(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៉ីរ៉ង់ច្រានចោល ក៏ដូចជាថ្កោលទោសយ៉ាងខ្លាំង ចំពោះសារព័ត៌មានអាមេរិក ដែលបានចុះផ្សាយបែបចោទប្រកាន់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីរ៉ង់ មានផែនការធ្វើឃាតអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង ដើម្បីសងសឹកឱ្យវិញ្ញាណក្ខន្ធ អតីតមេទ័ពកំពូលអ៉ីរ៉ង់លោក កាសេម សូឡៃមេនី (Qasem Soleimani)។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២០។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ លោក សាអ៉ីដ ខាទីបហ្សេដេហ៍ (Saeed Khatibzadeh) បានគូសបញ្ជាក់ដូច្នេះថា «យើងសូមណែនាំឱ្យក្រុមមន្ត្រីអាមេរិក បញ្ឈប់ និងបញ្ជៀសជាបន្ទាន់នូវរាល់ការប្រើប្រាស់វិធីសាស្ត្រច្រំដែល និងដ៏គួរឱ្យស្អប់ខ្ពើម ដើម្បីសាបព្រួស គំនិតប្រឆាំងអ៉ីរ៉ង់ នៅលើឆាកអន្តរជាតិ»។
អ្នកនាំពាក្យខាងលើបានបន្ថែមទៀតថា ការចុះផ្សាយរបស់សារព័ត៌មានអាមេរិក គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន ហើយគ្រាន់តែជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងចេតនាកេងចំណេញនយោបាយ ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិក កាន់តែខិតជិតមកដល់តែប៉ុណ្ណោះ។
គួរជម្រាបថា សារព័ត៌មានអាមេរិក Politico បានរាយការណ៍ថា ទីភ្នាក់ងារស៊ើបការណ៍អ៉ីរ៉ង់ កំពុងរៀបចំផែនការសម្លាប់អគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង គឺលោកស្រី ឡាណា ម៉ាកស៍ (Lana Marks) ជាការសងសឹកឱ្យវិញ្ញាណក្ខន្ធអតីតមេទ័ពកំពូលអ៉ីរ៉ង់ លោក Qassem Soleimani ដែលត្រូវបានយន្ដហោះដ្រូនអាមេរិកផ្ដាច់ជីវិត កាលពីខែមករា ដើមឆ្នាំ២០២០។
សារព័ត៌មាន Politico ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីរដ្ឋាភិបាលអាមេរិកពីររូប ដែលបានមើលឃើញ និងបានដឹងពីរបាយការណ៍សម្ងាត់នេះ។ មន្ត្រីអាមេរិកទាំងពីររូបនេះ បានបញ្ជាក់ប្រាប់ Politico ថា ប្រសិនបើផែនការនេះត្រូវបានអនុវត្តតាមការគ្រោងទុក ឬបានសម្រេច នោះវាអាចនឹងបង្កឱ្យសង្រ្គាមរវាងអាមេរិក និងអ៉ីរ៉ង់ផ្ទុះឡើងក៏ថាបាន។
ជុំវិញបញ្ហាខាងលើនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ក៏បានចេញសេចក្តីព្រមានធ្ងន់ៗផងដែរថា សហរដ្ឋអាមេរិកនឹងវាយប្រហារបកទៅលើអ៉ីរ៉ង់វិញ ១,០០០ដង ប្រសិនបើទីក្រុងតេហេរ៉ង់ ហ៊ានបើកការវាយប្រហារណាមួយមកលើសហរដ្ឋអាមេរិក។
លោក ត្រាំ បានគូសបញ្ជាក់នៅក្នុងសារតាម Twitter យ៉ាងដូច្នេះថា «រាល់ការវាយប្រហាររបស់អ៉ីរ៉ង់ គ្រប់ទម្រង់ទាំងអស់ប្រឆាំងនឹងសហរដ្ឋអាមេរិក នឹងត្រូវទទួលរងការវាយប្រហារបកត្រឡប់ទៅវិញ ១,០០០ដងក្នុងទំហំដ៏ធំសម្បើម»៕
2
ដកស្រង់ពី៖ Fresh News