រ៉ាឡេច ៖ មន្ត្រីផ្នែកដឹកជញ្ជូន បាននិយាយថា អ្នកដំណើរ ៤០នាក់ បានទទួលរងរបួស បន្ទាប់ពីរថភ្លើង របស់ក្រុមហ៊ុន Amtrak ដែលសណ្តោងទូរ ជាច្រើនទៀត បានបុកជាមួយនឹង រថយន្ដឹកទំនិញ ស្ថិតនៅរដ្ឋ ណតស៍ ខារ៉ូលីណា សហរដ្ឋអាមេរិក ។
ក្បាលរថភ្លើង ពីរកំណាត់មុខ បានភ្លាត់ធ្លាក់ ចេញពីផ្លូវតែម្តង បណ្តាលឲ្យ មនុស្សជាច្រើន រងរបួសធ្ងន់ រួមទាំងអ្នក បញ្ជារថភ្លើង ។ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅ ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០១៥ នេះថា អ្នករងរបួស ចំនួន២៥នាក់ ត្រូវបានបញ្ជូន ទៅកាន់មជ្ឈមណ្ឌល វេជ្ជសាស្ត្រ ហាលីហ្វាក តាមរថយន្តក្រុង ដើម្បីព្យាបាល និង១៥នាក់ទៀត ត្រូវបានដឹកតាម រថយន្តសង្គ្រោះរបស់ពេទ្យ ក្រោយគ្រោះថ្នាក់កើតឡើង កាលពីល្ងាច ថ្ងៃចន្ទ ទី០៩ ខែមីនា ។
ដោយឡែក អ្នកដំណើរផ្សេងទៀត ចំនួន១៧៣នាក់ នៅលើរថភ្លើង បានបង្ហាញពី អារម្មណ៍តក់ស្លុត ពីគ្រោះថ្នាក់ ដែលអាចគម្រាមកំហែង ដល់អាយុជីវិតនេះ ដូច្នេះ ពួកគេក៏បាន សម្រេចចិត្ត ជិះរថយន្តក្រុង បន្តទៅកាន់ទីក្រុង រីចម៉ុនដ៍ នៃរដ្ឋ វើជីនីញ៉ា វិញ។ តាមសម្តីពីសាក្សី ដែលបានឃើញ ហេតុការណ៍ផ្ទាល់ភ្នែក ឲ្យដឹងថា អ្នកបើករថភ្លើងពេលនោះ ពិតជាពិបាក រកវិធីដើម្បីគេចចេញ ពីគ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះ គេបានលោតចេញ ពីលើរថភ្លើង មុននឹងវាបុករថយន្ត ដឹកទំនិញ ៕
ដកស្រង់ពី ៖ ដើមអម្ពិល