គឺមិនតម្រូវឲ្យមានទិដ្ឋាការចូលទេ។ គិតត្រឹមពេលបច្ចុប្បន្ននេះ មានប្រទេសតែ១៥ប្រទេសទេ ក្នុងនោះមានបារាំង អាល្លឺម៉ង់ អូស្ត្រាលី ដែលចិន មិនតម្រូវឲ្យមានទិដ្ឋាការចូលទឹកដីចិន រហូតដល់ឆ្នាំ២០២៥។ ផ្អែកតាមគោលនយោបាយថ្មីរបស់ចិននេះ មានន័យថា ចិន អាចនឹងយល់ព្រម លុបទិដ្ឋាការសម្រាប់ទេសចរ មកពីបណ្តាប្រទេសផ្សេងៗទៀត កាន់តែច្រើន៕

ដកស្រង់ពី៖ thmey thmey