ក្រសួងទេសចរណ៍ អំពាវនាវឱ្យប្រតិបត្តិករទេសចរណ៍ចូលរួម ពិព័រណ៍ចិន-អាស៊ាន

ក្រសួងទេសចរណ៍ ជំរុញឱ្យ ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ និងដៃគូពាក់ព័ន្ធ ចូលរួម ពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន នៅប្រទេសចិន នាថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ ដើម្បីភ្ជាប់ទំនាក់ទំនង និងទាក់ទាញភ្ញៀវទេសចរមកកម្ពុជាវិញ។

ក្រសួងទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន ដែលនឹងចាប់ពី២៤ ដល់ថ្ងៃទី២៩ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិគួយលីន ទីក្រុងគួយលីន តំបន់ស្វយ័តគ័ងស៊ី ប្រទេសចិន។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ពិព័រណ៍នេះ រៀបចំឡើងក្រោមសមាហរណកម្មស៊ីជម្រៅនៃវប្បធម៌ និងទេសចរណ៍ រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ។ ពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន នៅប្រទេសចិន នឹងមានការចូលរួមពីបណ្តាក្រុមហ៊ុន នានាជាង៨០០ស្តង់ អ្នកទិញប្រមាណ៥០០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ាន និងអ្នកទស្សនាជាង ៥ ០០០នាក់។

ក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ គ្រប់សមាគមទេសចរណ៍ និងដៃគូពាក់ព័ន្ធចូលរួមក្នុងពិព័រណ៍ឱ្យបានច្រើន ដើម្បីចាប់យកឱកាសក្នុងការលក់កញ្ចប់ ទស្សនកិច្ចទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារចិន និងអន្តរជាតិ។

បើតាមក្រសួងទេសចរណ៍ គោលដៅនៃការចូលរួមក្នុងពិព័រណ៍ទេសចរណ៍នេះ គឺដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ឱ្យទេសចរ និងវិនិយោគិនចិន ព្រមទាំងទេសចរ និងវិនិយោគិនក្នុងតំបន់អាស៊ាន ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។

ការចូលរួមនេះ ក៏ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យ ទេសចរណ៍ រវាងផ្នែករដ្ឋ ឯកជន កម្ពុជា-ចិន និងអាស៊ានបង្កើនការផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជា ឱ្យស្របតាមគំនិតផ្តួចផ្តើមយុទ្ធសាស្ត «បង្កើន៥ អភិវឌ្ឍ៣» របស់ក្រសួងទេសចរណ៍ «ឆ្នាំទស្សនាសៀមរាប ២០២៤» ពិសេសជំរុញ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន»។ នេះបើតាមក្រសួងទេសចរណ៍៕

ដកស្រង់ពី៖ thmeythmey